ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ប្រមាណ​​ជាង ៦៥៦ ០០០ ​តោន​ នៅ​ក្នុង​ឆ្នាំ​ ២០២៣ ដោយ​កើន​ឡើង ៣ ​ភាគ​រយ​ ធៀប​នឹង​ឆ្នាំ​ ២០២២ ខណៈ​ប្រាក់​​ទទួលបាន​ចំនួន ៤៦៦​ លាន​ដុល្លារ កើន​ ១៣​ ភាគ​រយ។ នេះបើតាម​របាយ​ការណ៍​របស់​សហ​ព័ន្ធស្រូវ​អង្ករ​កម្ពុជា ​(CRF)។

របាយការណ៍​របស់ CRF ​ឱ្យ​ដឹង​​ថា ​ពេញ​ ១ ​ឆ្នាំ​ ២០២៣ ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន​ ៦៥៦ ៣២៣​ តោនទៅ​ទីផ្សារ​ ​អន្តរ​ជាតិ​តាម​រយៈ​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​ ៦៣ ដោយទៅ​កាន់​គោល​ដៅ​ ៦១ និង​ប្រមូល​​​បាន​​ប្រាក់​​​ជាង ៤៦៦ ​លាន​ដុល្លារ​។ 


ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​ប្រទេស​​ចិន និង​តំបន់​រដ្ឋបាល​ស្វយ័តហុង​​កុង ​ចំនួន ២១២ ៧៥៦​ តោន ​គិត​ជា​​​ប្រាក់​ ១៣៨ ​លាន​ដុល្លារ​, ទៅ​​ប្រទេស​នៅ​ទ្វីបអឺរ៉ុប ​(២៦ ​ប្រទេស​)​ មានបរិមាណ​ ២៦៤ ៦៨៣​ តោន ស្មើ​នឹងប្រាក់ ១៩១​ លាន​ដុល្លារ, ​នាំ​​​ទៅ​​ប្រទេស​សមាជិក​អាស៊ាន​ (ចំនួន​ ៧ ប្រទេស) ៩៣ ៣៧៦ ​តោន គិត​ជា​ប្រាក់​ ៦២​ លាន​ដុល្លារ, ព្រម​ទាំង​​ទៅ​​​គោល​ដៅ​ផ្សេង​ៗ​ទៀត​រួម​មាន​ទ្វីប​អា្រហ្វិក និង​មជ្ឈិម​បូព៌ា (២៦​ ប្រទេស) ​បាន​​ចំនួន ៨៥ ៥០៨​ តោន គិត​ជា​ប្រាក់ ៧៦ ​លាន​ដុល្លារ។

របាយ​ការណ៍​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ប្រភេទ​អង្ករ ដែល​បាន​នាំ​​ចេញ គឺ​​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ៨២,២៩​ ភាគ​រយ, អង្ករស ១២,៩៤​ ភាគ​រយ, អង្ករ​ចំហុយ ២,៩២​ ភាគ​រយ​​ អង្ករ​សរីរាង្គ ១,៦២​ ភាគ​រយ, អង្ករ​ស​គ្រាប់​ខ្លី ០,០៣​ ភាគ​រយ និង​អង្ករ​ដំណើប​ ០,២​ ភាគ​រយ។


ជាមួយ​គ្នា​នេះ​កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ​ចំនួន ៤ ៣៨៧ ៣៦៣ ​តោន ​គិត​ជា​​ប្រាក់​​​ប្រមាណ​ ១,៣២​ ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ ​៦៤ ​ភាគ​រយ​បាន​នាំ​ចេញ​ដោយ​ឆ្លង​កាត់​ការ​ស្នើ​សុំ​ការ​បញ្ជាក់​ឯកសារ​នាំ​ចេញ​​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ការ​នាំ​ចេញ​ស្រូវបាន​​​កើន​ឡើង​​​ចំនួន ២៦,៥០​ ភាគ​រយ និង​ទឹក​ប្រាក់​បាន​ពី​ការ​នាំ​ចេញ​ស្រូវ​​​កើន​ឡើង ៥៦,៦៩​ ភាគ​រយ​ បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២២​។

ដូច្នេះ​ កម្ពុជា​ទទួល​បាន​ប្រាក់​សរុបប្រមាណ​ ១ ៧៨៦​ លាន​ដុល្លារ ពី​ការ​នាំ​ចេញ​អង្ករ​និង​ស្រូវ​ នា​​រយៈពេល ១២ ​ខែ ​ឆ្នាំ​ ២០២៣។

លោក ចាន់ សុឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)​ បានឱ្យដឹង​​ថា កំណើន​ជា​វិជ្ជមាន​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​​ក្នុង​ឆ្នាំ​ ២០២៣ នេះ ​ដោយ​សារ​កម្ពុជា​រក​បាន​ទីផ្សារ​ថ្មីៗ​ជា​បន្ត​បន្ទាប់ ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ទាំង​អាណត្តិ​ទី​៦ និង​អាណត្តិ​ថ្មី ខណៈ​​​មាន​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ​ពី​ផ្នែក​ឯកជន​ក្នុង​វិស័យ​ស្រូវ​អង្ករ។

លោក​​បញ្ជាក់​ថា៖​ «​យើង​នឹង​ខិតខំ​ប្រឹង​ប្រែង​ជួយ​រាជ​​​រដ្ឋាភិ​បាល​សម្រេច​ឱ្យ​បាន​នូវ​គោល​បំណង​នាំ​ចេញ​អង្ករ​ចំនួន​ ១​ លាន​តោន តាម​រយៈ​ការស្វែង​រក​ដៃគូ​ថ្មីៗ​នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​សក្តានុ​ពល​សម្រាប់​ឱ្យ​កម្ពុជា​នាំ​អង្ករ​ចេញ។ យើង​សង្ឃឹម​ថា ទីផ្សារ​ប្រទេសអារ៉ាប់​រួម និង​អា្រហ្វិក គឺ​ជា​ទីផ្សារ​គោល​ដៅ ដែល​អាច​ស្រូប​យក​អង្ករ​ពី​កម្ពុជា​បរិមាណ​ប្រមាណ ១០០ ០០០​ តោន»។

ក្នុង​ពិធី​បិទ​សន្និ​បាត​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជ​កម្ម ​ឆ្នាំ​ ២០២៣ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០២៤ របស់​ក្រសួង​ពាណិជ្ជ​កម្ម លោក​ស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម បាន​លើក​ឡើង​ថា ដើម្បី​ជំរុញ​កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​ ក្រសួង​ពាណិជ្ជ​កម្ម​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ស្តីពី​ពាណិជ្ជ​កម្ម​អង្ករ​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​ទីម័រ​ឡេស្តេ ដោយ​បាន​នាំ​ចេញ​រួច​ហើយ​​ក្នុង​បរិមាណ ៤ ០០០ ​តោន, ហ្វីលីពីន ២ ៣០០ ​តោន, និង​ឥណ្ឌូនេស៊ី ចំនួន ១៥ ០០០​ តោន​។

លោកស្រី​​ឱ្យ​ដឹង​ទៀត​ថា៖‍​ «បច្ចុប្បន្ន​​ក្រសួង​កំពុង​​ពិនិត្យ​ឡើង​វិញ​នូវ​លទ្ធ​​ផល​ដំឡើង​កម្រិត​បរិ​មាណ​នាំ​ចេញ ២០ ​ភាគ​រយ ​ថែម​ទៀត​​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ខណៈ​កន្លង​ទៅ​មាន​ចំនួន ​​៤០​ ម៉ឺន​តោន​រួច​ហើយ។ ក្រសួង​​កំពុង​ពង្រឹង​ទីផ្សារ​ចាស់ និង​ពង្រីក​ទីផ្សារ​ថ្មី​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ថែម​​ទៀត»។

បើ​តាម​លោកស្រី ចម និម្មល ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុង​រៀបចំ​ក្រប​ខ័ណ្ឌ​យុទ្ធសាស្រ្ត​នាំ​ចេញ​អង្ករ ដែល​មាន​ការ​ចូល​រួម​ផ្តល់​យោបល់​ពី​រដ្ឋមន្រ្តី​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​រៀបចំ​ផែនការ​ដាក់​ចេញ​ទៅ​ឱ្យ​ចំ​គោល​ដៅ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន ម៉ាណែត កាល​ពី​​ថ្ងៃ​ទី​ ២ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ បាន​បង្ហោះ​​​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវ​ការ​​​ថា ​«អង្ករ​ខ្មែរ​ជើងដំបូង​»​បាន​ដឹក​ទៅ​ដល់​កំពង់​ផែ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ទី​ ២ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់​ពី​ការ​ចរចា​បើក​ទីផ្សារ​បាន​សម្រេច​​ក្នុង​ខែ​សីហា ឆ្នាំ​ ២០២៣។ 

នេះ​ជា​លទ្ធ​ផល​មួយ​ទៀត​​នៃ​កិច្ច​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ចរចា​បើក​ទីផ្សារ និង​ជំរុញ​ការ​នាំ​ចេញ​រហូត​បាន​សម្រេច​ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់​ដឹក​នាំ​កំពូល​រាជរដ្ឋាភិបាល​ និង​ការ​ចូល​រួម​ពី​សំណាក់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​រាប់​ចាប់​តាំង​ពី​ក្រសួង​កសិ​កម្ម ក្រសួង​ពាណិជ្ជ​កម្ម អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​ដូច​ជា​វិស័យ​ឯក​ជន​ជា​ដៃគូ គឺ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា​៖​ «​កិច្ច​ខំ​ប្រឹង​ប្រែង​ទាំង​អស់​នេះ ធ្វើ​ឡើង​ស្រប​ទៅ​តាម​គោល​នយោ​បាយ​បញ្ច​កោណ​ដំណាក់​កាល​ទី១ ផ្ដោត​លើ​​ការ​លើក​ស្ទួយ​កសិកម្ម និង​ការអភិវឌ្ឍ​ជន​បទ ដែល​ផ្ដោត​លើ​ការ​បន្ត​ពង្រឹង​តួនាទី និង​ការ​អភិវឌ្ឍ​វិស័យ​កសិ​កម្ម​ឱ្យ​ទំនើប សម្បូរ​បែប និង​មាន​ភាព​ធន់ ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជន​បទ សំដៅ​ធានា​សន្តិ​សុខ និងសុវត្ថិ​ភាព​ស្បៀង, បង្កើន​តម្លៃ​បន្ថែម​ខ្ពស់, ជំរុញ​ភាព​ប្រកួត​ប្រជែង និង​លើកកម្ពស់​គុណ​ភាព​ជីវ​ភាព​ប្រជា​ជន​នៅ​ទី​ជនបទ»៕​