ភ្នំពេញៈ ប្រាក់​ចំណូល​មធ្យម​របស់​ប្រជាជន​ខ្មែរ​ម្នាក់​ៗ​ក្នុង​ឆ្នាំ ​២០២៤ នេះ​ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​ប្រមាណ​ជាង ២​ ពាន់​​ដុល្លារ កើន​​ជាង ៨​ ភាគ​រយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២៣ ខណៈ​កំណើន​សេដ្ឋកិច្ច​នឹង​សម្រេច​បាននៅ​ក្នុង​រង្វង់ ៦,៦ ​ភាគ​រយ។​ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ឯកសារ​ថវិកា​សង្ខេប​ប្រចាំ​ឆ្នាំ​​ ២០​២៤​ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបង្ហាញ​​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ត្រូវ​បាន​ព្យាករ​នឹង​ងើប​ឡើង​ហើយ​រំពឹង​ថា នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៦,៦ ​ភាគ​រយ ​ដែល​នឹង​ធ្វើ​ឱ្យ​ផលិត​ផល​ក្នុងស្រុក​សរុប​ (ផសស) ​ថ្លៃ​បច្ចុប្បន្ន​​ស្ថិត​នៅក្នុង​រង្វង់ ១៤ ២៩៥៧​ ប៊ី​លាន​រៀល​ (ស្មើ​​ ​៣៥ ១៦៨​ លាន​ដុល្លារ​អាមេរិក)។


សម្រាប់ ផសស មនុស្ស​ម្នាក់ៗ​ត្រូវ​រំពឹង​​នឹង​កើន​ដល់ ២ ០៧១​ ដុល្លារ​ពី​ចំនួន​ប៉ាន់​ស្មាន ១ ៩១៧ ដុល្លារ ​ក្នុងឆ្នាំ​ ២០២៣ ខណៈកាល​​ពី​​ឆ្នាំ​ ២០២២ មាន​ចំនួន ១ ៧​៨​​៤​​​ ដុល្លារ​។

សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការព្យាករកំណើន​​ប្រាក់​​ចំណូល​របស់​ប្រជាជន​ខ្មែរ ​គឺ​​​ធ្វើ​ឡើង​ ដោយ​អ្នក​ជំនាញ​ដោយ​មាន​ការអង្កេត​ និង​សិក្សា​ច្បាស់​លាស់ ខណៈ​បច្ចុប្បន្ន​គេ​ក៏​សង្កេត​ឃើញ​មាន​លំហូរ​ចូល​កាន់​តែ​ច្រើន​នៃ​ការ​វិនិយោគ​​លើ​គ្រប់​វិស័យ​។


នៅ​ពេល​​សង្គម​ និង​សេដ្ឋ​កិច្ច​ក្នុង​ស្រុក​មាន​ដំណើរ​ទៅ​មុខ​ល្អ កម្រិត​ប្រាក់​ចំណូល​មធ្យម​របស់​ប្រជាជន​ម្នាក់​ៗ​នឹងកើន​ឡើង​​។

លោក​ប្រាប់​ទៀត​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​គុណភាព​រស់​នៅ និង​ប្រាក់​ចំណូល​របស់​ប្រជាជន គឺ​កំពុង​ផ្តល់​នូវ​ពន្លឺ​ជា​បន្ត​បន្ទាប់។

ជាក់ស្តែង​ចំនួន​ទឹក​ប្រាក់​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ក្នុង​រយៈ​ពេល​ជិត ១​ ឆ្នាំ​ ២០២៣ កន្លង​មក​ពី​មាន​ភាព​វិជ្ជមាន ខណៈ​សេដ្ឋកិច្ច​ពិភព​លោក​នៅ​មិន​ទាន់​មាន​ដំណើរការ​ល្អ​នៅ​ឡើយ​នោះ។

លោក​បន្ត​​​​ថា៖​ «​ខ្ញុំ​មាន​សុទិដ្ឋិ​និយម​ចំពោះ​ការ​បោះ​ជំហាន​ទៅ​មុខ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​​ជា​បន្ត​បន្ទាប់​នៅក្នុង​រយៈ​ពេល​ជាង ២​ ទសវត្សរ៍​កន្លង​មក​នេះ​»។ 

លោក​បាន​បញ្ជាក់​ថា៖​ «​កម្ពុជា​នឹង​អាច​សម្រេច​បាន​តាម​ការ​ព្យាករ»។ ទោះ​ជាយ៉ាង​ណា លោក​ក៏​​​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ត្រូវ​​​ខិតខំ​​បន្ថែម​ទៀត​ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​បាន​​នូវ​ចក្ខុ​វិស័យ​ឆ្នាំ ​២០៣០ និង​ ២០៥០ របស់​ខ្លួន​​កាន់​តែ​លឿន តាម​រយៈ​ការទាក់​ទាញ​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ឱ្យ​​មក​បណ្តាក់​ទុន​ផ្ទាល់ និង​តាម​រយៈ​ការ​ពង្រឹង និង​ពង្រីក​ទីផ្សារ​នាំ​ចេញ​ឱ្យ​បាន​កាន់​តែ​ច្រើន​។​

អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​ពិធី​មីទ្ទីង​​រំឭក​ខួប​លើក​ទី៤៥ ទិវា​ជ័យ​ជម្នះ ៧ មករា កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​មករា ឆ្នាំ​ ២០២៤ បាន​លើក​ឡើង​ថា កម្ពុជា​ដែល​ពី​មុន​កើត​មាន​សង្គ្រាម​មិន​ចេះ​ចប់ និង​ជា​ទឹក​ដី​នៃ​វាល​ពិឃាត​ដ៏​យង់​ឃ្នង​បំផុត បាន​ប្រែ​ក្លាយ​​ជា​ទឹកដី​ដ៏​ស្រស់​បំព្រង​ប្រកប​ដោយ​សន្តិ​ភាព សេរី​ភាព ប្រជា​ធិប​តេយ្យ និង​នីតិរដ្ឋ ប្រជាជន​បាន​ធ្វើ​ជា​ម្ចាស់​លើ​ជោគ​វាសនា​របស់​ខ្លួន ហើយ​កំពុង​រស់​នៅ​យ៉ាង​សុខ​សាន្ត សុខ​ដុមរ​មនា​ទាំង​ក្នុង​គ្រួសារ នៅក្នុង​សហគមន៍ និង​សង្គម​ជាតិ​ទាំង​មូល។ 

លោក​បាន​បន្ត​​ថា រដ្ឋាភិបាល​នីតិកាល​ទី៧ បាន​និង​កំពុង​អនុវត្ត​ភារកិច្ចរបស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​​ចំពោះ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ ដើម្បី​ថែរក្សា ពូនជ្រំ​រាល់​សមិទ្ធផល​ជាតិ ជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​សំដៅ​ធ្វើ​ឱ្យ​កម្ពុជា​ប្រែ​ក្លាយ​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​កសាង​មូលដ្ឋាន​ឆ្ពោះទៅ​​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។​

លោក​​​ថ្លែង​ថា៖​ «កម្ពុជា​ដែល​ខឿន​សេដ្ឋ​កិច្ច សង្គម ត្រូវ​បំផ្លាញខ្ទេចខ្ទីដល់​ឫស​គល់ បាន​ក្លាយ​ជា​ទឹកដី​ដែលមាន​​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ប្រកប​ដោយ​​ចីរ​ភាព និង​សមធម៌ ហើយ​បាន​ចេញ​ផុត​ពី​ប្រទេស​មាន​ចំណូល​ទាប ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ធ្វើ​ឱ្យ​ប្រជាជន​មាន​ជីវ​ភាព​កាន់​តែ​ប្រសើរ​ឡើង និង​មាន​ក្តី​សង្ឃឹម​ចំពោះ​អនា​គត»។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល ១១ ខែ ​​ដើម​ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​​ក្នុង​ទឹក​ប្រាក់​សរុប ២០,៤៩ ​ពាន់​លាន​ដុល្លារ កើន​ ១,២ ​ភាគ​រយ ​ពី​ចំនួន​ ២០,២៤​ ពាន់​លាន​ដុល្លារនា​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​​ទំនិញ​ ដែល​កម្ពុជា​នាំ​ចូលពី​ក្រៅ​ប្រទេស​ មាន​ចំនួន ២២​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ៥,៤ ​ភាគ​រយ​ពី​ ២៣,២៧​ ពាន់​លាន​ដុល្លារ​។ 

ផ្អែក​តាម​ទិន្នន័យ គឺ​​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា មាន​ទឹក​ប្រាក់​សរុប​ ៤២,៥​ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ២,៣ ​ភាគ​រយ​ ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២ ដែល​មាន​ ៤៣,៥១​ ពាន់​លាន​ដុល្លារ​៕