ភ្នំពេញៈ ចេកស្រស់ប្រមាណជា ២៩ ម៉ឺនតោន ត្រូវបានកម្ពុជាធ្វើការនាំចេញទៅក្រៅប្រទេសក្នុងឆ្នាំ ២០២៣ កន្លងមក ដោយមានការធ្លាក់ចុះប្រមាណជាង ២១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខាលឈ័រ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ការធ្លាក់ចុះនៃបរិមាណនាំចេញចេកក្នុងឆ្នាំ២០២៣នោះ មិនមែនដោយសារតែតម្រូវការទីផ្សារទេ តែបញ្ហានេះកើតឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ។
លោក ហ៊ុន ឡាក់ បានប្រាប់ថា របាយការណ៍ដែលបានបង្ហាញថា ការនាំចេញចេកទៅក្រៅប្រទេសមានការធ្លាក់ចុះនេះ ពិតជាត្រឹមត្រូវហើយ ព្រោះថាក្រុមហ៊ុនរបស់លោកបាននាំចេញចេកទៅកាន់ប្រទេសចិនថយចុះមែន ដែលបញ្ហានេះកើតឡើងដោយសារតែទិន្នផលដែលប្រមូលក្នុងឆ្នាំ២០២៣ មានការថយចុះ បើធៀបនឹងឆ្នាំ២០២២។
លោកបាននិយាយដូច្នេះថា៖«តម្រូវការទីផ្សារនៅតែមាន ហើយតម្លៃវិញក៏ល្អដែរ តែទិន្នផលវិញថយចុះដោយសារតែកត្តាអាកាសធាតុ និងបញ្ហាបច្ចេកទេស ជាពិសេសចម្ការធំៗ រងឥទ្ធិពលច្រើនពីបញ្ហានេះ។ ចម្ការរធំៗ មានបញ្ហាបច្ចេកទេស និងការផ្តល់ធាតុចូលកសិកម្ម ដោយសារតែការប្រែប្រួលអាកាសធាតុ»។
លោក ហ៊ុន ឡាក់ បានបន្ថែមថា នៅពេលដែលមានការប្រែប្រួលអាកាសធាតុ ជាពិសេសការរងផលប៉ះពាល់ពីបាតុភូតអែលនីណូ (គ្រោះរាំងស្ងួតអូសបន្លាយ) ដែលនាំឱ្យដីសំណើម ដោយសារខ្វះទឹក កើតសត្វល្អិតចង្រៃច្រើនធ្វើឱ្យការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតមិនសូវមានប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា ៖ «ថយនេះ គឺដោយសារទិន្នផលទេ មិនមែនដោយសារតែទីផ្សារឡើយ។ចំណែកតម្លៃដឹកជញ្ជូនវិញក៏សមរម្យ ខណៈដែលការចំណាយផ្សេងៗក៏មិនអស់ច្រើនដែរ។និយាយជារួម នាពេលខាងមុខ បម្រែបម្រួលអាកាសធាតុនេះកាន់តែមានបញ្ហាធ្វើឱ្យវិស័យកសិកម្មខាងផលិតផលផ្ទាល់ កាន់តែមានការប្រឈមខ្លាំង។ម្ល៉ោះហើយបានជាធ្វើឱ្យមានការអន្តរាគមន៍ជាសកល ដោយសារបញ្ហានេះ មិនត្រឹមតែនៅកម្ពុជាទេ គឺនៅទូទាំងពិភពលោក»។
លោកបានបន្តថា ចេកអំបូងលឿង ដែលកម្ពុជា បាននិងកំពុងនាំចេញ ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ ជាពូជចេកម្យ៉ាង ដែលមានលក្ខណពិសេសជាងចេកដទៃទៀត ដោយចេកប្រភេទនេះ មានរសជាតិឆ្ងាញ់ជាងចេកដទៃទៀត ហើយមិនអាចទុកទុំនៅលើដើមបានទេ តម្រូវឱ្យបេះពេលនៅខៀវចាស់ និងអាចដឹកជញ្ជូនបានឆ្ងាយ ព្រោះអាចទុកបានរហូតដល់ជិត២ខែឯណោះ។
បើតាម លោក ហ៊ុន ឡាក់ កត្តាសំខាន់មួយទៀតនោះ គឺតម្លៃទីផ្សារចេកស្រស់ហាក់មិនសូវមានលំនឹង ដែលបណ្តាលមកពីបញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចសកល រួមទាំងប្រទេសចិន ដែលជាប្រទេសប្រមូលទិញផ្លែចេកស្រស់ច្រើនជាងគេពីប្រទេសក្នុងតំបន់អាស៊ាន។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកញ្ញា អ៊ឹម រចនា ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ចេកស្រស់របស់កម្ពុជាប្រមាណជាង៩០ភាគរយ រួមទាំងដំណាំសក្តានុពលរបស់កម្ពុជាមួយចំនួន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈដំណាំកសិកម្មដទៃទៀត ចិននិងកម្ពុជា បន្តពិភាក្សាក្នុងនាំចេញបន្ថែម។
កញ្ញាបានបញ្ជាក់ថា ៖ «ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជាយើង មិនត្រឹមតែសម្រាប់ចេកស្រស់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អង្ករ ដំឡូងមី ស្វាយ ជាដើមទៀតផង។ ការនាំចេញផ្លែចេក និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា»។
ទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកើតឡើងដោយសារតែបាតុភូត អែលនីណូវិញ កញ្ញាបានប្រាប់ថា ក្រសួង ក៏បាននិងកំពុងជំរុញដល់គ្រប់អង្គភាពជំនាញទាំងអស់ ជាពិសេសមន្ទីរកសិកម្មរាជធានីខេត្ត ឱ្យយកចិត្តទុកដាក់ គិតគូរការចុះទៅអន្តរាគមន៍ទាន់ពេលវេលាក្នុងការស្ដារការប៉ះពាល់និងខូចខាត ដោយការរាតត្បាត ដោយសមាសភាពចង្រៃការកើតជំងឺផ្សេងៗលើដំណាំកសិកម្មគ្រប់ប្រភេទ មិនត្រឹមតែចេកប៉ុណ្ណោះទេ។
បើតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីដាំដុះចេក ប្រមាណជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១១ពាន់ហិកតា នៅក្នុងឆ្នាំ២០២២ និងអាចមានការកើនឡើងតិចតួច ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម កំពង់ស្ពឺជាដើម៕