ភ្នំពេញៈ ក្រុមហ៊ុន Cart Tire Co., Ltd. ដែលមាន​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​នៅក្នុង​ខេត្តស្វាយរៀង កំពុងមាន​ផែនការ​ចង់​ពង្រីក​ការវិនិយោគ​របស់ខ្លួន​បន្ថែម​នៅក្នុង​ប្រទេស​​កម្ពុជា ដោយ​បង្កើន​ដើមទុន​ឱ្យ​ឡើងដល់​ប្រមាណ ៧០០​​ លាន​ដុល្លារ ​ដើម្បី​បង្កើន​សមត្ថភាព​ផលិត និង​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​នាពេលខាងមុខ​។​

​បើតាម​គេហទំព័រ https://propertyarea.asia ក្នុង​ដំណើរ​ទស្សន​កិច្ច​គោះទ្វារ​អ្នកវិនិយោគ​ចិន​ឱ្យមក​កម្ពុជា នៅ​ក្រុង​ឈី​ង​តាវ ខេត្ត​សាន​ដុង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​ ២០២៤ លោក ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​អនុ​ប្រធាន​ទី១​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​ បានធ្វើ​ដំណើរ​ទៅ​ទស្សនា​ក្រុមហ៊ុន​ផលិត​សម្បក​កង់រថយន្ត មួយ​ចំនួន​នៅ​ក្នុងប្រទេស​ចិន។


​ជាមួយគ្នានេះ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ក៏បាន​បង្ហាញ​អំពី​ទិសដៅ​របស់​កម្ពុជា​ដែល​ចង់ឃើញ​មានការ​វិនិយោគ​លើ​វិស័យ​នានា​ច្រើន​នៅ​កម្ពុជា ដែល​នេះ​ស្រប​ទៅ​គោលនយោបាយ​អភិ​​វឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​ ២០១៥-២០២៥ ការខិតខំ​ជំរុញ​ឱ្យ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ​ ២០៥០ ដោយ​ត្រូវ​ប្ដូរ​មក​ប្រើ​ធនធាន​បច្ចេកទេស​ខ្ពស់ ការប្រើប្រាស់​បច្ចេក​វិទ្យា​ជាដើម​។ បន្ថែម​លើ​នេះ លោក​ក៏បាន​ប្រាប់​ភាគី​ចិន​ពី​កត្តា​កម្លាំង​ពល​កម្ម​នៅ​កម្ពុជា ដោយ​បច្ចុប្បន្ន​កម្ពុ​ជាមាន​យុវជន​វ័យក្មេង​អាយុ​ក្រោម ២៥ ឆ្នាំ​ជាង ៦០​ ភាគរយ​ដែល​កត្តា​នេះ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​បន្ថែមទៀត ស្របតាម​គន្លឹះ​អាទិភាព​ផ្លូវ ភ្លើង ទឹក ធនធានមនុស្ស និង​បច្ចេកវិទ្យា​។​

​ក្រុមហ៊ុន Cart Tire Co., Ltd. បាននិងកំពុង​វិនិយោគ​លើ​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត ក្នុង​ខេត្តស្វាយរៀង និង​ជា​ក្រុមហ៊ុន​ផលិត​សម្បក​កង់​យានយន្ត​ដំបូង​គេ​នៅ​កម្ពុជា ក្រោម​ទុនវិនិយោគ​ជាង ៣៥០​ លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​សន្យា​នឹង​ទិញ​ផលិតផល​ជ័រកៅស៊ូ​ក្នុងស្រុក ១០០​ ភាគរយ ក្នុង​សង្វាក់​ការផលិត ពោលគឺ​ប្រមាណ ៥ ​ម៉ឺន​តោន​នៅ​ឆ្នាំ​ដំបូង និង ១៥​ ម៉ឺន​តោន​នៅ ៥ ​ឆ្នាំ​បន្ទាប់​។​


​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ ខែមករា​ថា កត្តា​ស្ថិរ​​ភាព​នយោបាយ ទីតាំង​ភូមិសាស្ត្រ កម្លាំង​ពលកម្ម និង​ច្បាប់​វិនិយោគ​ដែលមាន​លក្ខណៈ​អំណោយផល​បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែច្រើន​ឱ្យ​ចូលមក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​។ នៅពេល​មានការ​វិនិយោគ​ផ្ទាល់​វា​នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​ច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើត​ការងារ ការលើកកម្ពស់​ទីផ្សារ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម និង​បង្កើន​ចំណូល​សម្រាប់​រដ្ឋាភិបាល​ផងដែរ​។​

​ទាក់ទង​នឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Cart Tire Co., Ltd. លោក​ប្រាប់ថា មិនដឹងថា​អ្វីដែល​ក្រុមហ៊ុន​កំពុង​ធ្វើ និង​គ្រោង​ពង្រីក​ផលិតកម្ម​នៅ​កម្ពុជា​នៅពេល​ខាងមុខ គឺ​សម្រាប់​ដាក់បញ្ចូល​ទីផ្សារ​ក្នុងស្រុក ឬ​សម្រាប់តែ​ការនាំចេញ​នោះទេ​។​

​ទោះយ៉ាងណា លោក​បាន​អះអាងថា​៖«​បើ​និយាយ​ទៅ​វត្តមាន​របស់​ក្រុមហ៊ុន​ផលិត​សម្បក​កង់​យានយន្ត​នៅ​កម្ពុជា គឺ​ទើបនឹង​បង្ហាញ​វត្ដ​មាននៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​តែប៉ុណ្ណោះ​។ ប្រសិនបើ​ក្រុមហ៊ុន​អាច​ផលិត និង​ចែកចាយ​ក្នុងស្រុក​គឺជា​ការល្អ​ណាស់ ព្រោះ​ជាការ​លើកកម្ពស់​ផលិតផល​ជាតិ រួមទាំង​ជួយ​បង្កើន​ការ​ដាំ​ដុះ​ដើម​កៅស៊ូ បង្កើត​ការងារ​ដល់់​កសិករ និង​កម្មករ និង​មាន​គុណភាព​លំដាប់​ស្តង់​ដា​អន្តរជាតិ​ផងដែរ​»​។​

​បើតាម​លោក ចាន់​ដា​រ៉ា បច្ចុប្បន្ន​ផលិតផល​សម្បក​កង់​យានយន្ត​ដែល​កំពុង​ប្រើប្រាស់​នៅ​កម្ពុជា​ភាគច្រើន​ត្រូវបាន​នាំចូល​មកពី​ប្រទេស​ចិន ថៃ ម៉ាឡេស៊ី និង​វៀតណាម ជាដើម​។​

​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​លក់​ជ័រកៅស៊ូ​ចំនួន ៣៣៤ ១៧៦​តោន កើន ១១ ៥៩០​ តោន ស្មើនឹង ៤​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ ​២០២២ ចំណែក​ប្រាក់​ដែល​ទទួលបាន ៤៤៥,៤២​ លាន​ដុល្លារ​៕