ភ្នំពេញៈ​ក្រុម​ហ៊ុន CambodiaTienit International Trading គ្រោង​បង្កើន​នាំ​ចេញ​បង្កង​កណ្តូប ​ឬ​ប្រកាំង​ធម្មជាតិ​ទៅ​ទីផ្សារ​ប្រទេស​ចិន​បន្ថែម​ទៀត នៅ​ឆ្នាំ​នេះ ​បន្ទាប់ពី​ឆ្នាំ​២០២៣​ ក្រុម​ហ៊ុន​នាំ​ចេញ​បាន​ជាង​ ១ ​តោន ​ដោយ​សារ​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជា​ជន​ចិន។​

​លោក ​ជា​ គឹម​ឡុង ទីប្រឹក្សា​ក្រុម​ហ៊ុន ​CambodiaTienit International Trading បាន​ប្រាប់​នៅ​ថ្ងៃទី​៧ ​ខែមករា​​ថា នៅ​ឆ្នាំ​២០២៤នេះ ​ក្រុម​ហ៊ុន​នឹង​បង្កើន​ការ​ប្រមូល​ទិញ​បង្កង​កណ្តូប ​ឬ​ប្រកាំង​ធម្ម​ជាតិ​ ដើម្បី​ជំរុញ​ការ​នាំចេ​ញ​​ទៅ​​ទីផ្សារ​ចិន​ឱ្យ​មាន​ការ​កើន​ឡើងថែមទៀត​។​


លោក​បាន​រំឭក​ថា ក្រោយ​ពី​ក្រុមហ៊ុន​បាន​នាំចេ​ញ​បង្កង​កណ្តូ​ប ឬ​ប្រកាំង​ធម្មជាតិ​ ដែល​នៅ​រស់​​បានជិត​១០​លើក​ក្នុង​ឆ្នាំ​២០២៣​កន្ល​ងមក​ ហើយ​ពេលនេះ​ក៏​មានការ​គាំទ្រ​ច្រើន​​ពី​​ប្រជា​ជន​ចិន ខាង​ក្រុម​ហ៊ុន​កំពុង​គិត​គូរ​​បង្កើន​បរិមាណ​នាំ​ចេញ​ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែល​ត្រូវ​មាន​ការ​ដោះ​ស្រាយ​។​

លោក ​ជា គឹម​ឡុង ​បាន​បញ្ជាក់​ថា​៖«​បញ្ហា​ប្រឈម​នោះ​គឺថា ​នៅ​ពេល​ដែល​យើង​នាំ​ចេញ​ទៅ​ជោគ​ជ័យ​ កា​រលក់​កើន​ឡើង ​និង​មាន​តម្រូវ​ការ​ច្រើន​ពី​ខាង​ចិន ប្រជា​នេសាទ​យើង​ បែរ​លក់​ដំឡើង​ថ្លៃ​​ទៅ​វិញ ​ដោយ​ចាប់​តាំងពី​យើង​នាំចេ​ញ​ជាច្រើន​លើក​កាល​ពី​ឆ្នាំ​២០២៣​មក ​តម្លៃ​បង្កង​កណ្តូប​នេះ​បាន​ឡើង​ថ្លៃ​រហូត​។​ ដូច្នេះ​នៅ​ពេល​ឡើ​ងថ្លៃ​ពេក​ វា​អាច​នឹង​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សមត្ថ​ភាព​នៃ​ប្រមូល​ទិញ​របស់​យើង ​ព្រោះ​មិន​ចំណេញ​»​។​


លោក​ថា បញ្ហា​ប្រឈម​មួយ​ទៀត​​គឺ​ដោយ​សារ​បង្កង​ប្រភេទ​នេះ​ជា​ផលិត​ផល​ធម្ម​ជាតិ ​ដូច្នេះក្រុម​ហ៊ុន​ហាក់​មាន​ការ​លំបាក​ទាក់​ទង​នឹង​ការ​ប្រមូល​ទិញ​ពី​ប្រជា​នេសាទ ​ស្រប​ពេល​ដែល​ទីផ្សារ​ចិន​មាន​តម្រូវការ​ខ្ពស់​។​

បើ​តាម​​លោក ​ជា គឹម​ឡុង ក្រុមហ៊ុ​ន​នឹង​នាំ​ចេញ​ផលិតផល​ជល​ផល​សមុទ្រ​ដទៃ​ទៀត​ផង​ដែរ​នា​ពេល​ខាង​មុខ​។​

ចំពោះ​បញ្ហា​ប្រឈម​​ដែលក្រុម​ហ៊ុន ​CambodiaTienit International Trading  លើក​ឡើង​​នេះ​ លោក ​ខូវ គួ​ង អនុ​ប្រធាន​រដ្ឋបាល​ជ​ល​ផលនៃ​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឱ្យដឹ​ង​ថា លោក​ក៏​ទទួល​បាន​ព័ត៌មានពី​ខាង​ក្រុមហ៊ុ​នទាក់ទ​ង​នឹង​ការ​លក់​ឡើង​ថ្លៃ​លើ​ផលិតផល​បង្កង​កណ្តូប​ឬ​​ប្រកាំង​ធម្មជាតិ​នេះដែរ ​ ដោយ​លោក​អះ​អាង​ថា ខាង​រដ្ឋ​បាលជល​ផល​នឹង​ពិនិត្យ​សិក្សា​ឱ្យ​បាន​ច្បាស់​ចំពោះ​បញ្ហា​នេះ​។​

លោក​បានប​ញ្ជាក់​​​ថា​៖«​ប្រសិន​បើ​តម្រូវ​ការ​កើន​ឡើង​ហើយ​ការផ្គ​ត់ផ្គ​ង់​នៅមា​នកម្រិត​បែប​នេះ ​ទីផ្សារ​តែង​មាន​ការឡើង​ថ្លៃ​តិច​តួច​​ដែរ ប៉ុន្តែ​បើបញ្ហា​កើត​ឡើង​ដោយ​សារ​ឈ្មួញក​ណ្តាលក្រឡុក​តម្លៃ​យើង​អាច​នឹង​មាន​វិធានកា​រ​សម្រប​​សម្រួល​មួយ​ចំនួន​ ដើម្បី​ជួយ​ការ​ពារ​កុំឱ្យ​វា​មាន​បញ្ហា​តម្លៃ​នេះ​កើន​ឡើង​ហួស​ហេតុ​»​។​

លោក ​ខូវ ​គួ​ង​ បាន​បន្ត​ថា ការនាំចេ​ញ​បង្កង​កណ្តូប​ ដែល​ជា​ផលិត​ផល​ធម្មជាតិ ​និង​ជា​ប្រភេទ​ជល​ផល​ទឹកប្រៃ​នេះ ​គឺជា​សមិទ្ធ​ផល​ថ្មី​មួយទៀ​ត ​ដែល​បាន​ចូលទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ជា​ផ្លូវ​ការ​ ប៉ុន្តែ​ដោយ​សារតែ​បង្កង​កណ្តូប​ជា​ផលិត​ផល​ធម្មជាតិ​ខាង​រដ្ឋបា​ល​ជល​ផល​ក៏បាន​គិត​គូរ​យ៉ាង​ហ្មត់​ចត់​ដែរ​ ចំពោះ​ការ​នាំចេ​ញ​នេះ​ដើម្បី​រក្សា​និរន្ត​រ​ភាព​នៃ​ផលិត​ផល​ធនធា​នធ​ម្មជាតិ​។​

យោង​តាម​របាយ​ការណ៍​ពី​ក្រសួង​ក​សិកម្ម ​រុក្ខាប្រ​មាញ់ និង​នេសាទ ​បាន​បង្ហាញ​ថា ​នៅក្នុ​ង​ឆ្នាំ​២០២៣​ កន្លង​ទៅ កម្ពុជាបាន​នាំ​ចេញ​ផល​នេសា​ទ​ស្រស់​​នាំចេ​ញ​ចំនួន​ ៣ ៤៤៩​ តោន ​ស្មើនឹ​ង​ ៤៩,២៧ ភាគ​រយនៃផែនការ​ចំនួន ​៧០០០ ​តោន​ ប្រៀប​ធៀប​ឆ្នាំ​២០២២ ​កើន​ឡើង​ចំនួន ​៥៤៧​ តោន​។ ដោយឡែក ផល​នេ​សាទ​កែច្នៃ​​វិញ នាំ​ចេញ​បាន​ចំនួន ​១៨៦ ​តោន​ ស្មើ​នឹង​១៨,៦៣​ ភាគ​រយនៃ​ផែន​ការ​ចំនួន ១០០០​ តោន​ ប្រៀប​ធៀបឆ្នាំ​២០២២ ​កើន​ឡើង​ចំនួន ១៤៥ ​តោន​។​

ដោយ​ឡែក ​ផល​នេសាទ​សមុទ្រ​អនុវ​ត្តបាន​ចំនួន ១២៥ ​៥០០ ​តោន​ ស្មើនឹង​ ៩៦,៥៤​ ភាគ​រយ​នៃផែន​ការ​ចំនួ​ន ១៣
០​០០០ ​តោន​ ប្រៀប​ធៀប​ឆ្នាំ២០២២ ​កើន​ឡើង​ចំនួន ​៣០០​ តោន​។ ក្នុង​នោះ​ការកែ​ច្នៃ​ផល​នេ​សាទ ​ផល​នេ​សាទ​សមុទ្រ​អនុវត្ត​បាន​ចំនួន ​១១ ​២៨០​ តោន ​ស្មើនឹ​ង ១១២,៨០​ ភាគ​រយ​នៃផែន​ការ​ចំនួន ​១០​០០០ តោន ​ហើយបើប្រៀប​ធៀប​នឹងឆ្នាំ​២០២២​ មានការកើន​ឡើង​ចំនួន២០​តោន​៕

រូប សហការី