ភ្នំពេញៈ តំបន់​ឧទ្យាន​ប្រាសាទ​កោះ​កេរ​របស់​កម្ពុជា​ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ បាន​ជាប់​ចំណាត់ថ្នាក់​ទី​​​៣៤ ក្នុងចំណោម​ឧទ្យាន ៥២​ កន្លែង ជា​ទិសដៅ​ទេសចរណ៍​នៅក្នុង​ឆ្នាំ ​២០២៤ សម្រាប់​ភ្ញៀវទេសចរ​ទៅ​ទស្សនា​នា​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​កាសែត​អាមេរិក New York Times​។​

​ប្រាសាទ​កោះ​កេរ ត្រូវបាន​ដាក់បញ្ចូល​ជា​ផ្លូវការ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ក្នុងសម័យ​ប្រជុំ​លើក​ទី​៤៥ នៃ​គណៈ​ក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក ដែល​ធ្វើឡើង​នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត កាល​ពីថ្ងៃ​ទី​ ១៧ កញ្ញា ឆ្នាំ ​២០២៣​។ ប្រាសាទបុរាណ​កោះ​កេរ​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។​យោងតាម​អង្គការ​យូណេស្កូ ទីតាំង​ប្រាសាទ​កោះ​កេរ លាត​​សន្ធឹង​លើ​ផ្ទៃដី​ទំហំ ១ ១៨៧ ហិកតា​។​

​កាសែត New York Times ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ៨ ខែមករា​ ត្រូវបាន​ដក​ស្រង់​សម្តី​ថា​៖ «​សម្រាប់​អ្នក​គ្រប់គ្នា​ដែល​តែង​ផូ​ស្ត​រូប​ឥត​ឈប់​​ឈរ និង​រូបភាព Instagram នៃ​ប្រាសាទអង្គរវត្ត​ក្នុងប្រទេស​​កម្ពុជា ដែលជា​គោលដៅ​ទេស​​ចរណ៍​ដ៏​សំខាន់​មួយ​នៅលើ​ភព​ផែនដី​នេះ​។ ប៉ុន្តែ​ប្រាសាទ​កោះ​កេរ ដែលជា​ប្រាសាទបុរាណ​ចំណាស់​រាប់​សតវត្សរ៍​នៅក្នុង​តំបន់​ក្បែរ​នោះ​ផ្តល់នូវ​ជម្រើស និង​ដំណើរ​ផ្សងព្រេង​ថ្មី​មួយទៀត ដែល​ប្រាសាទ​កោះ​កេរ​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​សតវត្សរ៍​ទី១០ គឺ​ប្រហែល ២​ សតវត្សរ៍​មុន​ប្រាសាទអង្គរវត្ត ដូច្នេះ​ទីក្រុង​ដ៏​ពិសិដ្ឋ​នៃ​កោះ​កេរ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​កាលពី​ឆ្នាំ​ ២០២៣ កន្លងទៅ​។ នេះ​បើ​យោងតាម​កាសែត New York Times ដែល​បាន​ចុះ​ក្នុង​បញ្ជី​នៅ​ថ្ងៃទី ​៨ ខែមករា​។​


​បើតាម​កាសែត New York Times នៅ​ផ្នែក​កណ្ដាល​នៃ​ទីតាំង​នេះ គឺជា​បណ្ដុំ​ប្រាសាទ​ដែលមាន​ទំហំ ៤,៥​ ម៉ា​យល៍​ការ៉េ ពិសេស​ប្រាសាទ​ពីរ៉ាមីត ៧​ ជាន់​ដែល​គេ​ស្គាល់​ថា ជា​ប្រា​សាទ​ធំ រួមជាមួយ​រូបសំណាក ចម្លាក់​ថ្ម ស្រះ​សិប្បនិម្មិត និង​ដើមឈើ​ធំៗ ដែល​ឫស​រប​ស់វា​ដុះ​វណ្ឌ​ជាប់​នឹង​សំណង់​ដែល​បែកបាក់​ជាច្រើន​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​​ស៊ី​ហ្វិ​ក​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​ ៩ ខែមករាថា ប្រាសាទ​កោះ​កេរ គឺជា​ឧទ្យាន​បុរាណ​ដែល​បាន​សាងសង់​ដាច់​ពី​គេ​កាលពី​សតវត្សរ៍​ទី​១០ គឺជា​ទិសដៅ​ទាក់ទាញ​ដ៏​សំខាន់​មួយ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​ស្វែងយល់​អំពី​វប្បធម៌ និង​អរិយធម៌​ដ៏​ចំណាស់ និង​មាន​ភាពសម្បូរ​បែប​របស់​ព្រះរាជាណាចក្រ​​កម្ពុជា​។​


​លោក​ថ្លែងថា​៖ «​ចាប់តាំងពី​ប្រាសាទ ​(​កោះ​កេរ​) ដែល​នៅ​មិន​ឆ្ងាយ​ពី​ប្រាសាទអង្គរវត្ត ភ្ញៀវទេសចរ​អាច​ចំណាយពេល​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ​នៃ​ខេត្ត​​ព្រះវិហារ​ក្នុង​ថ្ងៃ​តែមួយ​។ ពួក​គេ​អាច​ស្នាក់នៅ​ខេត្តព្រះវិហារ ឬ​ខេត្តសៀមរាប​នៅពេល​ល្ងាច​បាន​ផងដែរ​»​។​

​ទោះយ៉ាងណា​ក៏ដោយ លោក​បន្តថា ដោយសារតែ​ប្រាសាទ​កោះ​កេរ ដែល​ទើបតែ​ចុះបញ្ជី​ដោយ​អង្គការ​យូណេស្កូ ចាំបាច់​ត្រូវមាន​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទេសចរណ៍​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុង​លិខិត​អបអរ​សា​ទរ កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣ ជុំវិញ​ការចុះបញ្ជី​ប្រាសាទ​កោះ​កេរ​របស់​អង្គការ​យូណេស្កូ បាន​ពិពណ៌នា​ការ​ចុះបញ្ជី​នេះ​ថា គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​។ លោក​បាន​កត់​សម្គាល់ថា ប្រាសាទ​នេះ​ត្រូវបាន​សាងសង់ឡើង​កាលពី​សតវត្សរ៍​ទី​១០ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី៤​។​

​យោងតាម​លោក ម៉ា​ណែ​ត កម្ពុជា​បានរៀបចំ​ពាក្យស្នើសុំ​ចុះបញ្ជី​នេះ​កាលពី​ឆ្នាំ ​២០១៨​។ បន្ទាប់ពី​ពិនិត្យ និង​វាយតម្លៃ​ជា​ច្រើន​ដំណាក់កាល អតីត​នា​​យក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បានស្នើ​សុំ​ជា​ផ្លូវ​ការឱ្យ​អង្គការ​​យូណេស្កូ ចុះបញ្ជី​ប្រាសាទ​នេះ ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​កាលពី​ខែមករា ឆ្នាំ​ ២០២១​។​

​យោងតាម​តួលេខ​ដែល​ផ្តល់​ដោយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ (NAPV) កាលពី​ថ្ងៃទី ២ ខែ​​មករា ឆ្នាំ​ ២០២៤ កោះ​កេរ​ដែលជា​អតីត​រាជធានី​តែមួយគត់​របស់​អាណាចក្រ​ខ្មែរ ចន្លោះ​ពី​ឆ្នាំ​ ៩២៨ ដល់​ឆ្នាំ​ ៩៤៤ នៃ​គ្រិស្ត​​សករាជ​ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ១០៥ ៤៦៤​ នាក់​ចូល​ទស្សនា​កើនឡើង ៧១,២​ ភាគ​រយ​ធៀប​ដើមឆ្នាំ​ ២០២៣​។ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ១៤ ៨០៦​ នាក់​។​

​ចំណែក​ចំនួន​ភ្ញៀវទេសចរ​ចូល​ទស្សនា​ប្រាសាទព្រះវិហារ​មាន​ចំនួន​សរុប ៩២ ៩៦៦ ​នាក់ ធ្លាក់ចុះ ១៦,៧ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។ ប្រាសាទ​នេះ​មាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ចំនួន ៨៣ ៧២៣ ​នាក់​ចូល​ទស្សនា ធ្លាក់ចុះ ២២ ​ភាគរយ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៩ ២៤៣ ​នាក់ កើនឡើង​ជិត ១២៦​ ភាគរយ​៕