កម្ពុជា​ប្រមូល​ប្រាក់​បាន​ជិត ៩​ ពាន់​លាន​ដុល្លារ​ពីការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈ​ពេល ៣ ត្រីមាស​ដំបូង​ឆ្នាំ ​២០២៤ ដោយ​កើន​ឡើង​ជិត ២៥ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ខណៈ​ចំនួន​ទឹក​ប្រាក់​នេះ​ស្មើ​នឹង​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​ទឹក​ប្រាក់​ដែល​កម្ពុជា​នាំ​ចេញ​ទំនិញ​សរុប។ នេះ​បើ​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)។

ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា-​ខែ​កញ្ញា ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​វាយនភណ្ឌ​លេខ​កូដ៍​(HS ២​ខ្ទង់) ៦១, ៦២, ៦៣, និង ៦៤ ដែល​រួម​មាន សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ ធ្វើ​ឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់​(Articles of apparel and clothing accessories, Knitted and not knitted or crocheted) ស្បែក​ជើង ស្រោមជើង និង​វត្ថុ​វាយនភណ្ឌ​កែច្នៃ​មួយ​ចំនួន​ទៀត មាន​ទឹក​ប្រាក់​សរុប ៨ ៧៥៨,៦២ ​ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,៥១ ​ភាគ​រយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​ចំនួន ៧ ០៣៤,៣១ ​លាន​ដុល្លារ។ 


ចំនួន​ទឹក​ប្រាក់​សរុប​នៃ​ការ​នាំ​ចេញ​ផលិត​ផល​ទាំង​អស់​ខាង​លើ ស្មើ​នឹង ៤៤,១៦ ​ភាគ​រយ​នៃ​ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈ​ពេល ៩​ខែ​ដើម​ឆ្នាំ​ ២០២៤ ដែល​មាន​ចំនួន​ ១៩ ៨៣៣,២៨ ​លាន​ដុល្លារ។

យោង​តាម GDCE គឺ​ក្នុង​ចំនួន​សរុប​ខាង​លើ គឺ​ការ​នាំ​ចេញ​ទំនិញ​លេខ​កូដ៍ ៦១ មាន​ទឹក​ប្រាក់ ៥ ០៣៤,៧២​លាន​ដុល្លារ កើន ២១,៥ ​ភាគ​រយ, ទំនិញ​លេខ​កូដ៍ ៦២ ចំនួន ២ ៣៥៣,៨៣ ​លាន​ដុល្លារ កើន ៣១,៩ ​ភាគ​រយ​, លេខ​កូដ៍ ៦៣ ចំនួន ១៥៥,៦៩ ​លាន​ដុល្លារ កើន ៣៧,៧ ​ភាគ​រយ, និង​លេខ​កូដ៍ ៦៤ មាន​ចំនួន ១ ២១៤,៣៩ ​លាន​ដុល្លារ កើន​ឡើង ២២,៤ ​ភាគ​រយ។


ប្រធាន​សហព័ន្ធ​សមាគម​អ្នក​វិនិ​យោគ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែក​ជើង​កម្ពុជា លោក លី ឃុនថៃ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១១ ខែ​តុលា​ថា បន្ទាប់​ពី​ធ្លាក់​ចុះ​មួយ​រយៈ​ដោយ​សារ​ឥទ្ធិពល​នៃ​ការ​រីករាល​ដាល​ជំងឺកូវីដ​១៩ ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​កម្ពុជា​ បាន​ចាប់​ផ្តើម​មាន​សញ្ញា​វិជ្ជមាន​ឡើង​វិញ​ចាប់​ពី​ពាក់​កណ្តាល​ឆមាស​ទី​២ ឆ្នាំ​២០២៣ មក។

លោក​បន្ត​ថា ការ​កើន​ឡើង​ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​នា​រយៈពេល​ជិត ១ ឆ្នាំ​មក​នេះ គឺ​ដោយ​សារ​កម្ពុជា​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ​ល្អ​ មាន​ច្បាប់​វិនិយោគ​អំណោយ​ផល ​សម្បូរ​កម្លាំង​ពលកម្ម​ជំនាញ ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ល្អ​ប្រសើរ និង​មាន​ទីផ្សារ​ទទួល​ទិញ​កាន់​តែ​ច្រើន។

លោក​បាន​ថ្លែង​ថា៖​«​កំណើន​ទឹក​ប្រាក់​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ​នៅ​ពេល​នេះ គឺ​ដោយ​សារ​ប្រទេស​កម្ពុជា​មាន​ស្ថិរភាពនយោបាយ​នឹងនរ​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន កត្តា​កម្មករ​កម្មការិនី​ធ្វើការ​មាន​ភាព​រហ័សរហួន មាន​ស្នាដៃ​ល្អ​សម្រាប់​ចង្វាក់​ផលិតកម្ម​ទាំង​គុណភាព និង​បរិមាណ»។

លោក​បាន​លើក​ឡើង​ទៀត​ថា សមិទ្ធិផល​ដែល​សម្រេច​បាន​នា​ពេល​នេះ ក៏​ដោយ​សារ​តែ​មាន​ការ​យកចិត្ត​ដាក់​ខ្លាំង​ផង​ដែរ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ដែល​តែង​ខិតខំ​ផ្សព្វផ្សាយ និង​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា ក៏​ដូច​ជា​បញ្ជាទិញ​ទំនិញ​ផលិត​នៅ​កម្ពុជា។​

បើ​តាម​លោក ឃុនថៃ ទីផ្សារ​សំខាន់ៗ​ដែល​បញ្ជា​ទិញ​ផលិតផល​វាយនភណ្ឌ​ពី​កម្ពុជា មាន​ដូច​ជា អាមេរិក សហគមន៍​អឺរ៉ុប ចក្រភព​អង់គ្លេស ជប៉ុន កូរ៉េ និង​ប្រទេសចិន ជាដើម។

ទាក់​ទង​នឹង​ស្ថាន​ភាព​ការ​នាំ​ចេញ​សម្រាប់​រយៈ​ពេល​នៅ​សល់​ក្នុង​ឆ្នាំ​២០២៤ និង​ឆ្នាំ ២០២៥ ខាង​មុខ លោក ឃុនថៃ បាន​អះអាង​ថា ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត។

បន្ថែម​ពី​លើ​នេះ លោក លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ថា ការ​កើន​ឡើង​នៃ​តម្រូវការ​ទីផ្សារ​សកល ព្រម​ជា​មួយ​នឹង​អស្ថិរភាព​នយោបាយ​នៅ​ប្រទេស​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ (បង់ក្លាដែស និង​មីយ៉ាន់ម៉ា) បាន​ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​ទំនិញ​របស់​ប្រទេស​ទាំង​អស់​នេះ​ពី​កម្ពុជា​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។ 

លោក​ប្រាប់​ទៀត​ថា នៅ​ក្នុង​ពេល​នេះ​ក៏​មាន​វិនិយោគិន​បរទេស​ជាច្រើន​បាន​ចូល​មក​វិនិយោគ​លើ​រោងចក្រ​ផលិត​ផលិតផល​វាយនភណ្ឌ​នៅ​កម្ពុជា​ផងដែរ។

លោក​បញ្ជាក់​ថា៖​​«ភាព​ល្អ​ប្រសើរ​នៃ​ស្ថាន​ភាព​នយោបាយ គឺ​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ក្រុមហ៊ុន​បញ្ជា​ទិញ​ជា​ច្រើនឱ្យ​ងាក​មក​បញ្ជា​ទិញ​ពី​កម្ពុជា​ ខណៈ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​ក៏​កំពុង​បោះ​ជំហាន​ទៅ​មុខ»។

ទិន្នន័យ​របស់ GDCE បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០២៣ ការ​នាំ​ចេញ​ផលិត​ផល​ទាំង​អស់​ខាង​លើ​មាន​ទឹក​ប្រាក់​សរុប ៩,៣៩​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ១៤,១៨​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​មាន​ចំនួន ១០,៩១​ពាន់​លាន​ដុល្លារ​៕