ក្រុមអ្នកជំនាញ ដែលជា​វាគ្មិន​មកពី​ធនាគារជាតិនៃ​កម្ពុជា និងគ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ចំនួន​​៤ទៀត ​បានរួមគ្នាចែក​រំលែក​ចំណេះដឹង​ និងបទពិសោធន៍លើ​​ការងារ​​វិស័យ​ធនាគារ ទៅដល់​ក្រុមសិស្ស​​និស្សិត​ប្រមាណ​​ ៣០០នាក់ ​តាម​រយៈ​វេទិកាស្តីពី​អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ ឆ្នាំ​២០២៤ និង​ការ​រៀបចំ​ការ​តាំង​​ពិព័រណ៍​ការងារ ​នៅ​វិទ្យាស្ថាន​ខេមអេដ។

ចំពោះ​វេទិកាស្តីពី​អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ ឆ្នាំ​២០២៤ និង​ការ​រៀបចំ​ការ​តាំង​ពិព័រណ៍​ការងារ​ ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថានខេមអេដ កាលពី​ថ្ងៃទី​១០ ខែតុលានេះ គឺ​ផ្តោត​ទៅលើ​ប្រធានបទ «ការអភិវឌ្ឍន៍ប្រព័ន្ធ​ឌីជីថល និងនិន្នាការក្នុងវិស័យធនាគារ នៅ​ក្នុង​ប្រទេស​កម្ពុជា» ហើយ​ក្រៅ​ពី​ក្រុម​និស្សិត ក៏​មាន​ការ​ចូល​ពី​ខាង​ធនាគារ និង​ក្រុម​ហ៊ុន​នានា​​ចំនួន​២២​ទៀត​ផង​ដែរ។


លោក ខេស៊ី បាណេត នាយក​វិទ្យាស្ថានខេមអេដ បាន​ថ្លែង​ទៅ​កាន់​វេទិកាទាំង​មូល​ថា ប្រព័ន្ធ​ធនាគារ​នៅ​ប្រទេស​កម្ពុជា​ ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ​នៅ​​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋ​កិច្ច ជា​ពិសេស​នៅ​មុន​កំឡុង​វិបត្តិ​កូវីដ​១៩ ដែល​ប្រទេស​កម្ពុជា ​មាន​កំណើន​សេដ្ឌកិច្ច​ប្រហែល​៧ភាគរយ ហើយ «​នេះ​​ជា​កំណើន​មួយ​ ដែល​លឿន​បំផុតនៅ​​ក្នុង​ពិភព​លោក»។

ជាមួយគ្នា​នេះ លោក ខេស៊ី ​បាន​កោត​សសើរ​ចំពោះ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ទៅ​លើ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេក​វិទ្យា នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ និងសមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង អត្រា​អតិផរណា​ឱ្យ​ស្ថិត​នៅ​កម្រិត​ប្រែ​ប្រួលតិច។


ចំណែក​លោក អ៊ុក សារ៉ាត អគ្គនាយក​រង​ប្រតិបត្តិការ និង​ជា​ប្រធាន​នាយក​ដ្ឋាន​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានចំណាយពេល​ជិត​កន្លះ​ម៉ោង ដើម្បីបរិយាពី​ស្ថានភាពពិត និង​របត់នៃ​ការ​ប្រែ​ប្រួល​​ ដែល​កើតមានឡើង​នៅ​ក្នុង​វិស័យ​​​ធនាគារ អស់​រយៈពេល​ជាច្រើន​ឆ្នាំមក​នេះ ជាពិសេស​លោក​បាន​សង្កត់ធ្ងន់​ទៅលើ​ការ​អភិវឌ្ឍន៍ប្រព័ន្ធ​ឌីជីថល ​និង​និន្នាការ​ ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ នាពេល​បច្ចុប្បន្ន។

លោក សារ៉ាត បានបញ្ជាក់​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បង្កើត​ឱ្យ​មាន​ប្រព័ន្ធឌីជីថល​ទូទាត់​​រួមមួយ ដែល​ហៅថា «បាគង» ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​នៅ​ពេល​ទូទាត់​ឆ្លងធនាគារ និង​បង្កើន​ភាព​ងាយ​ស្រួល​​ដល់​អ្នក​ប្រើប្រាស់ និង​រហ័ស​ជាង​មុន។ លើស​ពី​នេះ​ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​តភ្ជាប់​ប្រព័ន្ធ​ឌីជីថល បាគង ទៅ​កាន់​ប្រទេស​ផ្សេងៗ តាម​លក្ខណ:ឯក​តោ​ភាគី និង​ពហុ​ភាគី​ជាមួយ​នឹងប្រទេស​ ថៃ ឡាវ ម៉ាឡេស៊ី និង វៀតណាម និង​ប្រព័ន្ធទូទាត់ Union Pay និង Alipay របស់​ប្រទេស​ចិន។

ដោយឡែក វាគ្មិន​ចំនួន​៤រូប​ទៀត ដែល​មក​ពី​គ្រឹះ​ស្ថានមីក្រូហិរញ្ញ​វត្ថុ​អម្រឹត, ធនាគារ​វឌ្ឍនៈ អាស៊ី​ចំកាត់ (ABA Bank), ធនាគារ​វីង និង​ធនាគារ​មេយ​ប៊ែង ក៏​បាន​ចែក​រំលែក​ពី​បទ​ពិសោធន៍ និង​តួនាទី​ទំនួល​ខុស​ត្រូវ​របស់ប្រធាន​ផ្នែក​ហិរញ្ញ​វត្ថុ​ នៅ​ក្នុង​ការ​រក្សា​ស្ថិរភាព​ធនា​គារ សវន​កម្ម​ផ្ទៃ​ក្នុង ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ ​និង​ការ​គ្រប់​គ្រង​ហានិភ័យ​របស់​ធនាគារ ទៅ​ដល់​អ្នកចូលរួម​ទាំងអស់ នៅក្នុង​វេទិកាស្តីពី​អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ ឆ្នាំ​២០២៤ កាលពី​ថ្ងៃព្រហស្បតិ៍នោះ​ដែរ។

សម្រាប់ការចែករំលែកចំណេះជំនាញ និង​បទពិសោធន៍​របស់វាគ្មិនសំខាន់ៗ​មកពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុទាំង​៥​នេះ ត្រូវបាន​ក្រុមនិស្សិត ដែល​បានចូលរួម​ផ្ទាល់ ចាត់ទុក​ថា ជាមេរៀន​ និងជាបទពិសោធន៍​យ៉ាងសំខាន់ សម្រាប់ពួកគេ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់ពីស្ថានភាពពិត​​​នៃ​​វិស័យ​ធនាគារ នៅ​ក្នុង​ប្រទេស​កម្ពុជា។

និស្សិត​ឆ្នាំទី​២​នៃ​វិទ្យាស្ថានខេមអេដ លី ស្រីមាស ដែល​បានចូលរួម​នៅ​ក្នុង​វេទិកាស្តីពី​អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ ឆ្នាំ​២០២៤ កាលពីថ្ងៃព្រហស្បតិ៍​នោះ​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា៖ «ដោយសាវាគ្មិន​ទាំងអស់​ សុទ្ធតែ​ជាសិស្សច្បង ​មានបទពិសោធន៍ច្រើន និងមកពីធនាគារ​ល្បីៗ អ៊ីចឹង​ពួកគាត់​បាន​ផ្តល់​គំនិត និងបទពិសោធន៍​ល្អៗ​​ដល់ពួកខ្ញុំជា​សិស្ស ដែលទៅ​ថ្ងៃអនាគត ​នឹង​ត្រូវ​ដើរ​នៅលើ​វិស័យធនាគារ​ហ្នឹង​ផ្ទាល់»។

និស្ស័យ​វ័យ​១៩ឆ្នាំ​នេះ​រូបនេះ បានឱ្យ​ដឹង​ទៀត​ថា ការ​សិក្សា​នៅ​ក្នុងសាលា ក៏មាន​មេរៀន​ទាក់​ទងទៅនឹង​វិស័យ​ធនាគារ​ហ្នឹង​ខ្លះ​ដែរ ប៉ុន្តែ​ការ​ទទួល​បានចំណេះដឹងបន្ថែមពី​អ្នកជំនាញ ដែល​បានបំពេញ​ការ​ងារ​លើជំនាញ​នេះផ្ទាល់ វាជារឿងមេរៀនដ៏សំខាន់ ក្នុងការ​ជួយ​​ឱ្យ​ក្រុម​និស្សិត ​អាច​ឈាន​ទៅ​ទទួលបានជោគ​ជ័យ ក្នុងការ​បំពេញការងារលើ​វិស័យ​ធនា​គារ​នេះ នៅពេល​រៀន​ចប់។

ស្រីមាស បានបញ្ជាក់​ថា៖ ​«នៅក្នុងសាលាពួក​យើងក៏បានរៀន​ខ្លះមេរៀនហ្នឹង​ខ្លះដែរ ប៉ុន្តែ​ចំណេះដឹង និងបទពិសោធន៍ ដែល​យើងទទួលបានពីវាគ្មិនលើកនេះ គឺ​​ជាការ​បង្ហាញ​នូវស្ថាន​ភាពពិតជាក់ស្តែង នៅក្នុងអាជីពការងារក្នុង​វិស័យ​ធនាគារ អ៊ីចឹងបន្ទាប់ពីបានស្តាប់ពួកគាត់​ហើយ ធ្វើ​ឱ្យ​ពួកខ្ញុំ​ជានិស្សិត​បាន​ដឹង​ពីអ្វី​ទៅជា​បញ្ហា និង​ផល​លំបាក ដែល​កើតមាន​ក្នុង​វិស័យនេះ ហើយ​យើងត្រូវ​ត្រៀម​ខ្លួន និង​ដោះស្រាយបែបណា នៅពេលជួបបញ្ហាទាំង​អស់​នោះ ដើម្បី​ឈាន​ទៅ​ទទួលបានជោគជ័យ ក្នុងការ​បំពេញ​ការងារ នៅលើ​វិស័យ​ហ្នឹង នាពេលអនាគេត»៕