ភ្នំពេញៈ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល ៣ត្រីមាសដើមឆ្នាំ ២០២៤ សម្រេចបានជាង ៥,៨ ពាន់លានដុល្លារ កើនឡើង ១/៥ដងបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជា មានឱនភាពប្រមាណជាង ៣៦០ លានដុល្លារ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញរវាងប្រទេសកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៥ ៨១៩,៤៨ លានដុល្លារ កើនឡើង ២១,៩ ភាគរយពីចំនួន ៤ ៧៧៤,៣ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ២០២៣។ វៀតណាម គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី ៣ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។
យោងតាម GDCE ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅវៀតណាម មានចំនួន ២ ៧២៧,៤៥ លានដុល្លារ កើន ៣៣,៨ ភាគរយពីចំនួន ២ ០៣៨,៥២ លានដុល្លារ និងទំនិញវៀតណាមនាំមកកម្ពុជា ៣ ០៩២,០៣ លានដុល្លារ កើន១៣ ភាគរយពីចំនួន ២ ៧៣៥,៧៨ លានដុល្លារ។
ផ្អែកតាមទិន្នន័យនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណ ៣៦៤,៥៨ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២៣ ឱនភាពមានរហូតដល់ ៦៩៧,២៦ លានដុល្លារ។
សម្រាប់ខែកញ្ញា ឆ្នាំ ២០២៤ ចរាចរណ៍ទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់ ៥៨៦,២៥ លានដុល្លារ កើនឡើង ២៤,៣៦ ភាគរយ ដោយទំនិញកម្ពុជានាំទៅវៀតណាម មានទឹកប្រាក់ ២៦២,៦៩ លានដុល្លារ កើនឡើង ៤១,៨ ភាគរយ និងវៀតណាម នាំមកកម្ពុជាវិញចំនួន ៣២៣,៥៥ លានដុល្លារ កើនឡើង ១៣,១ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៧ ខែតុលាថា ក្នុងនាមជាប្រទេសមានព្រំដែនគោក-ទឹកជាប់គ្នា និងមានទំនាក់ទំនងនយោបាយល្អទៀតនោះ គឺធ្វើឱ្យចរាចរណ៍ទំនិញ និងមនុស្សរវាងប្រទេសទាំង ២ កើនឡើងជាបន្តបន្ទាប់។ លោកបន្តថា បច្ចុប្បន្នដោយសារនៅកម្ពុជាមិនទាន់មានឃ្លាំងស្តុក និងរោងចក្រកែច្នៃផលិតផលកសិកម្មគ្រប់គ្រាន់ ដូច្នេះនៅរដូវប្រមូលម្តងៗគឺមានឈ្មួញជាតិ និងអន្តរជាតិជាច្រើនមកប្រមូលទិញផលិតផលកម្ពុជានាំទៅលក់ឱ្យប្រទេសវៀតណាម។
លោកថ្លែងថា៖«ទឹកប្រាក់ដែលបានពីការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នឹងបន្តកើនឡើងច្រើនទៀត។ ចំនួនទឹកប្រាក់ជាក់ស្តែងអាចមានលើសពីតួលេខកត់ត្រា។ វៀតណាមគឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកសិកម្មកម្ពុជា»។
បើតាម លោក លឹម ហេង ថា ផលិតផលសំខាន់ៗដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ, កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិកអគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។
លោកប្រាប់ទៀតថា ក្រៅពីការនាំចេញ នាំចូលទំនិញ ប្រទេសទាំង ២ ក៏ទទួលបានកំណើនភ្ញៀវទេសចររវាងគ្នាច្រើនផងដែរក្នុង ១ឆ្នាំៗ។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៤,២៩ លាននាក់កើនឡើង ២២,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ក្នុងចំណោមភ្ញៀវខាងលើ គឺភ្ញៀវមកពីប្រទេសវៀតណាម មានចំនួន ៨៦៨ ៤៤៥ នាក់ កើនឡើង ៣៥,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា បើនិយាយពីជាង ១ ទសវត្សមុន គឺទឹកប្រាក់នាំទំនិញពីកម្ពុជាមានចំនួនតិចតួចបំផុត។ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងទំនាក់ទំនងទ្វេភាគី បានជួយឱ្យទឹកប្រាក់នាំចេញរបស់កម្ពុជទៅវៀតណាម កើនឡើងជាបន្តបន្ទាប់នារយ´ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបន្តបើកច្រកព្រំដែន និងការកែល្អស្ថានភាពនាំចេញ និងជួយឱ្យចរាចរទំនិញមានសកម្មភាពកាត់តែសកម្ម»។
លោកអះអាងថា៖«ទន្ទឹមនឹងកំណើនទំហំពាណិជ្ជកម្ម ខ្ញុំប្រាកដណាស់ថាទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម និងកាន់តែមានភាពល្អប្រសើរ»។
ក្នុងឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦,៥៨ពាន់លានដុល្លារ កើនឡើង ៧,៣ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលមាន ៥៦,១៣ពាន់លានដុល្លារ។ ក្នុងចំនួនខាងលើ គឺការនាំចេញរបស់កម្ពុជា មានចំនួន ២,៩៧ពាន់លានដុល្លារ កើនឡើង ៣៧,១ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣,៦១ពាន់លានដុល្លារ ធ្លាក់ចុះ ៨,៩ភាគរយ។
យោងតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា បន្តមានឱនភាពប្រមាណ ៦៣៩,៦២លានដុល្លារ ខណៈកាលពីឆ្នាំ២០២២ មានរហូតដល់ ១,៨ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕