ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក Derek Yip បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​ផែនការ និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​នៅ​កម្ពុជា ដោយ​លោក​សង្ឃឹមថា​នឹង​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​អូស្ត្រាលី​កាន់​តែ​ច្រើន​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​ ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈ​ពេល ៣​ត្រីមាស​ដើម​ឆ្នាំ​ ២០២៤ មានចំនួន​ជាង ២២០​លាន​ដុល្លារ។

ការ​លើក​ឡើង​របស់​លោក Derek Yip ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី អនុ​ប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ ២០២៤។


ជា​កិច្ច​ចាប់​ផ្ដើម​លោក Derek Yip បាន​បង្ហាញ​​សុទិដ្ឋិ​និយម និង​ការ​តាំង​ចិត្ត​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​បន្ត​ចូលរួម​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់​តែមាន​ភាព​ល្អ​ប្រសើរ។

លោក​ប្រាប់​ទៀត​ថា នេះ​ជា​មោទនភាព​ដែល​ប្រទេស​អូស្រ្តាលី​ តាម​រយៈ​កម្មវិធី​ភាពជា​ដៃគូ​កម្ពុជា-​អូស្រ្តាលី សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ធន់ (CAPRED) ដែល​បាន​ចូល​រួមចំណែក​យ៉ាង​សកម្ម​ទាំង​វេទិកា​រាជ​រដ្ឋាភិបាល និង​ផ្នែក​ឯកជននៅកម្ពុជា។


លោក​​និយាយា​ថា៖​«​ខ្ញុំ​ចាប់​អារម្មណ៍​លើ​ផែនការ និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានារបស់​កម្ពុជា ព្រម​ទាំង​រំពឹង​ថា​ ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី​នឹង​អាច​ចូល​រួម​ចំណែក​សាង​សង់​ក្នុងគម្រោង​ណាមួយ​នា​ពេល​ខាង​មុខ»។

ជា​ការ​ឆ្លើយតប លោក ស៊ុន ចាន់ថុល បាន​ជម្រាប​ជូនគូភាគី ​អំពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ដែល​មាន​កម្លាំង​ពលកម្ម​វ័យ​​ក្មេង ហើយ​ការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ទៀត​សោត មិន​មែន​បម្រើ​តែ​ទីផ្សារ​ប្រជាជន​ចំនួន ១៧ លាន​នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បម្រើ​ឱ្យ​ទីផ្សារ​នៃ​មហាអនុ​តំបន់​ទន្លេមេគង្គ​ដែលមា​នប្រជាជ​នរហូត​ដល់​ទៅ ៣៣០ លាន​នាក់។

លោក​បន្ត​ទៀត​ថា៖​​​​«​ដើម្បី​ជំរុញ​ឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ទាក់ទាញ និង​អនុវត្ត​ស្រប​តាម​អាទិភាព​គន្លឹះ​ទី៥ នៃ​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី១ កន្លង​មក​ថ្មីៗ​នេះ កម្ពុជា​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាកល្បង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា (cdcIPM) ដែល​នឹង​ផ្តល់​ភាពងាយ​ស្រួល​ដល់​វិនិយោគិន​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​វិនិយោគ»។

បន្ថែមពីនេះ លោក​ក៏​បាន​លើក​ឡើង​អំពី​ផែនការ​អភិវឌ្ឍន៍​មួយ​ចំនួន​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​ដូចជា ផែនការ​មេ​គ្រប់​ជ្រុង​ជ្រោយ​ស្តីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ និង​ភស្តុភារ​កម្ម​កម្ពុជា ឆ្នាំ ២០២៣-២០៣៣។

ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​ដែល​កត់ត្រា​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៤ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​អូស្រ្តាលី មាន​ទឹកប្រាក់​សរុប ២២៣,៧៥ លាន​ដុល្លារ កើន​ឡើង ២,៨៧ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុងឆ្នាំ​២០២៣ ដែល​មាន​ចំនួន ២១៧,៥ លាន​ដុល្លារ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​អូស្រ្តាលី​ មាន​ទឹក​ប្រាក់​ ១៥៧,៨៦ លាន​ដុល្លារ កើនឡើង ៣៨,៧ ភាគ​រយ​ ចំណែក​ទំនិញ​អូស្រ្តាលី​នាំ​មក​កម្ពុជា​មាន​ទឹកប្រាក់ ៦៥,៨៩ លានដុល្លារ ថយ​ចុះ ៣៦,៥ ភាគរយ។

អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៨ ខែ​តុលា​ថា អូស្រ្តាលី​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​មាន​សក្តានុ​ពល​មួយ​របស់​កម្ពុជា ដោយ​សកម្មភាព​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ គឺ​មាន​ភាព​ល្អ​ប្រសើរ​ ពិសេស​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អូស្រ្តាលី។​ ​បច្ចុប្បន្ន​ក្រៅ​ពី​ផលិត​ផល​វាយនភណ្ឌ កម្ពុជា​ក៏​បាន​នាំ​ផលិត​ផល​កសិកម្ម​ជា​ច្រើន​មុខ​ទៅ​ប្រទេស​អូស្រ្តាលី​ផង​ដែរ។

លោក​បន្ត​ថា ក្រៅ​ពី​មាន​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់​(RCEP) ការធ្វើ​​​ពាណិជ្ជ​កម្ម​រវាង​​ប្រទេស​ទាំង ២ ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​បន្ថែម​ទៀត​នៅ​ពេល​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​កំពុង​កើត​ក្នុង​ពេល​នេះ​បិទ​បញ្ចប់​ទៅ​វិញ​។

លោក​លើក​ឡើង​ទៀត​ថា ក្រៅ​ពី​ RCEP ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​(CCC) កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២៣ ក៏​បាន​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ទីក្រុង​មែលប៊ិន និង​ទីក្រុងស៊ីដនី ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​ផលិតផល​កម្ពុជា​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី និង​ក៏​ជួយ​ទាក់​ទាញ​វិនិយោគិន​អូស្រ្តាលី​ឱ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ផង​ដែរ។

លោក​បាន​ថ្លែ​ងថា៖​«ក្នុង​នាម​ផ្នែក​ឯកជន គឺ​យើង​ពិត​ជា​ចង់​បាន​ឱ្យ​វិនិយោគិន​អូស្រ្តាលី ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​។ កម្ពុជា​ត្រូវតែ​ខិត​ខំ​ពង្រីក និង​ពង្រឹង​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់​តែ​ទូលាយ ហើយ​ទន្ទឹម​នឹង​នោះ​ក៏​ត្រូវ​ខិតខំ​ធ្វើ​ពិពិធកម្ម​ទំនិញ​របស់​ខ្លួន​ឱ្យ​មាន​កាន់​តែ​ច្រើន​ប្រភេទ និង​មាន​គុណ​ភាព​ខ្ពស់​ទៅ​តាម​ការ​បង់​បាន​របស់​អតិថិជន​»។

ផលិត​ផល​សក្តានុពល​ដែល​កម្ពុជា​នាំ​ទៅ​អូស្រ្តាលី មាន​ដូច​ជា ផលិត​ផល​វាយនភណ្ឌ ​កង់ និង​កសិកម្ម​ ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​មក​វិញ រួម​មាន​ ផលិត​ផល​អេឡិច​ត្រូនិក ឱសថ និង​យានយន្ត​ ជា​ដើម​។ នេះ​បើ​តាម​លោក លឹម ហេង៕