លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលទើបផ្ទេរពីក្រសួងអធិការកិច្ច បានលើកទឹកចិត្តឲ្យពលរដ្ឋនិងជនបរទេសជួយផ្សព្វផ្សាយគោលដៅ និងសក្ដានុពលទេសចរណ៍កម្ពុជា ខណៈដែលក្រសួងនឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធកាន់តែសកម្មដើម្បីស្ដារវិស័យដ៏សំខាន់នេះឡើងវិញ។
លោក ហួត ហាក់ ទើបតែត្រឡប់ពីប្រទេសចិនវិញ កាលពីថ្ងៃទី២០ ខែតុលានេះ បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ «ការសម្ដែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅខេត្តហឺណាន កាលពីថ្ងៃទី១៩ ខែតុលា។
លោកថ្លែងប្រាប់អ្នកអ្នកសារព័ត៌មានថា ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល ក្រសួងទេសចរណ៍ បានត្រៀមលក្ខណៈ និងមានផែនការដើម្បីរួមចំណែកក្នុងវិស័យទេសចរណ៍ ធ្វើយ៉ាងណាជួយបង្កើនភ្ញៀវទេសចរអន្តរជាតិឲ្យមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋ។
លោកលើកឡើងថា ផែនការមួយក្នុងចំណោមផែនការទាំងនោះគឺ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ត្រូវតែបំពេញការងារជាលក្ខណៈបុរេសកម្ម សកម្ម និង អន្តរសកម្ម ជាមួយបណ្ដាក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។
ក្រសួងទេសចរណ៍នឹងធ្វើការជាមួយអាជ្ញាធរដែនដីទាំង ២៥រាជធានី ខេត្ត តាំងពីថ្នាក់ក្រោមជាតិដល់ថ្នាក់មូលដ្ឋាន ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍ ទាំងក្នុងស្រុកនិងអន្តរជាតិក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍។
លើសពីនេះ ក្រសួងក៏នឹងធ្វើការយ៉ាងស្អិតល្មួតជាមួយអង្គទូតនានានៅកម្ពុជា ក៏ដូចជាធ្វើការជាមួយឯកអគ្គរាជទូត និងស្ថានអង្គកុងស៊ុលកម្ពុជា និងអនុព័ន្ធទេសចរណ៍ ក៏ដូចជា ភ្នាក់ងារទេសចរណ៍អន្តរជាតិនៅជុំវិញពិភពលោក ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា។
លោកថ្លែងដូច្នេះថា៖ «ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខ្ញុំសូមជំរុញលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាជនបរទេសផងដែរ សូមជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមពាក្យស្លោក ដែលថា ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា»។
លោកបន្តថា៖ «ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាដ៏សកម្មម្នាក់ មិនថាជាពលរដ្ឋកម្ពុជា ជាជនបរទេសទេ គាត់អាចដើរតួនាទីយ៉ាងសកម្មអំពីករបង្ហាញសក្ដានុពល និងគោលដៅទេសចរណ៍របស់កម្ពុជា ជួនដល់ប្រជាពលរដ្ឋទាំងក្នុងស្រុកនិងនៅលើពិភពលោក»។
ឆ្នាំនេះគឺជា«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»។ ព្រឹត្តិការណ៍ធំៗមួយចំនួនត្រូវបានរៀបចំឡើង រួមមានព្រឹត្តិការណ៍ព្រឹត្តិការណ៍ «ពេលល្បុក្កតោ ជួប សៅលីញ ដែលរៀបចំនៅខេត្តសៀមរាប នៅខែមេសា និង លើកទី២នៅខេត្តហឺណាន កាលពីថ្ងៃទី១៩ ខែតុលា។
មុននឹងបិទបញ្ចប់«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នៅខែមករា ឆ្នាំ២០២៥ ខាងមុខ ព្រឹត្តិការណ៍សំខាន់ៗចំនួននឹងត្រូវរៀបចំឡើង រួមមានការតាំងបង្ហាញម្ហូបអាហារ កម្ពុជាចិន ដែលពីថ្ងៃ ២៦ដល់ ២៨ ខែតុលា, កម្មវិធីវប្បធម៌ ទេសចរណ៍ និងសាសនា កម្ពុជា-ចិន នៅខែវិច្ឆិកា និង កម្មវិធីទេសចរណ៍កម្ពុជាចិន ដែលទាំងអស់នេះនឹងធ្វើឡើងនៅខេត្តសៀមរាប។ នេះបើតាមលោក ហួត ហាក់។
ក្នុងដំណើរទស្សនកិច្ចកាលពីសប្ដាហ៍មុនទៅកាន់ខេត្តហឺណាន លោកបានបង្ហាញពីសក្ដានុពលទេសចរណ៍កម្ពុជា ដល់ក្រុមហ៊ុនចិនចំនួន ២២ ដែលសក្ដានុពលទាំងនោះរួមមានម្ហូបអាហារ បដិសណ្ឋារកិច្ច ផ្ទះសំណាក់ សណ្ឋាគារ សេវាកម្មល្អ តម្លៃសមរម្យ និងកន្លែងទេសចរណ៍សម្បូរបែប។
លោកថា ក្រុមហ៊ុនជាច្រើននៅខេត្តហឺណាន នឹងមកធ្វើធុរកិច្ចនៅកម្ពុជាលើវិស័យទេសចរណ៍។ ក្រសួងទេសចរណ៍ក៏បានសម្រេចថា នឹងរៀបចំ FAM Trip ដើម្បីសម្រួលនិងទទួលពួកគាត់ ហើយក្រសួងនឹងផ្សព្វផ្សាយអំពីផែនការនេះទៅដល់វិស័យឯកជនផ្នែកទេសចរណ៍នៅក្នុងស្រុកដើម្បីត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលក្រុមហ៊ុនចិនធំៗនាពេលខាងមុខ។
លោក ហួត ហាក់ ក៏បានឲ្យដឹងដែរថា ក្រសួងមានផែនការទាក់ទាញទេសចរចិនពីខេត្តហឺណាន មកទស្សនាកម្ពុជាឲ្យបាន ១លាននាក់ ហើយនឹងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសហការជាមួយក្រុមហ៊ុនទេសចរណ៍ចិនធំៗនៅខេត្តនេះ។
លោកពន្យល់ថា ខេត្តហឺណាន មានពលរដ្ឋប្រមាណ ១០០លាននាក់។ ដូច្នេះ ប្រសិនបើតែ១ភាគរយនៃពលរដ្ឋខេត្តនេះមកទស្សនាកម្ពុជា នោះទេសចរចិនពីខេត្តនេះអាចមានចំនួន ១លាននាក់។ ដើម្បីសម្រេចបានផែនការនេះ កម្ពុជាបានបើកស្ថានកុងស៊ុលនៅទីក្រុង Zhengzhou នៃខេត្តហឺណាន ដើម្បីបង្កលក្ខណៈដល់ទេសចរនៅខេត្តនេះ មានភាពងាយស្រួលក្នុងការមកទស្សនាខេត្តសៀមរាប។
លើសពីនេះទៀត លោកក៏បានជំរុញឲ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងខេត្តហឺណា ឲ្យបានរៀងរាល់ថ្ងៃ ខណៈដែលបច្ចុប្បន្ននេះ ជើងហោះហើរត្រង់មានតែ ៣ ដងក្នុងមួយសប្ដាហ៍។
លោកថ្លែងដូច្នេះថា៖ «ជាពិសេសយើងបានប្ដេជ្ញាថានឹងរួមគ្នាខិតខំនាំទេសចរចិនមកទស្សនាកម្ពុជាឲ្យបាន១លាននាក់ក្នុងមួយឆ្នាំ នៅជំហានដំបូង។ ក្រោយបាន ១លាននាក់ហើយ យើងនឹងពង្រីកបន្ថែមទៀត អាចថា២លាននាក់ ឬ ៣លាននាក់នៅឆ្នាំបន្តបន្ទាប់ទៀត»។
វិស័យទេសចរណ៍រួមចំណែកប្រមាណ១៣ភាគរយដល់សេដ្ឋកិច្ចកម្ពុជានៃផលិតផលក្នុងស្រុកសរុប។ ឆ្នាំ២០១៩ គឺជាពេលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុត គឺមានចំនួន ៦,៦១ លាននាក់ ដែលក្នុងនោះចំនួនភ្ញៀវជនជាតិចិននៅឈរលើគេគឺប្រមាណ ២,៣៦ លាននាក់ ឬស្មើនឹង ៣៥,៧ភាគរយចំនួនចំនួនភ្ញៀវបរទេសសរុប។
សម្រាប់រយៈពេល ៧ ខែឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុបជាង ៤,២៩លាននាក់កើនឡើង ២២,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងចំណោមភ្ញៀវខាងលើ ភ្ញៀវមកពីប្រទេសចិនមានចំនួនជាង ៥៣ម៉ឺននាក់ កើនឡើង ១៣,៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
លោក អនហេង សុភ័ក្ត្រ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា បានលើកឡើងថា ទេសចរចិនជាចំណែកភ្ញៀវទេសចរដ៏សំខាន់របស់កម្ពុជា។ ចំណុចមួយដែលអាចជួយបង្កើនចំនួនភ្ញៀវទេសចរចិនឡើងវិញ គឺការបើកជើងហោះហើរត្រង់ពីទីក្រុងឬខេត្តសំខាន់ៗរបស់ចិនមកកម្ពុជា។
លោកបានថា កន្លងមកភ្ញៀវទេសចរចិនស្នាក់នៅកម្ពុជាចន្លោះ ៥ទៅ៨ថ្ងៃ ហើយតំបន់ទេសចរណ៍ដែលជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរចិនមាន ភ្នំពេញ សៀមរាប និងព្រះសីហនុ។
លោកនិយាយថា៖ «ក្នុងនាមខ្ញុំជាអ្នកនៅក្នុងវិស័យទេសចរណ៍ទីផ្សារចិន ខ្ញុំសូមសម្ដែងការគាំទ្រនិងរីករាយក្នុងការបង្កើនជើងហោះហើរទៅកាន់ទីក្រុងសំខាន់របស់ប្រទេសចិននេះ។ ខ្ញុំសង្ឃឹមថានឹងមានជើងហោះហើរកាន់តែច្រើនបន្ថែមទៀតដើម្បីផ្តល់ភាពងាយស្រួលនិងទាក់ទាញទេសចរមកកាន់កម្ពុជា»៕