រយៈ​ពេល ២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ​តម្លៃ​មាស​នៅ​ទីផ្សារ​អន្តរជាតិ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដែល​ចរន្ត​នេះ​បាន​រុញ​ឱ្យ​តម្លៃ​មាស​នៅ​កម្ពុជា​ហក់​ឡើង​យ៉ាង​លឿន​ទោះ​បី​ប្រទេស​កម្ពុជានា​ពេល​បច្ចុប្បន្នគឺ​ទីតាំង​កំពុង​ធ្វើ​អាជីវកម្ម​លើ​ការ​ចម្រាញ់​រ៉ែមាស​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក៏​ដោយ។ 

បណ្តាញ​សង្គម​របស់​ហាង​លក់​មាស​(ហាង​ឆេង​មាស ២៤ម៉ោង-Forfx) នាព្រឹក​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ ២០២៤ បាន​សរសេរ​ថា តម្លៃ​មាស​គឺ ១​ អោន(៨,៣ជី) ​មាន​តម្លៃ ២ ៧៣២ ​ដុល្លារ និង មាស ១ តម្លឹង តម្លៃ​ ៣ ២៩១ ​ដុល្លារ។


ចំណែក​បណ្តាញ​សង្គម​ «តាម​ដាន​ហាង​ឆេង​មាស» ​ឱ្យ​ដឹង​ថា គិត​តាម​តម្លៃ​ហាង​ឆេង​មាស​អន្តរជាតិ​(ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ ២០២៤) មាស ១គីឡូក្រាម មាន​តម្លៃ ៨៧ ៦០៤​ ដុល្លារ, មាស ១ តម្លឹង តម្លៃ ៣ ២៨៥ ដុល្លារ និង​មាស ១ អោន ​តម្លៃ ២ ៧២៧ ដុល្លារ។

យោង​តាម​ឯកសារ​មួយ​ចំនួន​ដែល​ភ្នំពេញប៉ុស្តិ៍​ស្រាវ​ជ្រាវ​ឃើញ គឺ​កាល​ពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ ២០២៣ មាស​ត្រូវ​បាន​លក់​ចេញ​(តម្លៃ​នៅ​កម្ពុជា)​ ក្នុង​តម្លៃ ២ ៣៩០ ដុល្លារ​សម្រាប់​ទម្ងន់​ ១ តម្លឹង។


ដូច្នេះ​បើ​ធ្វើការ​ប្រៀប​ធៀប​ក្នុង​រយៈ​ពេល ១ ឆ្នាំ​(ថ្ងៃទី ២២ ខែ​តុលា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២៤) គឺ​តម្លៃ​មាស​បាន​ហក់​ឡើង​ប្រមាណ ៨៩០ ដុល្លារ​ក្នុង ១​តម្លឹង ឬ​ស្មើ​នឹង​ប្រមាណ ៣៧,២៣ ភាគរយ​។ មាស​ប្រើប្រាស់​នៅកម្ពុជា​ភាគ​ច្រើន​ត្រូវ​បាន​នាំចូលមក​ពី​ទីក្រុង​ហុងកុង។

មាស​ក្លាយ​ជា​«ទ្រព្យ​មាន​សុវត្ថិភាព» ​អំឡុង​ពេល​ពិភព​លោក​ជួប​នឹង​អស្ថិរភាព​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច

អ្នក​សេដ្ឋកិច្ច និង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល លោក​បណ្ឌិត ឌុច ដារិន្ទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២២ ខែ​តុលា​ថា ការ​កើន​ឡើង​តម្លៃ​មាស​ដ៏​ច្រើន​ក្នុង​រយៈ​ពេល​ជាង ១ ឆ្នាំ​ មក​នេះ ​គឺ​ផ្តើម​ចេញ​ពី​វិបត្តិ​មួយ​ចំនួន​ដូច​ជា ភាព​មិន​ប្រាកដ​ប្រជា​នៃ​កំណើន​សេដ្ឋកិច្ច​សកល​, បញ្ហា​អតិផរណា, ការ​ថយចុះ​ឥទ្ធិពល​ប្រាក់​ដុល្លារ​អាមេរិក, ភាព​តាន​តឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​មហា​អំណាច​ធំៗ, និង​វិបត្តិ​កើត​ចេញ​ពី​សង្គ្រាម​រវាងរុស្ស៊ី-​អ៊ុយក្រែន ព្រម​ទាំង​វិបត្តិ​សង្គ្រាម​នៅ​តំបន់​មជ្ឈឹមបូព៌ា។

លោក​អះអាង​ថា៖​ «​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល និង​ការ​ភ័យ​ខ្លាច​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក បាន​នាំ​ឱ្យ​វិនិយោគិន​​លើ​ពិភពលោក​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ដែល​មាន​សុវត្ថិភាព​ដូចជា មាស ដែល​ធ្វើ​ឱ្យ​មាន​តម្រូវការ​មាស​កើន​ឡើង និង​ជំរុញ​ឱ្យ​តម្លៃ​មាស​កើន​ឡើង»។

អតីត​សាស្រ្តាចារ្យ​នៅ​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​ពន្យល់​ថា ចំពោះ​អតិផរណា និង​គោល​នយោបាយ​រូបិយវត្ថុ​វិញ គឺ​កម្រិត​អតិផរណា​ដែល​បាន​កើន​ឡើង​កន្លង​មក​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ក៏​បាន​ជំរុញ​ឱ្យ​ធនាគារ​កណ្តាល​របស់​ពួក​គេ​រក្សា​អត្រា​ការ​ប្រាក់​ខ្ពស់​នៅ​ពេល​នោះ។ ទោះ​យ៉ាង​ណា ដោយ​សារ​សម្ពាធ​អតិផរណា​នៅ​តែ​មាន​ជា​បន្ត ដូច្នេះ​មាស​នៅ​តែ​ជា​ទ្រព្យ​សម្បត្តិ​ការពារ​ដ៏​គួរឱ្យ​ទាក់ទាញ​សម្រាប់​ការ​ទិញ​ទប់​ទល់​នឹង​អតិផរណា។ លើសពី​នេះ​ទៀត ការ​ចុះ​ខ្សោយ​នៃ​ប្រាក់​ដុល្លារ ក៏​បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​មាន​តម្រូវការ​ទិញ​មាស​ផងដែរ​សម្រាប់​ធ្វើ​ជា​ទ្រព្យ​តម្កល់​ដែល​ពួក​គេ​គិតថា​មាន​សុវត្ថិភាព។

លោក​បន្ថែម​ថា៖​«​ម្យ៉ាង​វិញ​ទៀត​ភាព​ចលាចល​នៅ​តំបន់​ផ្សេងៗ​នៅ​អឺរ៉ុប​ខាង​កើត និង​មជ្ឈឹម​បូព៌ា​ក៏​បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ឆ្ពោះ​ទៅ​រក​ទ្រព្យ​សម្បត្តិ​ដែល​មាន​សុវត្ថិភាព ដូចជា​មាស។ ជម្លោះ​ដែល​កំពុង​បន្ត និង​ការ​បង្អាក់​សង្វាក់​ផ្គត់ផ្គង់​នៅ​ក្នុង​ទីផ្សារ​ថាមពល បាន​បង្កើន​ហានិភ័យ​សេដ្ឋកិច្ច​ពិភពលោក ដោយ​ជំរុញ​ឱ្យ​វិនិយោគិន​ធ្វើ​ពិពិធកម្ម​ទៅ​លើ​មាស ជំនួស​វិញ។ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ធាតុ​ផ្សំ​ដែល​ធ្វើ​ឱ្យ​តម្លៃមាស​ហក់​ឡើង​ជា​បន្ត​បន្ទាប់»។

ការ​កើន​ឡើង​តម្លៃ​មាស អាច​ជាឱកាស​សម្រាប់​វិនិយោគិន​មួយ​ចំនួន

លោក ដារិន្ទ បាន​និយាយ​ថា តម្លៃ​មាស​ខ្ពស់​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​វិនិយោគិន​ដែល​បាន​ទិញ​មាស​ទុក​នៅ​ពេល​ដែល​តម្លៃ​នៅ​ថោក។ បន្ថែម​ពី​លើ​នេះ ក្រុមហ៊ុន​នៅ​កម្ពុជា​ដែល​ចូលរួម​ក្នុង​ការ​ចម្រាញ់​រ៉ែមាស និង​នាំ​ចេញ​មាស អាច​​ទទួល​បាន​ប្រាក់​ចំណូល​កើន​ឡើង​ដោយសារ​តម្លៃ​មាស​កើន​ឡើង​ដែរ។

លោក​ប្រាប់​ថា៖​«តម្លៃ​មាស​ខ្ពស់ អាច​ផ្តល់​ស្ថេរភាព​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ពេល​សេដ្ឋកិច្ច​សកល​មិន​ច្បាស់​លាស់​បែប​នេះ។ ប្រទេស​ដែល​មាន​ផលិតកម្ម​មាស​សំខាន់ៗ​ដូចជា អូស្ត្រាលី និង​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ប្រាក់​ចំណូល​កើន​ឡើង​នៅ​ពេល​តម្លៃ​មាស​កើន​ឡើង ដោយ​ធ្វើឱ្យ​សមតុល្យ​ពាណិជ្ជកម្ម និង​ស្ថិរភាព​សារពើពន្ធ​របស់​ពួក​គេ​ប្រសើរ​ឡើង»។

តម្លៃ​មាស​ខ្ពស់​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ចំពោះ​ប្រទេស​ដែល​មាន​តម្រូវការ​ប្រើ​ប្រាស់​ច្រើន

អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ​បាន​បន្ថែម​ថា តម្លៃ​មាស​ខ្ពស់​អាច​ប៉ះពាល់​ដល់​ប្រទេស​ដែល​ពឹង​ផ្អែក​ខ្លាំង​លើការ​នាំ​ចូល​មាស ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ថ្លៃ​ដើម​នៃ​ការ​ទទួល​បាន​មាស​សម្រាប់​ការ​ផលិត​គ្រឿង​អលង្ការ និង​បច្ចេក​វិទ្យា​ផ្សេងៗ​កើន​ឡើង​ខ្ពស់​ជាង​មុន​។ ជាក់​ស្តែង​នៅ​ក្នុង​ទីផ្សារ​ដែល​គ្រឿង​អលង្ការ​មាស​មាន​សារៈ​សំខាន់​ខាង​វប្បធម៌ ដូចជា​នៅ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន តម្លៃ​មាស​ខ្ពស់​អាច​បង្អាក់​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់ ដែល​នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​មួយ​ចំនួន​ដូច​ជា ការ​លក់​រាយ និង​ការផលិត​ដែល​ភ្ជាប់ទៅ​នឹង​ផលិតផល​មាស។

តម្លៃ​មាស​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត​ប្រសិន​បើ​ពិភពលោក​មិន​មាន​ស្ថិរភាព

លោក ដារិន្ទ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា មានមតិមួយគួរពិចារណា ហើយលើកឡើងថា តម្លៃ​មាស​ទំនង​ជា​នឹង​អាច​មាន​ស្ថេរភាព ឬ​អាច​បន្ត​កើន​ឡើង​រហូត​ដល់​ដើម​ឆ្នាំ ២០២៥ ប្រសិន​បើ​ភាព​មិន​ច្បាស់លាស់​សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​បន្ត​កើត​មាន​ឡើង ជា​ពិសេស​ការព្រួយ​បារម្ភ​ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​សកល និង​អតិផរណា​សកល។

លោក​អះអាង​ថា៖​«​ប្រសិន​បើ​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ ដូចជា​សង្គ្រាម​នៅ​អឺរុប​ខាងកើត និង​មជ្ឈឹមបូព៌ា​នៅ​បន្ត​អូស​បន្លាយ​ខ្លាំង ឬ​ភាព​តាន​តឹង​នៅ​តំបន់​ផ្សេង​ទៀត​បន្ត​លេច​ឡើង​ថ្មីៗ​ទៀត​នោះ វា​អាច​ទំនង​ជា​ជំរុញ​ឱ្យ​មាន​តម្រូវការ​ទិញ​មាស​បន្ថែម​ទៀត​ដែល​ជា​កត្តា​ជំរុញ​ឱ្យ​មាស​ឡើង​ថ្លៃ​បន្ថែម»។

ប្រទេសមហាអំណាចមាន​ឥទ្ធិពលើ​តម្លៃមាស​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​និយាយ​ថា ផ្អែក​លើ​ប្រវត្តិសាស្រ្ត«មាស»​គឺ​ជា​វត្ថុមាន​តម្លៃ​ដែល​កើន​តម្លៃ​ខ្ពស់​នៅ​ពេល​ពិភពលោក​ជួប​ប្រទះ​នឹង​​អស្ថិរភាព​នយោបាយ សង្គ្រាម ឬ​ភាព​វឹកវរ​ណាមួយ។ ជាក់ស្តែង​វិបត្តិ​ដែល​កើត​មាន​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ ពិសេស​បញ្ហា​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ និង​សង្រ្គាម​រវាង​ប្រទេស​រុស្ស៊ី-​អ៊ុយក្រែន ព្រម​ទាំង​សង្គ្រាម​នៅ​តំបន់​មជ្ឈឹមបូព៌ា គឺ​សុទ្ធតែ​ធ្វើ​ឱ្យ​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​ជួប​បញ្ហា។

លោក​បន្ថែម​ថា តម្លៃ​មាស​ក៏​នឹង​ប្រែប្រួល​ទៅ​តាម​គោល​នយោបាយ​ការ​បរទេស និង​គោល​នយោបាយ​ហិរញ្ញវត្ថុ​របស់​ប្រទេស​មហា​អំណាច​ពិភព​លោក​។

លោក​បាន​ថ្លែង​ថា៖​«ដោយសារ​មាស​ គឺ​ជា​ទំនិញ​ដែល​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​នយោបាយ​ និង​សន្តិសុខ​ពិភពលោក ដូច្នេះ​យើង​នឹង​រង់​ចាំ​មើល​នៅ​ក្នុង​ពេល​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​(មហា​អំណាច​នយោបាយ និង​សេដ្ឋកិច្ចទី​១ លើ​ពិភពលោក) នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ថា តើ​បេក្ខជន​មក​ពីគណបក្ស​ណា​នឹង​ទទួល​ជោគជ័យ ហើយ​មេដឹកនាំ​អាមេរិក​នឹង​មាន​គោល​នយោបាយ​បែបណា​ចំពោះ​ប្រទេស​មួយ​ចំនួន​ដូច​ជា កូរ៉េ​ខាងជើង និង​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន និង​អ៊ីស្រាអ៊ែល ជាដើម​»។

រ៉ែមាស​ដែល​ក្រុមហ៊ុន​នៅ​កម្ពុជា​ចម្រាញ់​បាន​នា​ពេល​កន្លង​មក។ សហការី

រោងចក្រ​ចម្រាញ់​រ៉ែមាស​នៅ​កម្ពុជា ​ចាប់​ផ្តើម​ដំណើរការ​ផ្លូវការ​កាល​ពីខែមិថុនា ឆ្នាំ ២០២១​

អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លើក​ដំបូង​របស់​កម្ពុជា​បាន​បើក​ដំណើរការ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ ២០២១ ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្រ្តាលី​ Renaissance Minerals (Cambodia) Limited នៅ​ក្នុង​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ នៃ​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែមាស​របស់ Renaissance Minerals (Cambodia) Limited បាន​ចាប់​ផ្ដើម​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ដោយ​ប្រើប្រាស់​ទុន​វិនិយោគ​សរុប​ប្រមាណ ១២០លាន​ដុល្លារ។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ធ្លាប់​បាន​ប្រកាស​ថា ខ្លួន​អាច​មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ​ជិត ២ លាន​តោន ក្នុង​មួយ​ឆ្នាំ និង​អាច​ចម្រាញ់​ចេញ​ជា​ដុំមាស​កម្រិត ៩០ ភាគរយ ហើយ​អាច​ទាញ​ចំណូល​ប្រមាណ ១៨៥ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​ចំណូល​ថវិកា​ជាតិ​ពី​សួយសារ និង​សារពើ​ពន្ធ​ផ្ទាល់​មាន​ប្រមាណ ៤០ លាន​ដុល្លារ។

រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល លោក កែវ រតនៈ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ បាន​និយាយ​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែមាស​នៅ​កម្ពុជា​ដែល​មាន​អាជ្ញាបណ្ណ មាន​ចំនួន ៩ ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd អនុវត្ត​បាន​ល្អជាង​គេ។

ក្រសួងរ៉ែ និង​ថាមពល ធ្លាប់​បាន​ប្រកាស​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២៣ កម្ពុជា​ចម្រាញ់​រ៉ែមាស បាន​ប្រមាណ ៩,៥ តោន៕