កម្ពុជា និង​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​តួកគី បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​(MOU) ​ស្តីពី​ការ​អនុវត្ត​សិទ្ធិ​ហោះហើរ​កូធ័រមីណល​​ (Co-terminal Rights) ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ និង​ទំនិញ​តាម​ផ្លូវ​អាកាស​រវាង​ប្រទេស​ទាំង ២ ក៏​ដូចជា​ការ​តភ្ជាប់​តាម​ផ្លូវ​អាកាស​ពី​អឺរ៉ុប មក​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MOU) ស្តីពី​ការ​អនុវត្ត​សិទ្ធិ​ហោះហើរ​កូធ័រមីណល (Co-terminal Rights) រវាង​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​កម្ពុជា ជាមួយ​​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​តួកគី ត្រូវ​បាន​ធ្វើ​ឡើង​អំឡុងការ​​ចូល​ព្រឹត្តិការណ៍ ICAO Air Services Negotiation Event - ICAN2024 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ គណៈប្រតិភូ​កម្ពុជា​ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក ម៉ៅ ហាវណ្ណាល់ ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា។


អ្នកនាំ​ពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២២ ខែ​តុលា​ថា MoU ដែល​បាន​ចុះ​ហត្ថលេខា​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់​ប្រភេទ General Aviation​ Fly ដែល​អាច​មាន​ទាំង​ការ​ហោះហើរ​ត្រង់​សម្រាប់​ដឹក​ជញ្ជូន​មនុស្ស និង​ទំនិញ។

លោក​ថ្លែង​ថា៖​«​យើង​មាន​បំណង​ចង់​ឱ្យ​មាន​ក្រុមហ៊ុន​​អាកាសចរណ៍​ក្នុង​ស្រុក​របស់​យើង ហោះ​ទៅ​មក​រវាង​ប្រទេស​ទាំង ២ នៅ​ថ្ងៃ​ណាមួយ​»។


បើ​តាម​លោក ​ចាន់សិរីវុត្ថា អាជ្ញាធរ​កម្ពុជា មាន​បំណង​ចង់​ឱ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ធ្វើ​ការ​ហោះហើរ​បើក​សម្ពោធ​ផ្លូវ​ហោះហើរ​មួយ​នេះ​។

MOU ស្តីពី​ការ​អនុវត្ត​សិទ្ធិ​ហោះហើរ​កូធ័រមីណល ​(Co-terminal Rights) ដែល​បាន​ចុះ​ហត្ថលេខា​នេះ​នឹង​ជំរុញ​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់​ដឹក​ជញ្ជូន​អ្នក​ដំណើរ និង​ទំនិញ​តាម​ផ្លូវ​អាកាស​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​សម្រួល​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ពី​អឺរ៉ុប មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​គោល​នយោបាយ​ថ្មី​របស់​កម្ពុជា ក្រោយ​ពី​បានទទួល​ការ​ឯកភាព​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃទី ២៣ ខែ​មេសា ឆ្នាំ ២០២៤។

លោក​បាន​បន្ត​ថា ការ​នេះក៏​ស្រប​ទៅ​នឹង​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល​ដែល​តម្រូវ​ឱ្យ​រដ្ឋ​លេខាធិការដ្ឋាន​អាកាស​ចរ​ស៊ីវិល​កម្ពុជា​ពង្រីក​វិសាលភាព​នៃ​ការ​ហោះហើរ​ទៅ​កាន់​តំបន់​មជ្ឈឹមបូព៌ា និង​អ៊ឺរ៉ុប។

លោក​បាន​ប្រាប់​ថា៖​«​សម្រាប់​ជើង​ហោះហើរ​កម្ពុជាជា​មួយ​ប្រទេស​តួកគី គឺ​ធ្លាប់​មាន​ជា​ប្រភេទ​យន្តហោះ​ដឹក​ទំនិញ​(Cargo​)កាល​ពី​​ឆ្នាំ ២០១៦ ដោយ​ ក្នុង ១ សប្តាហ៍​មាន​ ១​ជើង​ មុន​ពេល​ផ្អាក​ទៅ​វិញ​ក្នុង​ឆ្នាំ​២០២៣។ សម្រាប់​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​គឺមិន​មាន​នោះ​ទេ​»។

យោង​តាម​លោក ​ចាន់សិរីវុត្ថា បន្ទាប់​ពី​ចុះ MoU នេះ​រួច ភាគី​ទាំង ២ នៅ​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​មុន​នឹង​ឈាន​ទៅ​ចាប់​ផ្តើម​ការ​អនុវត្ត​ជាក់​ស្តែង​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) លោក ធួន ស៊ីណាន បាន​និយាយ​ថា ព្រលាន​យន្តហោះ​នៅ​ទីក្រុង Istanbul នៃប្រទេស​តួកគី គឺ​ជា​កន្លែង​ប្រមូល​ផ្តុំដ៏​ធំមួយ​(Hub)​នៅ​តំបន់​នោះ ដូច្នេះ​ប្រសិន​បើ​កម្ពុជា​អាច​តភ្ជាប់​ជើងហោះផ្ទាល់​ជាមួយ​គ្នា​នោះ គឺ​កម្ពុជា​រំពឹង​នឹង​​ទទួល​បាន​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន។

លោក​បាន​អះអាង​ថា៖​«​បច្ចុប្បន្ន​ព្រលាន​យន្តហោះ​ក្នុង​ប្រទេស​តួកគី គឺ​ជា​កន្លែង​ចុះចត​យន្តហោះ​ជា​ច្រើន​ដែល​ធ្វើ​ដំណើរ​រវាង​ទ្វីប​អ៊ឺរ៉ុប និង​អាស៊ី។ វា​នឹង​ផ្តល់​គុណតម្លៃ​យ៉ាង​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​»។​

ចន្លោះ​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៤,២៩ លាន​នាក់កើន​ឡើង ២២,៥ ភាគរយ​ធៀប​នឹង​​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣។​

ក្នុង​ចំណោម​ភ្ញៀវ​ខាង​លើ គឺ​ភ្ញៀវ​មក​ពី​ប្រទេស​តួកគី មាន​ចំនួន ៥ ០០៩ នាក់ កើន​ឡើង ៩០,៧ ភាគរយ។ ​ភ្ញៀវចំនួន ៤ ០៥១ នាក់​មក​ក្នុង​គោល​បំណង​ទេសចរណ៍, ជំនួញ ៩៥២ នាក់ និង​ផ្សេងៗចំនួន ៦ នាក់​៕​ នេះ​បើយោង​តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍៕