កម្ពុជា​កំពុង​សិក្សា​ទៅ​លើ​សំណើ​ចូល​រួម​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស​ចំនួន ៦​ តាម​គោល​នយោបាយ​ទិដ្ឋាការ​ទេសចរណ៍​ «ប្រទេស​៦ គោល​ដៅ​តែ​មួយ»។

ការ​ពិចារណា​ទៅ​លើ​គំនិត​ផ្ដួច​ផ្ដើម​នេះ​ មាន​ឡើង​បន្ទាប់​ពី​ជំនួប​មួយ កាល​ពី​ថ្ងៃ​ទី២១ ខែតុលា​នេះ​រវាង​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ជាមួយ​លោក Dusit Manapan និង​អ្នកស្រី Chayika  Wongnapachant ទីប្រឹក្សា​រដ្ឋមន្ត្រី​ការបរទេស​ថៃ Maris Sangiampongsa។


កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា លោក​រដ្ឋមន្ត្រី​ ហួត ហាក់ បាន «ឯកភាព» ជាមួយ​គំនិត​ផ្ដួច​ផ្ដើម​នេះ និង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ដូចជា​ក្រសួង​មហាផ្ទៃ ជាដើម​ មុន​នឹង​ដាក់​ជូន​ខុទ្ទកាល័យ​រាជរដ្ឋាភិបាល​ដើម្បី​ពិចារណា នៅ​មុន​​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ Paetongtarn Shinawatra មក​កម្ពុជា​នា​ពេល​ខាង​មុខ។

យោង​តាម​កាសែត​ដដែល គំនិត​ផ្ដួច​ផ្ដើម ​«ប្រទេស​៦ គោលដៅ​តែ​មួយ» បង្កើត​ឡើង​ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ទេសចរណ៍ រវាង​ប្រទេស​ថៃ កម្ពុជា ឡាវ ព្រុយណេ ម៉ាឡេស៊ី និង​វៀតណាម។ អាជ្ញាធរ​ថៃ​គ្រោង​យក​កម្ពុជា​ជា​ប្រទេស​ដើម្បី​សាកល្បង​ មុន​ពេល​ពង្រីក​គំនិត​ផ្ដួច​ផ្ដើម​ទៅ​ប្រទេស​ផ្សេង​ទៀត។


បើ​តាម​បាងកកប៉ុស្តិ៍ ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ចន្ទ ក៏​មាន​ការ​ពិភាក្សា​អំពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ទេសចរណ៍ ដូចជា កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​ឯកជន ការ​តភ្ជាប់​ទិសដៅ​ទេសចរណ៍ ជាពិសេស​តំបន់​បេតិកភណ្ឌ​ពិភពលោក និង​ការ​តភ្ជាប់​ការ​ជើង​ហោះហើរ​រវាង​ប្រទេស​ទាំង​៦។ 

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​ការ​សម្រួល​នៅ​ក្នុង​ពិធីបុណ្យ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​មួយ​ចំនួន ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ថៃ ឡាវ​ បុណ្យ​ចូល​ឆ្នាំ​ចិន តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ការ​ស្នាក់​នៅ និង​ការ​ផ្ដល់​សេវាកម្ម​អន្តោប្រវេសន៍​ឆាប់​រហ័ស។

លោក តុប សុភ័ក្រ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា ភាគី​ថៃ​បាន​លើក​ឡើង​ពី​ទេសចរណ៍​៦ប្រទេស គោលដៅ​តែ​មួយ ហើយ​លោក​រដ្ឋមន្ត្រី ហួត ហាក់​ ក៏​បាន​មើល​ឃើញ​ថា​ជា​គំនិត​ផ្ដួចផ្ដើម​ល្អ ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍។ 

លោក​ថ្លែង​ដូច្នេះ​ថា៖ «ប៉ុន្តែ​កិច្ច​ការ​នេះ វា​ជា​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។ ដូច្នេះ​ហើយ យើង​នឹង​សិក្សា​លម្អិត​ជាមួយ​ក្រុម​ការងារ​ជំនាញ​ពាក់​ព័ន្ធ។ ឯក​ឧត្តម​រដ្ឋមន្ត្រី​មិន​បាន​ឯកភាព​ជា​គោលការណ៍​ក្នុង​ការ​ចូលរួម​ណា​មួយ​នោះ​ទេ លោក​បាន​ទទួល​យក​សំណូមពរ​នេះ​មក​ពិចារណា គឺ​មិន​មាន​មាន​ការ​ឯកភាព​ធ្វើ​ការ​យ៉ាងណា​ជាមួយ​គ្នា​យ៉ាងណាៗ​នៅ​ឡើយ​​ទេ»។

លោក​បន្ត​ថា៖ «សំណើ​នេះ​ត្រូវ​បាន​យក​មក​ពិចារណា​ដើម្បី​សិក្សា​អំពី​ការងារ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ជំនាញ​ផ្សេងៗ​ទៀត​ ទើប​អាច​សម្រេច​នា​ពេល​ក្រោយ»៕