ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា កម្ពុជា​មិន​បាន​បង្ហាញ​ជំហរ​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​​ «ប្រទេស​៦ គោល​ដៅ​តែ​មួយ» “Six countries, One Destination” របស់​ថៃ​នោះ​ទេ ប៉ុន្តែ បាន​បញ្ជាក់​ទៅ​ភាគី​ថៃ​ថា ​ក្រសួង​ទេសចរណ៍​​«សូម​ធ្វើ​ការ​កត់​សម្គាល់​លើ​គំនិត​ផ្តួច​ផ្តើម​នេះ​ និង​ស្នើ​សុំ​ភាគី​ថៃ​ផ្តល់​ឯកសារ​ទស្សនទាន​ដែល​គ្រប់​ជ្រុង​ជ្រោយ ​និង​ឯកសារ​ពាក់​ព័ន្ធ​នឹង​គំនិត​ផ្តួច​ផ្តើម​នេះ​តាម​ផ្លូវ​ការទូត»។

គំនិត​ផ្ដួច​ផ្ដើម «ប្រទេស​៦ គោលដៅ​តែ​មួយ» ត្រូវ​បាន​លោក Dusit Manapan ទីប្រឹក្សា​រដ្ឋមន្ត្រី​ការបរទេស​ថៃ ​លើក​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កាល​ពី​ថ្ងៃ​ទី២១ ខែ​តុលា។ បន្ទាប់​ពី​ជំនួប​នេះ សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា កម្ពុជា ​«គាំទ្រ​» គំនិត​ផ្ដួច​ផ្ដើម​នេះ។


នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី២៣​ ខែ​តុលា​នេះ ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​បាន​បញ្ជាក់​ពី​កិច្ចការ​នេះ​នៅ​ក្នុង​លិខិត​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍ លេខ​១៦៣ MOT ចុះ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០២៤ ផ្ញើ​ជូន​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​កម្ពុជា។

គំនិត​ផ្ដួច​ផ្ដើម​ «ប្រទេស​៦ គោលដៅ​តែ​មួយ» ត្រូវ​បាន​ភាគី​ថៃ​ផ្ដួចផ្ដើម​ឡើង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​សម្រាប់​ភ្ញៀវ​ទេសចរ​​នៅ​ក្នុង​ប្រទេស​ចំនួន ៦ រួម​មាន ថៃ កម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និង​ ព្រុយណេ។ 


ក្នុង​រយៈ​ពេល ៨ ខែ ​ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៤,២៩ លាន​នាក់​ កើន​ឡើង ២២,៥ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៣។ ទេសចរ​មក​ពី​ប្រទេស​ថៃ មាន​ចំនួន​ច្រើន​ជាង​គេ​ គឺ ១,៣៤ លាន​នាក់ កើន​ឡើង​ ១៣ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​ចំនួន​នេះ គឺ​ស្មើ​នឹង​ ៣១,៣២ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​ទាំង​អស់។ នេះ​បើ​តាម​ស្ថិតិ​ពី​ក្រសួង​ទេសចរណ៍។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក​ (PATA) យល់​ឃើញ​ថា កម្ពុជា​គួរ​ចូលរួម​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​នេះ ហើយ​លោក​គាំទ្រ​ឲ្យ​មាន​គំនិត​ផ្ដួច​ផ្ដើម​បែប​នេះ​នៅ​ក្រុង​ក្របខណ្ឌ​អាស៊ាន​តែ​ម្ដង ដែល​បូករួម​ទាំង​ប្រទេស​ទីម័រ​ខាងកើត ​មាន​ចំនួន ១១ ប្រទេស ហើយ​ប្រជាជន​សរុប​មាន​រហូត​ដល់​ជាង ៦០០​លាន​នាក់។ 

លោក​ថ្លែង​ថា៖ «បើ​សួរ​ថា កម្ពុជា​គួរ​ចូលរួម ឬ​មិន​គួរ​ចូលរួម សម្រាប់​ខ្ញុំ វា​ចាំបាច់​ណាស់​ គួរ​ចូល​រួម ប៉ុន្តែ​ធ្វើ​ម៉េច​ឲ្យ​មាន​តម្លា​ភាព ពីព្រោះ​ប្រទេស​ថៃ​មាន​គំនិត​ច្រើន ហើយ​កិច្ចការ​របស់​គេ​តែង​មាន​ផែន​ការ​ជាក់​លាក់។ ដូច្នេះ ដើម្បី​កុំ​ឲ្យ​បាត់​បង់​នូវ​ផល​ប្រយោជន៍​របស់​យើង យើង​ត្រូវ​តែ​មាន​យន្តការ យើង​ត្រូវ​តែ​មាន​ផែនការ​ជាក់​លាក់​របស់​យើង​ដូច​គ្នា​ដែរ»។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ (ស្ដាំ) និង​លោក Dusit Manapan ទីប្រឹក្សា​រដ្ឋមន្ត្រី​ការបរទេស​ថៃ ក្នុង​ជំនួប​​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២១ ខែតុលា ២០២៤។ ក្រសួង​ទេសចរណ៍

លោក​បន្ត​ថា ប្រទេស​ថៃ ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម ប្រាកដ​ជា​មាន​យន្តការ និង​ផែនការ​ដើម្បី​បាន​ជា​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​របស់​គេ។ លោក​បន្ត​ថា លោក​មើល​មិន​ឃើញ​មាន​អ្វី​ជា​ហានិភ័យ​ធំដុំ​ទេ នៅ​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​នេះ​ ព្រោះ​កម្ពុជា ​មាន​ច្បាប់​អន្តោ​ប្រវេសន៍​របស់​ខ្លួន​ល្អ​ត្រឹម​ត្រូវ។ 

បើ​តាម​លោក ស៊ីណាន ប្រទេស​ទាំង​៤ រួម​មាន​កម្ពុជា ​ថៃ វៀតណាម និង​ឡាវ សុទ្ធតែ​ជា​ប្រទេស​នៅ​ក្នុង​ផែនទី​ទស្សនា​របស់​​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អឺរ៉ុប។ ដូច្នេះ បើ​មាន​គោលនយោបាយ​ទិដ្ឋាការ​ដូច​គ្នា គឺ​ជា​រឿង​ល្អ​របស់​កម្ពុជា។ លោក​ថា ថៃ​មាន​ភាព​វ័យ​ឆ្លាត​លើ​វិស័យ​ទេសចរណ៍​តាម​រយៈ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ហើយ​បាន​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​ច្រក​ទ្វារ​មកដល់​ដំបូង​នៃ​ភ្ញៀវ​ទេសចរ មុន​នឹង​ពួក​គេ​ទៅ​ទស្សនា​ប្រទេស​ទាំង​៥​ផ្សេង​ទៀត។

លោក​បន្ត​ថា ប្រសិន​បើ​កម្ពុជា​ចូលរួម​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​នេះ កម្ពុជា ក៏​អាច​ឆក់​ឱកាស​នេះ​ដោយ​បង្កើត​យន្តការ​ពិសេស​អ្វី​មួយ ដើម្បី​ឲ្យ​កម្ពុជា​គឺជា​ច្រក​ចូល​ធំ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ជាជាង​គ្រាន់​តែ​ជា​កង់​សាគួរ​របស់​ថៃ។ កិច្ចការ​នេះ​អាស្រ័យ​លើ​គោល​នយោបាយ​របស់​កម្ពុជា បូក​រួម​ទាំង​ការ​ភ្ជាប់​ជើង​ហោះ​ហើរ​ឲ្យ​បាន​ច្រើន​ផង​ដែរ។ 

បើ​តាម​ការ​យល់​ឃើញ​របស់​លោក តាម​រយៈ​គំនិត​ផ្ដួច​ផ្ដើម​នេះ ប្រទេស​ថៃ​អាច​ប្រាប់​ទៅ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ថា ប្រសិន​បើ​ពួក​គេ​ទិញ​កញ្ចប់​ទេសចរណ៍​ថៃ​ ពួកគេ​អាច​មក​ទស្សនា​ប្រទេស​ថៃ ហើយ​អាច​បន្ត​ទៅ​ទស្សនា​ប្រទេស​៥​ផ្សេង​ទៀង​ដោយ​មិន​ចាំ​បាច់​ចំណាយ​សម្រាប់​ទិដ្ឋាការ។ កម្ពុជា​ក៏​អាច​ធ្វើ​ដូច្នេះ​បាន​ដែរ។

លោក ឈត ប៊ុនថង អ្នក​ជំនាញ​ទំនាក់​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ក្នុង​សម័យ​ប្រកួត​ប្រជែង​យក​ឈ្នះ​គ្នា​គ្រប់​វិស័យ​​នេះ វា​ចាំបាច់​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដទៃ រួម​ទាំង​គំនិត​ផ្ដួច​ផ្ដើម​នេះ​ដែរ ដែល​លោក​ចាត់​ទុក​ថា​ជា​ឱកាស។

លោក​ថ្លែង​ថា៖ «ពេល​ចូល​ទៅ​អ្នក​ណា​យក​ចំណេញ អ្នក​ណា​ខ្លាំង អ្នក​ណា​ទាញ​បាន​ផល​ប្រយោជន៍​ច្រើន​ជាង វា​ជា​រឿង​ជាក់​ស្ដែង។ ពេល​យើង​ចូល​ទៅ យើង​កុំ​ពឹង​លើ​ប្រទេស​ណា​មួយ ប៉ុន្តែ​យើង​ពឹង​លើ​ខ្លួន​ឯង។ ដំបូង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ធ្វើ​ម៉េច​ឲ្យ​ទេសចរ​មក​ប្រទេស​ទាំង​៦ បន្ទាប់​មក​ប្រទេស​នីមួយៗ​ត្រូវ​រៀប​ចំ​ខ្លួន​ឲ្យ​មាន​ភាព​ទាក់​ទាញ លើ​គោល​នយោបាយ​ទេសចរណ៍ សេវាកម្ម​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍»។

លោក​បន្ត​ថា៖ «វា​ជា​រឿង​ល្អ​លេង​ដែរ សំខាន់​យើង​ហ៊ាន​លេង​ឬ​អត់ ហើយ​យើង​ត្រៀម​ខ្លួន​ដើម្បី​លេង​ហ្គេម​នេះ​​ឬ​អត់។ វា​ដូច​ជា​ការ​ចូលរួម​ក្នុង​សមាគម​អាស៊ាន​ ឬ​ចូល​ WTO ដែល​ត្រូវ​បង់​លុយ​ប្រចាំ​ឆ្នាំ តើ​យើង​ទទួល​បាន​អ្វី​មក​វិញ? យើង​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​ប្រទេស​ផ្សេង​ទៀត តើ​យើង​បាន​អ្វី​មក​វិញ? គឺ​យើង​ត្រូវ​ទាញ​ប្រយោជន៍​ពី​ការ​ចូលរួម​​ទាំង​នោះ»។

បើ​តាម​លោក ប៊ុនថង មាន​តែ​ការ​ត្រៀម​ខ្លួន និង​មាន​កញ្ចប់​ទេសចរណ៍​ផ្ទាល់​ខ្លួន​ទេ ដែល​អាច​ឲ្យ​កម្ពុជា​ទាញ​យក​ផល​ប្រយោជន៍​ពី​គំនិត​ផ្ដួច​ផ្ដើម «ប្រទេស​៦ គោលដៅ​តែ​មួយ»។ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹង​រង់ចាំ​យក​«កន្ទុយ»​នៃ​កញ្ចប់​ទេសចរណ៍​របស់​ថៃ ឬ​ប្រទេស​ផ្សេង​ទៀត៕