ចរាចរណ៍​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ថៃ​បាន​ដំណើរការ​ទៅមុខ​ជា​ធម្មតា ដោយ​ក្នុង​រយៈ​ពេល ៩ខែ​ដើម​ឆ្នាំ​ ២០២៤ មាន​ទឹកប្រាក់​ជាង ៣,១ ពាន់​លាន​ដុល្លារ កើន​ជាង ១០ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣។ ប្រទេស​ថៃ គឺ​ជា​ដៃគូពាណិជ្ជកម្ម​ធំ​ទី ៤ របស់​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក និង​វៀតណាម​។ នេះ​បើ​តាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)។

ស្ថិតិ​កត់​ត្រា​ដោយ GDCE ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ ២០២៤ ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ថៃ មាន​ទឹក​ប្រាក់​សរុប ៣ ១៦៩,៣៦​ លាន​ដុល្លារ កើន​ឡើង​ ១២,៤ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣។


ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ប្រទេស​ថៃ​មាន​ចំនួន ៦៤៥,៥ លាន​ដុល្លារ ធ្លាក់ចុះ ១​ ភាគរយ ចំណែក​ទំនិញ​ថៃ​នាំ​មក​កម្ពុជា មាន​ចំនួន ២ ៥២៣,៨៦ លានដុល្លារ កើន​ឡើង ១៦,៤ ភាគរយ។ យោង​តាម​តួលេខ គឺ​កម្ពុជា​មាន​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​ចំនួន ១ ៨៧៨,៣៦ លាន​ដុល្លារ កើន​ឡើង​ពី​ ១ ៥១៥,៩៥ លាន​ដុល្លារ នា​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។

សម្រាប់​ខែ​កញ្ញា ឆ្នាំ ២០២៤ ការ​នាំ​ចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់ ៣៨១,៦៨ លាន​ដុល្លារ កើន​ឡើង ៣៧,៧៣​ ភាគរយ​បើ​ធៀប​ខែ​កញ្ញា ឆ្នាំ​ ២០២៣ ដោយ​ទំនិញ​កម្ពុជា​នាំចេញ មាន​ចំនួន ៧៤​ លាន​ដុល្លារ កើន​ឡើង ៥៥,៩ ភាគរយ និង​ទំនិញ​ថៃ​នាំចូល​ចំនួន ៣០៧,៦៨ លាន​ដុល្លារ កើន​ឡើង ៣៤ ភាគរយ។​


លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​មាន​ច្រក​ទ្វារ​ព្រំដែន​ច្រើន​ជាប់​ជាមួយ​ប្រទេស​ថៃ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី ២៣ ខែ​តុលា​ថា ការ​នាំ​ទំនិញ​ពី​ខេត្ត​បាត់ដំបង​ទៅ​ប្រទេស​ថៃ និង​ពី​ថៃ​ចូល​មក​កម្ពុជា​គឺ​មាន​ដំណើរ​ការ​ទៅ​មុខ​ជា​ធម្មតា​។ ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ថៃ មាន​ដូចជា ផ្លែស្វាយ ដំឡូង ពោត ម្រេច និងសណ្តែក​ ចំណែក​ទំនិញ​ដែល​ថៃ​នាំ​ចូល​វិញ​មាន​ដូចជា ​គ្រឿង​សំណង់ សម្ភារ​អគ្គិសនី គ្រឿង​យន្តកសិកម្ម ចំណី​អាហារ គ្រឿង​ទេស ភេសជ្ជៈ និង​ផ្លែឈើ ជាដើម។

លោក​ថ្លែង​ថា៖​«​លំហូរ​ទំនិញ​រវាង​កម្ពុជា និង​ថៃ​ គឺ​មាន​សកម្មភាព​ប្រហាក់​ប្រហែល​ឆ្នាំ​មុន»។

លោក​ប្រាប់​ទៀត​ថា ទោះយ៉ាង​ណា ប្រជា​កសិកម្ម និង​ឈ្មួញ​នាំ​ចេញ​កសិផល​ តែង​ជួប​នឹង​បញ្ហា​មួយ​ចំនួន​នៅ​ពេល​រដូវ​ប្រមូល​ផល​កសិផល​ចូល​មក​ដល់ ដោយ​ភាគី​ថៃ​តែង​រឹតបន្តឹង​ចំពោះ​ការ​នាំចូល​ពី​កម្ពុជា ដើម្បី​រក្សា​លំនឹង​ទីផ្សារ និង​តម្លៃ​កសិផល​នៅ​ក្នុង​ប្រទេស​របស់​គេ។​

ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​កោះកុង លោក សាលីម ហ្វារីត បាន​និយាយ​ថា ដោយសារ​ខេត្ត​កោះកុង​មាន​ព្រំដែន​ទឹក​ជាប់​ជាមួយ​ប្រទេស​ថៃ ដូច្នេះ​ការ​ផ្លាស់​ប្តូរ​ទំនិញ គឺ​មាន​មិន​សូវ​ច្រើន​ដូច​ផ្លូវ​គោក​ទេ។ ភាគ​ច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ប្រទេស​ថៃ គឺ​ជា​ផលិតផល​នេសាទ គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​ឧបករណ៍​អគ្គិសនី​ដែល​មាន​រោងចក្រ​នៅ​ក្នុង​ខេត្ត​កោះកុង​ រីឯ​ទំនិញដែល​ថៃ​នាំ​មក​កម្ពុជា​ភាគច្រើន​ជា​ បន្លែ ផ្លែឈើ គ្រឿងទេស និង​ភេសជ្ជៈ។

លោក​និយាយ​ថា៖​«​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​ថៃ តាម​រយៈ​ច្រក​ខេត្ត​កោះកុង គឺ​មិន​មាន​ច្រើន​ដូច​បណ្តា​ខេត្ត​នានា​ដែល​មាន​ព្រំដែន​គោក​ជាប់​គ្នា​ទេ»។

សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា សកម្ម​ភាព​នាំ​ចេញ​នាំ​ចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ គឺ​មាន​រៀង​រាល់​ថ្ងៃ ដោយ​ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ថៃ គឺ​ជា​ធន​ធាន​ធម្ម​ជាតិ និង​ផលិត​ផល​កសិកម្ម​មិន​ទាន់​កែច្នៃ ចំណែក​ទំនិញ​ដែល​ថៃ​នាំ​មក​វិញ គឺ​មាន​ច្រើន​ប្រភេទ​រាប់​ចាប់​តាំង​ពី​ចំណី​អាហារ សម្ភារ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ គ្រឿង​យន្ត​កសិកម្ម យាន​យន្ត ជីគីមី និង​សម្ភារ​សំណង់ ជា​ដើម​។

លោក​បន្ត​ថា ​ដោយ​សារ​ប្រទេស​ទាំង ២ មាន​ព្រំដែន​គោក និង​ទឹក​ជាប់​គ្នា​ជាច្រើន​កន្លែង​ ដូច្នេះចំនួន​ទឹក​ប្រាក់​ពាណិជ្ជ​កម្មទ្វេភាគី គឺ​ប្រាកដ​ជា​លើស​ពី​ការ​កត់​ត្រា​ផ្លូវការ​ច្រើន​។

លោក​បាន​ថ្លែង​ថា៖​«​ដោយ​សារ​សមត្ថ​ភាព​រោងចក្រ​/​សហគ្រាស​ផលិត និង​កែច្នៃ​ក្នុង​ប្រទេស​កម្ពុជា​មាន​កម្រិត ដូច្នេះ​តែង​មាន​លំហូរ​ផលិត​ផល​កសិកម្ម និង​ធនធាន​ធម្មជាតិ​ជា​ច្រើន​ទៅ​ប្រទេស​ថៃ។ ប្រទេស​ថៃ គឺ​ជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់​ផលិត​ផល​កសិកម្ម​កម្ពុជា​»។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ផ្នែក​ឯកជន​មួយ​ចំនួន​ទៅ​ធ្វើ​ទស្សន​កិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ។ ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​នោះ កម្ពុជា-​ថៃ បាន​ចុះ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​ (MoU) លើ​កិច្ច​សហ​ប្រតិបត្តិការ​ជា​ច្រើន ដោយ​ក្នុង​នោះ​ផ្នែក​ពាណិជ្ជ​កម្ម រួម​មាន MoU ស្តីពី​ទំនិញ​ឆ្លង​កាត់​រវាង​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​នាយក​ដ្ឋាន​គយ​ថៃ, MoU រវាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា និង​ធនាគារ​នាំចេញ​-​នាំចូល​ថៃ និង MoU រវាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា និង​គណៈ​កម្មាធិ​ការ​ពាណិជ្ជ​កម្ម​ថៃ។

តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​នោះ ភាគី​ទាំង​ ២ សង្ឃឹម​ថាចំណង​ទាក់​ទង​ការទូត ​ការ​ធ្វើ​ពាណិជ្ជ​កម្ម និង​វិនិ​យោគ​ទ្វេភាគី​នឹង​រឹត​តែ​រឹងមាំ​ថែម​ទៀត។ ជា​មួយ​គ្នា​នេះ​រដ្ឋាភិ​បាល​ប្រទេស​ទាំង ២ ក៏​បាន​ដាក់​គោល​ដៅ​សម្រេច​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឱ្យ​បាន ១៥​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២៥។

យោង​តាម GDCE ក្នុង​ឆ្នាំ​២០២៣ ការ​ធ្វើ​ពាណិជ្ជ​កម្ម​កម្ពុជា​-ថៃ  មាន​ទឹក​ប្រាក់​សរុប ៣,៧១​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ១៧​ភាគ​រយ​ធៀប​ឆ្នាំ​២០២២ ក្នុង​នោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ថៃ​ ៨១៧,៥៧​លាន​ដុល្លារ ធ្លាក់​ចុះ ១,៧​ភាគ​រយ និង​ថៃ​នាំមក​កម្ពុជា​ ២,៨៩​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ២០,៥​ភាគ​រយ៕