អាជ្ញាធរ​អាកាសចរស៊ីវិល​កម្ពុជា​បាន​ជួប​ជាមួយ​អាជ្ញាធរ​ផ្នែក​ដឹក​ជញ្ជូន​ម៉ាឡេស៊ី​ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​ក្នុង​ការ​បង្កើន​ចំនួន​ជើង​ហោះហើរ​ត្រង់​ជា​មួយ​គ្នា​ឱ្យ​បាន​ច្រើន​គោលដៅ និង​ច្រើន​ជើង​ប្រហាក់​ប្រហែល​នឹង​មុន​ការ​លេច​ឡើង​វត្តមាន​ជំងឺ​កូវីដ​១៩ ខណៈ​រយៈពេល ៨ខែ​ដើម​ឆ្នាំ ២០២៤ ជនជាតិ​ម៉ាឡេស៊ី​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​មាន​ប្រមាណ​ជាង ៦ ម៉ឺននាក់។

រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ម៉ៅ ហាវណ្ណាល់ ក្នុង​អំឡុង​ពេល​ចូល​រួម​ព្រឹត្តិការណ៍​ស្តីពី​ការ​ចរចា​កិច្ច​ព្រមព្រៀង​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស ដែល​រៀបចំ​ដោយ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (ICAO Air Services Negotiation Event - ICAN2024) នៅ​រដ្ឋធានី​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ ២០២៤ បាន​ជួប​ពិភាក្សា​ជាមួយ​ លោក Loke Siew Fook រដ្ឋមន្ត្រី​ដឹកជញ្ជូន​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ពិភាក្សា​លើ​ផែនការ​សំខាន់​ៗ​មួយ​ចំនួន​ទាក់​ទង​នឹង​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​។


យោង​តាម​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​ បញ្ហា​សំខាន់​ៗ​ចំនួន ៣ ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ រួមមាន​ ១. ការ​ជំរុញ​ការ​ស្តារ​ជើងហោះហើរ​ឡើង​វិញ​រវាង​ប្រទេស​ទាំង២ ឱ្យ​ដូច​មុន​វិបត្តិ​ជំងឺ​កូវីដ-​១៩ ឬ​ឆ្នាំ ២០១៩, ២. ជំរុញ​ឱ្យ​មាន​ការ​ដាក់​ជើង​ហោះហើរ​ឡើងវិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ទៅ​កាន់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ, និង​ ៣. ស្នើសុំ​ឱ្យ​មាន​ការ​តភ្ជាប់​ជើងហោះហើរ​ពី​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​ម៉ាឡេស៊ី ដូចជា ទីក្រុង​ប៉េណាំង ទីក្រុង​ជហូប៉ារូ និង​ទីក្រុង​កូតាគីណាបាលូ មក​កាន់​ប្រទេស​កម្ពុជា។

លោក ហូ វណ្ឌី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគម​ទេសចរណ៍​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ World Express Co., Ltd(Ho Vandy, Board chairman at Cambodia Tourism Association-CATA, Managing Director of World Express Co., Ltd) បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ប្រសិន​បើ​កម្ពុជា​អាច​មាន​ជើងហោះហើរ​អន្តរជាតិ​កាន់​តែ​ច្រើន គឺ​វា​នឹង​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ចរន្ត​នៃ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស និង​ទំនិញ​​ច្រើន​ជាង​មុន។ ​មុន​ពេល​មាន​វិបត្តិ​កូវីដ​១៩ កម្ពុជា​មាន​ជើង​ហោះហើរ​ជា​មួយ​ប្រទេស​ម៉ាឡេស៊ីជាច្រើន​ជើង​ក្នុង ១សប្តាហ៍។​


លោក​បន្ត​ថា ជនជាតិ​ម៉ាឡេស៊ី​ធ្វើ​ដំណើរ​មក​កម្ពុជា គឺ​មាន​ទាំង​ភ្ញៀវ​ទេសចរ អ្នក​មក​បំពេញ​ការងារ និង​អ្នក​វិនិយោគ។

លោក​បាន​ថ្លែង​ថា៖​«​ប្រទេស​ម៉ាឡេស៊ី​មាន​ព្រលាន​យន្តហោះ​ធំ​ និង​មមាញឹក​មួយ​លើ​ពិភពលោក ដូច្នេះបើមាន​ជើង​ហោះហើរ​តភ្ជាប់​មក​កម្ពុជា​កាន់​តែច្រើន វា​នឹង​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជនជាតិ​ម៉ាឡេស៊ី ក៏​ដូច​ជា​ជន​បរទេស​ផ្សេង​ទៀត​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា​កាន់​តែ​ច្រើន»។​

លោក​បន្ថែម​ថា៖​«​ដើម្បី​ឱ្យ​កិច្ច​ការ​នេះ​បោះ​ជំហាន​ទៅមុខកាន់តែលឿន វា​ក៏​ត្រូវ​ការ​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​ក្នុង​ការពង្រឹក និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ឱ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​ផងដែរ»។

លោក វណ្ឌី បាន​ប្រាប់​ទៀត​ថា បន្ទាប់​ពី​ការ​កាត់​បន្ថយ​ចំនួន​ជើង​ហោះហើរ​យ៉ាង​ច្រើន​ក្នុង​អំឡុង​ពេល​ជាង ៣​ឆ្នាំ​នៃ​វិបត្តិ​​​ជំងឺកូវីដ​១៩ គឺ​ចាប់​ពី​ខែ​តុលានេះ​តទៅ នឹង​មាន​ជើងហោះហើរត្រង់​រវាង​ទីក្រុងគូឡាឡំពួរ-ភ្នំពេញ ជា​រៀង​រាល់​ថ្ងៃ​ (ថ្ងៃ​ខ្លះមានលើសពី​ ២ជើង) ​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Malaysia Airlines និង AirAsia។

ទាក់ទង​នឹង​ផែនការ​ចង់​ឱ្យ Malaysia Airlines បើកការ​ហោះហើរ​ត្រង់​មក​កាន់​ខេត្ត​សៀមរាប លោក វណ្ឌី ​និយាយ​ថា៖​«​បើមានជើងហោះហើរ​​តភ្ជាប់​ពី​ទីក្រុងនានា​ក្នុង​ប្រទេស​ម៉ាឡេស៊ី មក​កាន់​ខេត្ត​សៀមរាប គឺវា​នឹងលើក​ទឹកចិត្ត​ឱ្យ​អ្នក​ចង់​មក​កម្សាន្ត​​កម្ពុជា​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ វា​ក៏​បង្កភាព​ងាយ​ស្រួល​សម្រាប់​ជនជាតិ​ខ្មែរ​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ផងដែរ»។

រយៈពេល ៨ ខែ​ដើម​ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៤,២៩ លាន​នាក់ កើន​ឡើង ២២,៥ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣។

ភ្ញៀវ​មក​ពី​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួ ៦១ ២២៦ នាក់​ កើន​ឡើង ១,៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែល​ចំនួន​នេះ គឺ​ស្មើ​នឹង ១,៤​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​ទាំង​អស់​ចូល​មក​កម្ពុជា​ក្នុង​រយៈពេល ៨​ខែ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍។

ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​កត់​​ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែមករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០២៤ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ម៉ាឡេស៊ី មាន​ទឹកប្រាក់​សរុប ៦៥៩,៨៤​ លាន​ដុល្លារ កើន ៣៥,៦​ ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣។

ក្នុង​ចំនួន​នេះ​ គឺ​ទំនិញ​ម៉ាឡេស៊ី នាំមក​កម្ពុជា​ មាន​ចំនួន ៥៦៣,៨៤​ លាន​ដុល្លារ កើន ៣៦ ភាគរយ និង​ទំនិញ​កម្ពុជា​នាំទៅ​ម៉ាឡេស៊ី ៩៦ ​លាន​ដុល្លារ កើនឡើង ៣៣,៣ ​ភាគរយ៕