ភ្ញៀវ​អន្តរជាតិ​ជិត ៥ លាន​នាក់​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​រយៈពេល ៣​ត្រីមាស​ដំបូង​ឆ្នាំ ២០២៤ កើន​ឡើង​ប្រមាណ​ ១/៥ ​ដង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​មុន ខណៈ​ទេសចរ​ជាតិ​ចំនួន​ជិត ១,៤​ លាន​នាក់​បាន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​។ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​ក្នុង​ថ្ងៃ​ទី​២៤ ខែ​តុលា នេះ​បង្ហាញ​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ សរុប ៤,៨ លាន​នាក់ កើន​ឡើង ២២,២​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។


ចំនួន​នេះ គឺ​ស្មើ​នឹង ៩៩,៧ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ឆ្នាំ ២០១៩ ដែល​ជា​ឆ្នាំ​ជាប់​កំណត់​ត្រា​នៃ​ការ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើន​បំផុត។

ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា ជាមួយ​នឹង​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ខាង​លើ​ ការ​លក់​បណ្ណ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ក៏​បង្ហាញ​ភាព​វិជ្ជមាន​ផងដែរ ដោយ​ការ​លក់​សំបុត្រ​សម្រេច​បាន​ចំនួន ៦៩៩ ៨៥០ សន្លឹក កើនឡើង ២៩,៧ ​ភាគរយ និង​ប្រមូល​ចំណូល​បាន​ ៣២,៥២ លាន​ដុល្លារ កើន​ឡើង ៣០,២​ភាគរយ។


ទន្ទឹម​នឹង​នេះ ក៏​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ១,៣៦ លាន​នាក់​បាន​ចេញ​ទៅ​ដើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ផងដែរ ដោយ​កើន​ឡើង​ប្រមាណ ៣,២ ភាគរយ​។ នេះ​បើ​តាម​ក្រសួង​ទេសចរណ៍។

រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក(Tob Sopheak) បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី២៤ ខែ​តុលា​ថា កត្តា​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ក្នុង​ប្រទេស គឺ​ជា​ហេតុផល​ចម្បង​ដែល​ជួយ​ទាក់​ទាញ​ភ្ញៀវ​អន្តរជាតិ​ឱ្យ​ធ្វើដំណើរ​មក​លេង​កម្សាន្ត ឬ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​។​

លោក​បន្ថែម​ថា ក្រៅ​ពី​កត្តា​សុខសន្តិភាព កម្ពុជា​ក៏​ជា​ប្រទេស​ដែល​មាន​តំបន់​ទេសចរណ៍​ច្រើន រាប់ចាប់តាំង​ពី​ទេសចរណ៍​បែប​វប្បធម៌ ប្រវត្តិសាស្រ្ត រ​ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ។ ចំណែក​គុណភាព​នៃ​ការ​ធ្វើ​បដិសណ្ឋារកិច្ច និង​កិច្ច​សហការ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា ជាមួយ​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ក៏​ល្អ​ប្រសើរ​ផងដែរ។

លោក​បាន​អះអាង​ថា៖​«​ជា​រួម​ក្នុង​ឆ្នាំ​២០២៤ នេះ​យើង​រំពឹង​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​រង្វង់​ ៦ ​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០២៥ ទើប​ស្ថានភាព​វិស័យ​ទេសចរណ៍​អន្តរជាតិ​អាច​នឹង​វិល​ត្រឡប់​មក​តួលេខ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​២០១៩»។

ឆ្នាំ​ ២០១៩ គឺជា​ពេល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើន​បំផុត គឺ​ចំនួន ៦,៦១ ​លាន​នាក់ កើន ៦,៦​ ភាគរយ​។ ចំណូល​ដែល​កម្ពុជា​ទទួលបាន​ពី​ទេសចរណ៍​អន្តរជាតិ​នៅ​ពេល​នោះ គឺ ៤,៩២​ ពាន់​លាន​ដុល្លារ​។ វិស័យ​ទេសចរណ៍ បាន​ចូលរួម​ចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ១២,១​ ភាគរយ​។

លោក សុភ័ក លើក​ឡើង​ទៀត​ថា កំណើន​ជើង​ហោះហើរ​អន្តរជាតិ​មក​កម្ពុជា ក៏​ជា​ចំណែក​មួយ​ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​អន្តរជាតិ​ឱ្យ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន​ផងដែរ។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ​ លោក ខៀវ ធី បាន​និយាយ​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​កម្ពុជា ពិសេស​ក្នុង​ខេត្ត​សៀមរាប​គឺ​ពិត​ជា​កើន​បើ​ធៀប​នឹង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន ដែល​ធ្លាក់​ចុះ​ស្ទើរ​ដល់​សូន្យ​ដោយ​សារ​ក្តីបារម្ភ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩។ ទោះ​យ៉ាង​ចំនួន​នេះ​គឺ​នៅ​ទាប​ជា​ឆ្ងាយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដោយ​នៅ​ពេល​នោះ គេ​ឃើញ​មាន​ភ្ញៀវ​អន្តរជាតិ​ជា​ច្រើន​ដើរ​កម្សាន្ត​នៅ​តាម​ប្រាសាទនានា​នា​ពេល​ថ្ងៃ និង​ពេល​យប់​នៅ​តំបន់ Pub Street។

លោក​បន្ត​ថា៖​«យើង​រំពឹង​ថា​ ចំនួន​ភ្ញៀវ​អន្តរជាតិ​មក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​នឹង​បន្ត​កើន​ឡើង​កាន់​តែ​ច្រើន​ចាប់​ពី​រដូវ​សម្បូរ​ភ្ញៀវ​នេះ​តទៅ។ ភ្ញៀវ​អន្តរជាតិ​នៅ​ពេល​នេះ គឺ​មាន​ភាគ​ច្រើន​មក​ពី​តំបន់​អ៊ឺរ៉ុប និង​អាមេរិក ខុស​ប្លែក​កាល​ពី​មុន​ឆ្នាំ ២០២០ ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​ក្នុង​តំបន់​អាស៊ី ពិសេស​ជនជាតិ​ចិន។

ក្នុង​ឆ្នាំ​ ២០២៣ មាន​ភ្ញៀវ​អន្តរជាតិ ៥,៤៥​ លាន​នាក់​បានមក​ប្រទេស​កម្ពុជា ដោយ​ចំនួន​នេះ​កើន​ឡើង ១៣៩,៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២២ ចំណែក​ទឹកប្រាក់​ដែល​រក​បាន​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ គឺ​ប្រមាណ ៣,០៤​ ពាន់​លាន​ដុ​ល្លារ កើនឡើង ១១៥ ​ភាគរយ​ពី​ចំនួន ១,៤១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២២​។​

យោង​តាម​របាយការណ៍ ជា​មធ្យម​អ្នកទេសចរ​អន្តរជាតិ​ស្នាក់នៅ​ប្រទេស​កម្ពុជា​ចំនួន​យ៉ាងតិច ៧​ ថ្ងៃ​។ នេះបើ​តាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍៕