ក្រសួង​ពាណិជ្ជកម្ម និង​ស្ថានទូត​ន័រវេស​ បាន​រៀបចំ​សិក្ខា​សាលា​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​បង្កើន​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​សម្រាប់​មន្ត្រី​និង​ភាគី​ពាក់ព័ន្ធ​អំពី​ការ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​ប្រទេស​ន័រវេស។

សិក្ខាសាលា​នេះ​ត្រូវ​បាន​បើក​ដោយ​លោក​ស្រី​ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​មាន​ការ​វត្តមាន​ចូល​រួម​របស់​លោក​ស្រី Astrid Emilie Helle​ ឯកអគ្គរាជទូត​ន័រវេស​ប្រចាំ​កម្ពុជា​ដែល​មាន​និវាសដ្ឋាន​នៅ​ប្រទេស​ថៃ ​និង​មន្ត្រី​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​រូប។ 


លោក​ស្រី​ ចម និម្មល បាន​ថ្លែង​អំណរគុណ​ដល់​ឯកអគ្គរាជទូត​ន័រវេស ដែល​បាន​ផ្តួច​ផ្តើម និង​ផ្ដល់​ការ​គាំទ្រ​ដល់​ការ​រៀបចំ​និង​ដំណើរ​ការ​សិក្ខាសាលា​នេះ សម្រាប់​ឱកាស​ធុរកិច្ច​និង​វិនិយោគ​ដែល​កំពុង​មាន​កំណើន​ក្នុង​ប្រទេស​ទាំង​ពីរ។

លោក​ស្រី​ថ្លែង​ថា រាជរដ្ឋាភិបាល​ទាំងពីរ​ពិត​ជា​មាន​បំណង​ទាញ​យក​ប្រយោជន៍​ពី​ការ​បំពេញ​បន្ថែម​ឱ្យ​គ្នា​ដើម្បី​ជំរុញ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់​តែ​ប្រសើរ​ទ្បើង​ថែម​ទៀត។


លោកស្រី​ថ្លែង​ថា៖ «តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP​ របស់​ប្រទេស​ន័រវេស ក្រុមហ៊ុន​នាំចេញ​កម្ពុជា​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ប្រព័ន្ធ​នេះ ​តួយ៉ាង គឺ​ផលិតផល​ទាំង​អស់​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​កម្ពុជា ទទួល​បាន​ការ​អនុគ្រោះ​រួចពន្ធ (Duty-Free) នៅ​ពេល​នាំចូល​ទៅ​កាន់​ប្រទេស​ន័រវេស ដោយ​ការ​នាំចេញ​ទាំង​នោះ​ត្រូវ​អនុលោម​តាម​វិធាន​ដើម​កំណើរ​ទំនិញ ​(Rules of Origin) និង​វិធាន​និង​លក្ខខណ្ឌ​ផ្សេងៗ​ដូច​មាន​ចែង​ក្នុង​ប្រព័ន្ធ​អនុគ្រោះ ​GSP»។

ស្ថានទូត​ន័រវេស បាន​ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោកស្រី ចម និម្មល និង​លោក​ស្រី Astrid Emilie Helle បាន​ពិភាក្សា​គ្នា​អំពី​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ និង​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ទំនាក់​ទំនង​នេះ​កាន់​តែ​រឹង​មាំ​នា​ពេល​អនាគត។

ស្ថានទូត​បន្ត​ថា ជំនួប​និង​សិក្ខា​សាលា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គនាយកដ្ឋាន​គយ​ន័រវេស​ (Tolletaten) បាន​រៀប​ចំ​សិក្ខាសាលា​មួយ​ដែល​ពិភាក្សា​អំពី​វិធី​ដែល​ធុរកិច្ច​នៅ​កម្ពុជា អាច​នាំចេញ​ទៅ​ប្រទេស​ន័រវេស​ដោយ​មិន​ជាប់​ពន្ធ​ តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP។

យោង​តាម​អគ្គនាយកដ្ឋាន​គយ​ន័រវេស ប្រទេស​កម្ពុជា​ទទួល​បាន​ការ​លើក​លែង​ពន្ធ​​តាម​ប្រព័ន្ធ GSP សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ន័រវេស ក្នុង​ឋានៈ​​កម្ពុជា​ ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច។ 

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង ន័រវេស មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​២០​នៅ​លើ​តារាង​ស្ថិតិ​ទំនិញ​នាំចេញ​នាំចូល​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នោះ​ទេ ដោយសារ​តែ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ​តូច​ពេក។ យោង​តាម​​គេហទំព័រ​ Trading Economics ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​តែ​ ៦,៧១​លាន​ដុល្លារ​ប៉ុណ្ណោះ​ នៅ​ឆ្នាំ​២០២២៕