ក្រសួង​ទេសចរណ៍​និង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​នឹង​រៀបចំ​វេទិកា​ទេសចរណ៍​កម្ពុជា-ឥណ្ឌា ឆ្នាំ​២០២៤​ នៅ ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា នៅ​ខេត្ត​សៀមរាប ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ។

ព្រឹត្តិការណ៍​ទេសចរណ៍​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «សក្តានុពល​នៃ​ទីផ្សារ​ទេសចរណ៍​ឥណ្ឌា​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា៖ កាលានុវត្តភាព និង​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ»។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍​ចុះ​ថ្ងៃ​ទី២៥ ខែតុលា។


ក្រសួង​ទេសចរណ៍​ថ្លែង​ថា៖ «វេទិកា​នេះ​រៀប​ចំឡើង​ក្នុង​គោល​បំណង​ចូល​រួម​លើក​កម្ពស់ និង​ផ្លាស់​ប្តូរ​វប្បធម៌​ ពិសេស​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ទ្វេភាគី​កម្ពុជា-ឥណ្ឌា ​ជំរុញ​លំហូរ​ទេសចរ និង​ទាក់​ទាញ​វិនិយោគិន​ឥណ្ឌា​មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​កម្ពុជា និង​ដើម្បី​ចូល​រួម​ជំរុញ​យុទ្ធនាការ ឆ្នាំ​ទេសចរណ៍ កម្ពុជា-ឥណ្ឌា លើក​ទី១ ២០២៤ ​និង ទស្សនា​សៀមរាប ឆ្នាំ​២០២៤»។

ព្រឹត្តិការណ៍​នេះ​ក៏​នឹង​ផ្តល់​ឱកាស​ឱ្យ​អ្នក​ជំនាញ​ទេសចរណ៍ ​វិស័យ​ឯកជន ភាគី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ជុំ​ពិភាក្សា ចែក​រំលែក​គំនិត​ថ្មីៗ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ល្អៗ និង​រិះរក​យុទ្ធសាស្ត្រ​ចូលរួម​អភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព និង​ភាព​ទទួលខុស​ត្រូវ និង​ផ្ដល់​ឱកាស​សម្រាប់​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ជុំគ្នា ​ពង្រឹង​​ទំនាក់​ទំនង​ទៅ​វិញ​ទៅ​មក។


«ឆ្នាំ​ទេសចរណ៍​កម្ពុជា-ឥណ្ឌា​លើក​ទី១» ត្រូវ​បាន​បើក​នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា​រួច​ហើយ​កាល​ពី​ខែ​មិថុនា កន្លង​ទៅ។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កក្កដា ភ្ញៀវ​មក​ពី​ប្រទេស​ឥណ្ឌា មាន​ចំនួន ៥០ ០២២នាក់ កើន​ឡើង ១៥,២ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣៕