ប្រទេស​កម្ពុជា​រំពឹង​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​កាន់​តែ​ច្រើន បន្ទាប់​ពី​ក្រម​ហ៊ុន​អាកាសចរណ៍​វៀតណាម Vietnam Airlines បាន​បើក​ជើង​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ-​រាជធានី​ភ្នំពេញ​ ខណៈ​បច្ចុប្បន្ន​ក៏​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​កម្ពុជា Cambodia Angkor air កំពុង​មាន​ប្រតិបត្តិការ​ហោះហើរ​ប្រចាំ​ថ្ងៃ​រវាង​គោល​ដៅ​ទាំង ២ ផងដែរ​។

ពិធី​បើក​សម្ពោធ​ជើង​ហោះហើរ​រាជធានី​ភ្នំពេញ-​ទីក្រុង​ហាណូយ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ដោយ​ការ​ហោះហើរ​រវាង​គោលដៅ​ទាំង ២ ត្រូវ​ប្រើ​រយៈ​ពេល ១:៥៥ នាទី និង​ធ្វើ​ឡើង​ចំនួន ៤ ជើង​ក្នុង ១ សប្តាហ៍​(ចន្ទ ពុធ សុក្រ និងថ្ងៃ​អាទិត្យ)។ កន្លង​មក​ជើង​ហោះហើរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឆ្លង​កាត់​ការ​ចុះចត​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​ចន្ទន៍ ប្រទេសឡាវ។


ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បើក​សម្ពោធ​ជើង​ហោះហើរ​រាជធានី​ភ្នំពេញ-​ទីក្រុង​ហាណូយ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី ២៨ ខែ​តុលា ថា ការ​បើក​ជើង​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ មក​កាន់​រាជធានីភ្នំពេញ នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២។ កាល​ពី​មុន​ការ​ហោះហើរ​រវាង​គោលដៅ​ភ្នំពេញ និង​ហាណូយ គឺ​ត្រូវ​ចំណាយ​ពេល​យូរ ដោយ​សារ​ក្រុមហ៊ុន​ត្រូវ​ចុះ​ចត​មួយ​រយៈ​ខ្លី​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​ចន្ទន៍ ប្រទេស​ឡាវ។

លោកស្រី​បន្ត​ថា ទីក្រុង​ហាណូយ គឺ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ និង​មាន​ព្រលាន​យន្តហោះ​ខ្នាត​ធំ​ដែល​មាន​ជើង​ហោះហើរ​អន្តរ​ជាតិ​មក​ពី​ប្រទេស​ជា​ច្រើន​ចុះចត ដូច្នេះ​ការ​តភ្ជាប់​ជើង​ហោះហើរ​ផ្ទាល់​នេះ គឺ​ប្រាកដ​ជា​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​ភ្ញៀវ​បរទេស​កាន់​តែ​ច្រើន បន្ថែម​លើ​ភ្ញៀវ​ជន​ជាតិ​វៀតណាម ដែល​មាន​ចំណង​ធ្វើ​ដំណើរ​មក​កម្ពុជា ពិសេស​រាជធានី​ភ្នំពេញ។


លោក​ស្រី​បន្ថែម​ថា តាម​រយៈ​ការ​បើក​ជើង​ហោះរហើរ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines ក៏​នឹង​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ពីសក្តានុពល​វិស័យ​ទេសចរណ៍ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ទៅ​កាន់​អតិថិជន​លើ​ពិភពលោក​ផង​ដែរ។

បើ​តាមលោកស្រី ស៊ីវលីន ក្រៅ​ពី​ផ្លូវ​ហោះហើរ​ខាងលើ បច្ចុប្បន្ន​ក្រុមហ៊ុន​ Vietnam Airlines ក៏​កំពុង​មាន​ប្រតិបត្តិការ​ក្នុង​ការ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ មក​កាន់​ព្រលាន​យន្តហោះខេត្ត​សៀមរាប ផងដែរ។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​អាកាសចរណ៍​ Vietnam Airlines លោក Dang Ngoc Hoa បាន​ប្រាប់​ឱ្យ​ដឹង​ថា ជើង​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ-​រាជធានី​ភ្នំពេញ នឹង​រួម​ចំណែក​បង្កើន​បណ្តាញ​តភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ។ ក្រៅ​ពី​ធ្វើ​ជា​ស្ពាន​សម្រាប់​អ្នក​ដំណើរ និង​ទំនិញ ផ្លូវ​ហោះហើរ​ត្រង់​ក៏​ជា ​«ឯកអគ្គរដ្ឋទូត»​ដែល​សកម្ម​ជំរុញ​ទំនាក់​ទំនង​រវាង​ភាគី​ ជួយ​ពង្រឹង​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​វៀតណាម និង​កម្ពុជា។

លោក​និយាយ​ថា៖​«ក្នុង​នាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines គឺ​តែងតែ​ធានា​នូវ​ប្រតិបត្តិ​ការ​ហោះហើរ​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធ​ភាព​មក​កម្ពុជា ទន្ទឹម​នឹង​នោះ យើង​នឹង​បន្ត​ពង្រីក​បណ្តាញ​ហោះហើរ ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ លើក​កម្ពស់​ការ​ប្រកួត​ប្រជែង និង​គុណភាព​សេវាកម្ម ដែលជា​ហេតុ​បំពេញ​តម្រូវការ​អតិថិជន​ក្នុង​ប្រទេស​ទាំង ២ បាន​ល្អ​បំផុត»។

រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក(Tob Sopheak) បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី២៤ ខែ​តុលា​ថា កត្តា​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ក្នុង​ប្រទេស គឺ​ជា​ហេតុផល​ចម្បង​ដែល​ជួយ​ទាក់​ទាញ​ភ្ញៀវ​អន្តរជាតិ​ឱ្យ​ធ្វើដំណើរ​មក​លេង​កម្សាន្ត ឬ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន។

លោក​ថ្លែង​ថា៖​«​កំណើន​ជើង​ហោះហើរ​អន្តរជាតិ​មក​កម្ពុជា ក៏​ជា​ចំណែក​មួយ​ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​អន្តរជាតិ​ឱ្យ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន​ផងដែរ។»

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែសីហា ឆ្នាំ​ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ សរុប ៤,២៩ លាន​នាក់ កើន​ឡើង ២២,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។ 

ក្នុង​តួលេខ​នេះ គឺ​ភ្ញៀវ​ជនជាតិ​វៀតណាម​មាន​ចំនួន ៨៦៨ ៤៤៥ នាក់ កើន​ឡើង ៣៥,៣​ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។ ភ្ញៀវ​ជនជាតិ​វៀតណាម ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ២ បន្ទាប់​ពី​ប្រទេស​ថៃ​ដែល​មាន​ប្រមាណ ១,៣៤ លាននាក់។

ឆ្នាំ​ ២០១៩ គឺ​ជា​ពេល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើន​បំផុត គឺ​ចំនួន ៦,៦១ ​លាន​នាក់ កើន ៦,៦​ ភាគរយ​។ ចំណូល​ដែល​កម្ពុជា​ទទួល​បាន​ពី​ទេសចរណ៍​អន្តរជាតិ​នៅ​ពេល​នោះ គឺ ៤,៩២​ ពាន់​លាន​ដុល្លារ​។ វិស័យ​ទេសចរណ៍ បាន​ចូលរួម​ចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ១២,១​ ភាគរយ៕