ផលិតផលក្នុងស្រុក (ផ.ស.ស) សម្រាប់មនុស្សម្នាក់នៅកម្ពុជា ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងកើនដល់ជិត ៣ ពាន់ដុល្លារអាមេរិក ដែលចំនួននេះគឺកើនឡើងប្រមាណ ៧,៨ភាគរយបើធៀបនឹងឆ្នាំ ២០២៤ ខណៈកំណើនសេដ្ឋកិច្ចនឹងសម្រេចបានក្នុងអត្រា ៦,៣ ភាគរយ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែតុលា ឱ្យដឹងថា យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣ ភាគរយ ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨ លានដុល្លារអាមេរិក ខណៈ ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនដល់ ២ ៩២៤ ដុល្លារអាមេរិក ពីចំនួន ២ ៧១៣ដុល្លារ ក្នុងឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា អត្រាកំណើន ៦,៣ ភាគរយត្រូវបានរំពឹងថា នឹងគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦ ភាគរយ, វិស័យសេវាកម្មនឹងមានកំណើន ៥,៦ ភាគរយ និងវិស័យកសិកម្ម នឹងកើនឡើង ១,១ ភាគរយ។
ចំណែកអតិផរណា ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ២,៥ ភាគរយ ក្នុងនោះវិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី ១។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ដែលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័ត កាលពីថ្ងៃទី ២៥ ខែតុលា នឹងត្រូវឆ្លងកាត់នីតិវិធីមួយចំនួនទៀត មុននឹងត្រូវក្លាយជាច្បាប់ថវិកាប្រចាំឆ្នាំ ២០២៥ ដែលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
កំណើន ផ.ស.ស សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២៥ គឺជាការចាប់ផ្តើមដ៏ល្អរបស់ប្រទេសកម្ពុជាក្នុងការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ ២០២៩។
អ្នកសេដ្ឋកិច្ច លោកបណ្ឌិត ឌុច ដារិន្ទ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៨ ខែតុលាថា ការព្យាករអំពីផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់មានការកើនឡើងនៅឆ្នាំ ២០២៥ ប្រៀបធៀបនឹងឆ្នាំ ២០២៤ ពីព្រោះសេដ្ឋកិច្ចកម្ពុជាកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដោយសារកំណើនការនាំចេញដ៏រឹងមាំ កំណើនភ្ញៀវទេសចរ កំណើនការវិនិយោគសាធារណៈ និងការចូលរួមយ៉ាងសកម្មរបស់ផ្នែកឯកជន។ កម្ពុជាបាននិងកំពុងផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគាំទ្រកំណើនប្រកបដោយចីរភាព។
លោកបានថ្លែងថា៖«មតិផ្ទាល់ខ្លួនរបស់ខ្ញុំ ការព្យាករនៃការឡើងប្រាក់ចំណូលជាមធ្យមនេះអាចសម្រេចបាន ពីព្រោះស្ថាប័នអន្តរជាតិដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) សុទ្ធតែបានព្យាករណ៍ស្រដៀងៗគ្នា។
លើសពីនេះទៀត កម្ពុជាកំពុងបន្តជំរុញឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគលើធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការធ្វើឱ្យមានបរិយាកាសវិនិយោគបានល្អប្រសើរ ព្រមទាំងមានការកើនឡើងនៃការនាំចេញទំនិញ ជាពិសេសក្នុងវិស័យវាយនភណ្ឌ ដូចជា សម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង ក៏ដូចជាការកើនឡើងវិញនៅក្នុងវិស័យទេសចរណ៍»។
លោកលើកឡើងទៀតថា ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់នៅកម្ពុជារំពឹងថា កើនឡើងដោយសារផលិតផលក្នុងស្រុកសរុបព្យាករថាមានការកើនឡើង ព្រោះកម្ពុជាកំពុងស្ថិតនៅលើផ្លូវនៃកំណើនឧស្សាហកម្ម ទេសចរណ៍ សេវាកម្មហិរញ្ញវត្ថុ វិស័យសេវាកម្ម និងវិស័យកសិកម្ម ជាដើម។
ជាមួយគ្នានោះ កម្ពុជាក៏កំពុងផ្តល់អាទិភាពភាពលើវិស័យអប់រំ ឱ្យមានទាំងបរិមាណ និងគុណភាពល្អ ព្រមទាំងវិស័យសុខាភិបាល រួមបញ្ចូលក្នុងកម្លាំងពលកម្មដែលមានជំនាញជាកត្តាគាំទ្រផលិតភាពសេដ្ឋកិច្ចយូរអង្វែង។
លោកបានបញ្ជាក់ថា៖«ការផ្តោតលើកំណែទម្រង់ស្ថាប័ន ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍមនុស្ស នឹងបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិ និងបន្តជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន»។
លោកបន្តថា៖«សកម្មភាពសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ គឺមានភាពរឹងមាំ ទោះបីមានបញ្ហាប្រឈមជាសកលក៏ដោយ ហើយសូចនាករសំខាន់ៗដូចជាអតិផរណា គឺមានស្ថិរភាព។
ក្នុងឆ្នាំ ២០២៥ ដូចជាមានការរំពឹងទុកសេដ្ឋកិច្ចនឹងប្រសើរឡើងបន្ថែមទៀត ពីព្រោះអតិផរណាត្រូវបានព្យាករណ៍នៅប្រហែល ២,៥ភាគរយ ដែលផ្តល់នូវបរិយាកាសស្ថិរភាពសម្រាប់អ្នកប្រើប្រាស់ និងអ្នកវិនិយោគ ដោយធានាកម្លាំងទិញនៅតែរឹងមាំ»។
លោកបានបន្ថែមថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយវិនិយោគដែលសកម្ម ទំនងនឹងទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យមានសម្ទុះកាន់តែខ្លាំង។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លា ក្នុងកិច្ចពិភាក្សានៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា កាលពីពេលថ្មីៗនេះបាននិយាយថា ទោះបីឆ្នាំ ២០២៤ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនដូចជា ភាពអសកម្មមួយចំនួនដែលសេសសល់ពីវិបត្តិកូវីដ១៩, បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងជម្លោះភូមិសាស្រ្តនយោបាយរវាងប្រទេសមួយចំនួន ក៏ដំណើរការសេដ្ឋកិច្ចកម្ពុជានៅតែអាចបោះជំហានទៅមុខបានយ៉ាងល្អ។
លោកថ្លែងថា៖«សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងចាប់តាំងពីរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាមក គឺជាសេដ្ឋកិច្ចបើកចំហរ អ៊ីចឹងហើយយើងពឹងផ្អែកលើទីផ្សារខាងក្រៅច្រើន»។
លោកបន្តថា៖«ទោះយ៉ាងណាក៏ដោយឆ្នាំ ២០២៤ យើងឃើញថាស្ថានភាពសេដ្ឋកិច្ចជារួមសម្រាប់ប្រទេសកម្ពុជាយើងគឺមានភាពល្អប្រសើរជាងឆ្នាំ ២០២៣»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ៤៦,៨៣លានដុល្លារ ធ្លាក់ចុះ ១,៩ ភាគរយធៀបនឹងឆ្នាំ ២០២២ ក្នុងនោះការនាំចេញរបស់កម្ពុជា មានចំនួន ២២,៦៤ លានដុល្លារ កើនឡើង ១,៨ ភាគរយ និងនាំចូល ២៤,១៨ លានដុល្លារ ធ្លាក់ចុះ ៥ ភាគរយ។
ដោយឡែកក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់ ៤០,៩៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ភាគរយបើធៀបរយៈពេល ៩ខែ ឆ្នាំ ២០២៣ ដោយទំនិញកម្ពុជានាំចេញមានចំនួន ១៩,៨៣ ពាន់លានដុល្លារ កើនឡើង ១៧ ភាគរយ និងទំនិញនាំចូល ២១,១១ ពាន់លានដុល្លារ កើន ១៥,៩ ភាគរយ៕