កម្ពុជា-ហុងកុង បានសន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសបង្កើនការផ្សព្វផ្សាយទៅដល់វិនិយោគិនហុងកុងឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ខណៈទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងភាគីទាំង ២ ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០២៤ មានប្រមាណជាង ៤៥០ លានដុល្លារ។
ការសន្យានេះបានធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជា (CCC) កាលពីថ្ងៃទី២៨ ខែតុលា នាជំនួបរវាងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយគណៈប្រតិភូធុរកិច្ចហុងកុង ដែលដឹកនាំដោយ លោក Dewan Saiful Alam ប្រធានគណៈកម្មាធិការអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃសភាពាណិជ្ជកម្មហុងកុង ក្នុងអំឡុងពេលបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោក គិត ម៉េង បានលើកឡើងអំពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា-ចិនហុងកុង និងបានលើកទឹកចិត្តឱ្យវិនិយោគិនចិនហុងកុងចូលមកច្បាមយកប្រយោជន៍ជាអតិបរមាពីទំនាក់ទំនងដ៏ល្អនេះ តាមរយៈការមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
លោកបន្តថា វិនិយោគិនចិនហុងកុងអាចប្រើប្រាស់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗដែលប្រទេកំពុងមាន ដូចជា គំនិតវផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន(CCFTA)។
បន្ថែមពីលើនេះ លោក គិត ម៉េង ក៏បានពន្យល់គណៈប្រតិភូហុងកុងអំពីគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិនិយោគិនដែលចូលមកបណ្តាក់ទុនផ្ទាល់ និងភាពធំទូលាយនៃទីផ្សារនាំចេញទំនិញផលិតនៅកម្ពុជាទៅទីផ្សារអន្តរជាតិទៀតផង។
លោក Dewan Saiful Alam បានសម្តែងក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានបញ្ជាក់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងហុងកុង ជាពិសេសក្នុងវិស័យទេសចរណ៍ ថាមពល ពាណិជ្ជកម្ម និងវិនិយោគ។
លោកបន្តថា៖ «គណៈប្រតិភូធុរកិច្ចហុងកុង មានចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាព និងដៃគូសហការជាមួយធុរកិច្ចកម្ពុជា។ សភាពាណិជ្ជកម្មហុងកុងនឹងសហការជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការកំណត់ និងអភិវឌ្ឍន៍គម្រោងរួមគ្នាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។
បើតាម CCC ក្រុមគណៈប្រតិភូហុងកុង ដែលចូលក្នុងជំនួបខាងលើ គឺមានមកពីវិស័យពាណិជ្ជកម្ម សុខាភិបាល ថាមពល សេវាកម្មផ្នែកច្បាប់ អចលនទ្រព្យ និងទេសចរណ៍។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងហុងកុង មានទឹកប្រាក់សរុប ៤៥៦,៧៥ លានដុល្លារ កើនឡើង ៤៦,៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ទំនិញដែលកម្ពុជានាំទៅហុងកុង ១៥៥,០៧ លានដុល្លារ ធ្លាក់ចុះ ២៩,២ ភាគរយ ចំណែកទំនិញហុងកុង នាំមកកម្ពុជា ៣០១,៦៨ លានដុល្លារ កើនឡើង ៥៨ ភាគរយ។
យោងតាមតួលេខ គឺកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្ម ១៤៦,៦១ លានដុល្លារ កើនឡើងពី ៧០,៨៩ លានដុល្លារ នារយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៣០ ខែតុលាថា ចំនួនវិនិយោគិនហុងកុងដែលមកបើករោងចក្រ និងធ្វើអាជីវកម្មនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ហើយចំនួននេះនឹងមានកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ ជាពិសេសនៅពេលកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដោយនៅពេលនោះកម្ពុជានឹងមានតម្រូវការផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗកាន់តែច្រើន។
លោកបន្តថា បច្ចុប្បន្នវិនិយោគិនហុងកុងបានបណ្តាក់ទុននៅកម្ពុជាភាគច្រើនក្នុងផ្នែកកម្មន្តសាល និងអចលនទ្រព្យ។ មូលហេតុដែលវិនិយោគិនហុងកុងចូលចិត្តវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ព្រោះកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដែលដីនៅមានតម្លៃទាបជាឆ្ងាយបើធៀបនឹងតម្លៃក្នុងទីក្រុងហុងកុង។ ជាមួយគ្នានេះកម្ពុជាក៏ជាប្រទេសដែលមានសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចលឿនផងដែរ ដោយមានកំណើនជាង ៧ ភាគរយក្នុងរយៈពេលជាង ២ ទសវត្ស។
លោកបានថ្លែងថា៖«នៅពេលអនាគតទំហំទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-ហុងកុងនឹងបន្តកើនឡើងទៀត ព្រោះតំបន់រដ្ឋបាលពិសេសហុងកុងគឺមានជំនាញផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសចាប់ពីឆ្នាំ២០៣០ ដែលកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ព្រោះនឹងមានតម្រូវការសម្ភារប្រើប្រាស់ និងបច្ចេកវិទ្យាកាន់តែច្រើន»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាជា លោក លឹម ហេង បាននិយាយថា ជំនួបរវាងផ្នែកឯកជនកម្ពុជា-ហុងកុង នឹងជួយទាក់ទាញអ្នកវិនិយោគហុងកុងឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ហើយក៏អាចជួយឱ្យមានលំហូរទំនិញរវាងភាគីទាំង ២ កាន់តែច្រើនផងដែរ។
លោកបន្តថា៖«បច្ចុប្បន្នការវិនិយោគរបស់ហុងកុង នៅកម្ពុជាមានភាគច្រើនក្នុងវិស័យកាត់ដេរ ផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិក អគ្គិសនី និងកសិកម្ម ជាដើម»។
នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មហុងកុង (Hong Kong General Chamber of Commerce) នេះ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសមាគមពាណិជ្ជកម្មនៅកម្ពុជាមួយចំនួនទៀត៕