ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MoU) ជាមួយ​នឹង​ក្រុមហ៊ុន​បៃតង​កម្ពុជា (CG) និង​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) ក្នុង​ន័យ​ដើម្បី​រួមគ្នា​លើក​កម្ពស់​វិស័យ​កសិកម្ម​កម្ពុជា និង​បង្កើន​សក្តានុពល​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

ពិធី​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​តុលា នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ដោយ​មាន​ការ​ចូលរួម​ពី​លោក ឌិត ទីណា ឯកឧត្តម​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។


នៅ​ក្នុង​ពិធី​ចុះ MoU នេះ លោក ឌិត ទីណា បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ដៃគូ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន​ទាំង​អស់​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន ព្រម​ទាំង​បាន​អនុវត្ត​កិច្ចការ​អភិរក្ស​ធនធាន​ធម្មជាតិ ប្រកប​ដោយ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់។

លោក​បន្ត​ថា ការចុះ MoU ជាមួយ​ក្រុមហ៊ុន​បៃតង​កម្ពុជា គឺ​ជាការងារ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​រក្សា​ស្ថេរភាព​ថ្លៃ​វិស័យ​ស្រូវ​អង្ករ​នា​ប៉ែក​ពាយ័ព្យ ដែល​ជា​បរិបទ​ថ្មី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ ដើម្បីបង្កើន​ផល​ចំណេញ ទាំង​កសិករ និង​អ្នក​ប្រើប្រាស់។


ទន្ទឹម​នឹង​នេះ​លោករដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​សហគមន៍​កសិកម្ម​ទំនើប ដែល​ប្រើប្រាស់​ពូជ និង​បច្ចេកទេស​ច្បាស់​លាស់ មាន​ទុន​ក្នុង​ការ​វិនិយោគ មាន​ទីផ្សារ​ពិតប្រាកដ និង​ជំរុញ​ពូជ​សែនក្រអូប ដែល​ជា​ពូជ​ស្រូវ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​សក្តានុពល​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ក្នុង​ការងារ​នេះ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា៖​«ក្រសួង​កសិកម្ម​ត្រូវ​ការ​ដៃគូ ដែល​មាន​គោលដៅ​រួម​ច្បាស់​លាស់ មាន​បច្ចេកទេស​ពិត​ប្រាកដ និង​មាន​ឆន្ទៈ​រួមគ្នា ដើម្បី​សម្រេច​នូវ​លទ្ធផល​ល្អ»។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា វិស័យ​កសិកម្ម​កម្ពុជា​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ជា​បន្ត​បន្ទាប់ ដោយ​បរិមាណ​នៃ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​បាន​បន្តកើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។​ កំណើន​នៃ​ការ​នាំចេញ​នេះគឺ​កើន​ចេញ​ពី​ការ​បណ្តាក់​ទុន​កាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​កសិកម្ម​ពី​សំណាក់​វិនិយោគិន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​។

លោក​បន្ត​ថា ក្រៅ​ពី​នេះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក៏​មាន​ប្រើប្រាស់​បច្ចេក​វិទ្យា​ និងការ​ជ្រើសរើស​ពូជ និង​ការ​ថែទាំបាន​ល្អ​ជាង​មុន​ផង​ដែរ។

លោក​អះអាង​ថា៖«​ការ​រយៈ​ការ​ខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ យើង​ដឹង​ថា​បរិមាណ​ និង​គុណភាព​ផលិត​ផល​កសិកម្ម​កម្ពុជា​នឹង​កាន់​តែ​ច្រើន​»។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ចំនួន ៦ ១៣៥​៨១៣,១២​តោន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ កើន​ឡើង​ប្រមាណ ៥៧,២៨​ភាគ​រយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣។

ផលិត​ផល​កសិកម្ម​សំខាន់ៗ​ដែល​នាំ​ចេញ​រួម​មាន ស្រូវ ចំណិត​ដំឡូងមីស្រស់-ក្រៀម អង្ករ គ្រាប់ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច ពោត ប្រេងដូង ផ្លែមៀនស្រស់ និង​កសិផល​ជាង ៧៧ មុខ​ផ្សេង​ទៀត។

ទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា(CRF) បាន​បង្ហាញ​ថា ក្នុង​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៤ ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​ក្នុង​បរិមាណ ៤៤៥ ៩១៣ តោន គិត​ជា​ប្រាក់​មាន​ចំនួន ៣៣៥,៤ លាន​ដុល្លារ។ សម្រាប់​បរិមាណ​អង្ករ​នាំចេញ​គឺ​ថយចុះ​ ២,៣ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ២០២៣ ប៉ុន្តែ​ចំនួន​ទឹក​ប្រាក់​ដែល​ទទួល​បាន គឺ​កើន​ឡើង ២,៤ ភាគរយ៕