ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជិត ៧០ ម៉ឺន​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ជួយ​ឱ្យ​គ្រឹះស្ថាន​អង្គរ​ប្រមូល​ប្រាក់​បាន​ជាង ៣២ លាន​ដុល្លារ​ក្នុង​រយៈ​ពេល ៩​ខែ​ដើម​ឆ្នាំ​២០២៤ ​កើន​ឡើង​ជាង ៣០ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២៣។ នេះ​បើ​យោង​តាម​ទិន្ន​ន័យ​របស់​គ្រឹះស្ថាន​អង្គរ។

គ្រឹះស្ថាន​អង្គរ គឺ​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ដែល​ត្រូវ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ដោយ​ស្ថិត​ក្រោម​អាណា​ព្យាបាល​បច្ចេក​ទេស​នៃ​ក្រសួង​ទេសចរណ៍ និង​ស្ថិត​ក្រោម​អាណា​ព្យាបាល​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ការ​ប្រមូល​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ រួម​មាន រមណីយដ្ឋាន​អង្គរ, ប្រាសាទ​កោះកែរ, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុងឃ្នៀស។ សម្រាប់​តម្លៃ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចែក​ចេញ​ជា ៣​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១​ថ្ងៃ​មាន​តម្លៃ ៣៧​ដុល្លារ, រយៈ​ពេល ៣​ថ្ងៃ​តម្លៃ ៦២​ដុល្លារ និង​ ៧​ថ្ងៃ​ មាន​តម្លៃ ៧២​ដុល្លារ​។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៤ មាន​ភ្ញៀវ​បរទេស ៦៩៩ ៨៥០ នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ចំនួន​នេះ​បាន​កើន​ឡើង ២៩,៧១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣។ ចំណែក​ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ មាន​សរុប​ ៣២,៥២ លាន​ដុល្លារ កើន​ឡើង ៣០,៣២ ​ភាគរយ។

បើ​យោង​តាម គ្រឹះស្ថាន​អង្គរ ​ក្រៅ​ពី​ចំណូល​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះ​ស្ថាន​អង្គរ ក៏​រក​ចំណូល​បាន ២០៨ ០៥០ ដុល្លារ​ពី​ភ្ញៀវ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​កោះកែរ, និង​ ៥៥៣ ៤៥៣ ​ដុល្លា​ពី​ការ​លក់​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុងឃ្នៀស(ខេត្ត​សៀមរាប)។


ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នា​ដើម​សប្តាហ៍​នេះ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​តាម​ប្រាសាទ​បុរាណ​នានា​ក្នុង​ខេត្ត​សៀមរាប ចាប់​ពី​ដើម​ឆ្នាំ​ ២០២៣ មក​ដល់​ជិត​ចុង​ឆ្នាំ​២០២៤ (គិត​ត្រឹម​ខែកញ្ញា) គឺ​ពិត​ជា​កើន​ឡើង ប៉ុន្តែ​បើ​និយាយ​ថា កើន​ឡើង​គំហុក និង​មាន​បរិមាណ​ច្រើន​ដូច​មុន​អំឡុង​មាន​វត្តមាន​ជំងឺ​កូវីដ​១៩ គឺ​មិន​ទាន់​ទេ។ លោក​បន្ត​ថា វិស័យ​ទេសចរណ៍​អាច​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​លុះត្រា​តែ​ស្ថាន​ភាព​សេដ្ឋកិច្ច និង​នយោបាយ​ពិភព​លោក​ល្អ​ឡើង​វិញ។

លោក​បន្ថែម​ថា ភ្ញៀវ​បរទេស​ដែល​មក​ខេត្ត​សៀមរាប​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ គឺ​មាន​ចម្រុះ​ជាតិ​សាសន៍ ដោយ​មិន​មែន​ភាគ​ច្រើន​ជា​អ្នក​មក​ពី​ប្រទេស​ជិតខាង​ដូចជា ចិន វៀតណាម និង​ថៃ នោះទេ គឺ​មាន​មក​ពី​ប្រទេស​តំបន់​អ៊ឺរ៉ុប និង​អាមេរិក ជាដើម។

លោក​អះអាង​ថា៖​«​ចំនួន​ភ្ញៀវ​ពេល​នេះ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន គឺ​កើន​ឡើង ប៉ុន្តែ​បើ​ធៀប​នឹង​មុន​ឆ្នាំ​២០២០ គឺ​នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ​»។ លោក​បន្ត​ថា៖​«​ទោះ​យ៉ាង​ណា ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា អ្វីៗ​នឹង​ប្រសើរ ខណៈ​រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន​កម្ពុជា​កំពុង​ខិតខំ​ពង្រីក​ការ​ផ្សព្វផ្សាយ និង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ព្រលាន​យន្តហោះ ព្រម​ទាំង​ផលិត​ផល​ទេសចរណ៍​ថ្មីៗ​កាន់​តែ​ច្រើន​បន្ថែម​ទៀត»។

ទោះយ៉ាង​ណា ក្នុង​នាម​មគ្គុទ្ទេសក៍​ទេសចរ លោក​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ និង​ប្រជាជន​ខ្មែរ​ទាំង​អស់​ចូល​រួម​សហការ​គ្នា​ក្នុង​ការ​រៀបចំ​សោភណ្ឌភាព អនាម័យ និង​សន្តិសុខ​នៅ​ទូទាំង​ប្រទេស​ឱ្យ​កាន់​តែ​ស្រស់​ស្អាត និង​មាន​ភាព​ទាក់​ទាញ។

នៅ​ក្នុង​ឆ្នាំ​២០១៩ ដែល​ជា​ពេល​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ គឺ​ជាង ៦,៦​លាន​នាក់ ប្រាក់​ចំណូល​ដែល​គ្រឹះស្ថាន​អង្គរ​រក​បាន​មាន​ចំនួន​ជាង ៨០,៧​លាន​ដុល្លារ៕

លោក អនហេង សុភ័ក្រ ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា​(ខេត្ត​សៀមរាប)​ ថ្មី​ៗ​នេះ បាន​និយាយ​ថា ស្ថិត​ក្នុង​ស្ថាន​ភាព​នេះ​កម្ពុជា​ត្រូវ​តែ​ខិតខំ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​បរទេស​ឱ្យ​ចូល​មក​កម្សាន្ត និង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន។

លោក​បាន​និយាយ​ថា៖​«​បច្ចុប្បន្ន​កម្ពុជា​មាន​កន្លែង​ដែល​មាន​សក្តានុពល​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​បរទេស​ឱ្យ​មក​កម្សាន្ត​ហើយ ប៉ុន្តែ​ការ​រៀបចំ និង​អភិវឌ្ឍន៍​កន្លែង​ទាំង​នោះ​ឱ្យ​កាន់​តែ​មាន​សម្រស់ និង​បរិស្ថាន​ល្អ​ក៏​ជា​រឿង​ចាំ​បាច់​ដែរ»។

ក្នុង​ឆ្នាំ​២០២៣ មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ៧៩៨ ០៦៩​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ កើន​ឡើង ១៧៧,៦៣​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ចំណែក​ទឹក​ប្រាក់​ដែល​ប្រមូល​បាន​ពីការ​លក់​សំបុត្រ មាន​សរុប ៣៧ ១៩៨ ៩៨៨​ដុល្លារ កើន​ឡើង ២២២,៦៨​ភាគ​រយ​។​

ក្រៅ​ពី​ចំណូល​ខាង​លើ​ គ្រឹះស្ថាន​អង្គរ​ ក៏​ទទួល​បាន​ភ្ញៀវ​ ១៤ ៨០៦​នាក់​ ស្មើ​នឹង​ប្រាក់ ២២២ ០៩០​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​តំបន់​ប្រាសាទ​កោះកែរ, និង​ប្រាក់​ចំនួន ៥៦៤ ៦៧១ដុល្លារ ពី​ការ​លក់​សំបុត្រ​ទូក​នៅ​កំពង់​ផែចុង​ឃ្នៀស។ នេះ​បើ​យោង​តាម​គ្រឹះស្ថាន​អង្គរ៕​