ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​ចក្រភព​អង់គ្លេស​នឹង​កាន់​តែ​ល្អ​ប្រសើរ ខណៈ​ផ្នែក​ឯកជន​កម្ពុជា គ្រោង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ក្រុម​ធុរកិច្ច​ចក្រភព​អង់គ្លេស ក្នុង​អំឡុង​ពេល​នៃ​ការ​អម​ដំណើរ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ នៅ​ប្រទេស​ឡាវ​ នា​សប្តាហ៍​នេះ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នឹង​ដឹកនាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា ព្រម​ទាំង​ផ្នែក​ឯកជន​នៅ​កម្ពុជា​ដែល​តំណាង​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​(CCC) ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី ៤៤ និង ៤៥ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា នៅ​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១១ ខែ​តុលា ឆ្នាំ​២០២៤។


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CCC ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន​ឆ្នាំ ២០២៤ ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​រួម​មានៈ ១-គោល​ជំហ​របស់​អាស៊ាន​នៅ​ក្នុង​ភូមិសាស្ត្រ​នយោបាយ​សកល, ២-​ការ​លើក​កម្ពស់​តំណ​ភ្ជាប់​សេដ្ឋកិច្ច​និង​ភាព​ធន់​នឹង​វិបត្តិ, ៣-​តួនាទី​របស់​អាស៊ាន​ក្នុង​សេដ្ឋកិច្ច​សកល និង ៤-​ទិដ្ឋភាព​អនាគត​អាស៊ាន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ក្រៅ​ពី​នេះ​គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា នឹង​អញ្ជើញ​ចូល​រួម​កម្ម​វិធី​ធុរកិច្ច​ផ្សេង​ទៀត​ដូច​ជា វេទិកា​ឡូជីស្ទិកអាស៊ាន និង​ជំនួប​ពិភាក្សា​ធុរកិច្ច​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។

នៅ​ក្នុង​ដំណើរ​ទៅ​ប្រទេស​ឡាវ លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​(CCC) ក៏​នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Lord Vaizey ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​ចក្រភព​អង់គ្លេស-​អាស៊ាន ដែល​ផ្តោត​ជា​សំខាន់​លើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា និង​ក្រុម​ប្រឹក្សា​ធុរកិច្ច​ចក្រភព​អង់គ្លេស-​អាស៊ាន ក្នុង​ការ​ជំរុញទំនាក់​ទំនង​ធុរកិច្ច និង​វិនិយោគ​រវាង​ចក្រភព​អង់គ្លេស និង​កម្ពុជា។


ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) ឱ្យ​ដឹង​ថា ​សកម្មភាព​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា-​ចក្រភព​អង់គ្លេស បាន​បង្ហាញ​ភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ​។ ជាក់​ស្តែង​​ក្នុង​រយៈ​ពេល ៨ខែ ដើម​ឆ្នាំ​ ២០២៤ ការ​នាំចេញ នាំចូល​ទំនិញ​រវាង​ភាគី​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ៦៨០,៣៤ លាន​ដុល្លារ កើន​ឡើង ១៥,៥ ​ភាគរយ​បើ​ធៀប​រយៈ​ពេលដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣។

បើ​តាម GDCE ក្នុង​ចំណោម​ទឹក​ប្រាក់​ខាង​លើ គឺ​ទំនិញ​​កម្ពុជា​នាំទៅ​ចក្រ​ភព​អង់គ្លេស មាន​ចំនួន ៦៤៣,៨៤​ លាន​ដុល្លារ កើនឡើង ២២​ ភាគរយ ចំណែក​ទំនិញ​អង់គ្លេស​នាំមក​កម្ពុជា​ ៣៦,៥​ លាន​ដុល្លារ ធ្លាក់ចុះ​ ៤០,១ ភាគរយ​។​ ផ្អែក​តាម ​GDCE ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុ​ជាក្នុង​រយៈ​ពេល ៨ខែ ដើម​ឆ្នាំ​២០២៤ គឺ​មាន​ឧត្តមភាព ៦០៧,៣៤ ​លាន​ដុល្លារ​។ ចក្រភព​អង់គ្លេស​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ១០ របស់​កម្ពុជា។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៧ ខែ​តុលា នេះ លោក ងួន ម៉េងតិច អគ្គ​នាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា ឱ្យ​ដឹង​ថា ជំនួប​ពិភាក្សា​ទ្វេភាគី​កម្ពុជា-​ចក្រភព​អង់គ្លេស​ដែល​គ្រោង​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ចូល​រួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូលពាក់ព័ន្ធ នៅ​ប្រទេស​ឡាវ នឹង​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​ការទូត​របស់​កម្ពុជា ជា​មួយ​នឹង​ប្រទេស​ដៃគូ​ទាំង​អស់។

លោក​ថ្លែង​ថា៖​«​ក្នុង​នាម​ផ្នែក​ឯកជន​ យើងពិត​ជា​ចង់​ពង្រឹង​ និង​បង្កើន​ទំនាក់​ទំនង​ជាមួយ​ចក្រភព​អង់គ្លេស​ ដើម្បី​បង្កើន​ និង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត»។

ទោះ​យ៉ាង​ណា លោក ម៉េងតិច អះអាង​ថា បើ​និយាយ​ថា​វា​នឹង​ផ្តល់​ផល​វិជ្ជមាន​កម្រិត​ណា​ដល់​កំណើន​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​នៅ​កម្ពុជា​ គឺ​គេមិន​ទាន់​អាច​ដឹង​បាន​ទេ។

សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា ចក្រភព​អង់គ្លេស គឺ​ជា​ទីផ្សារ​ធំ​ដែល​តែងតែ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ ដោយ​ភាគ​ច្រើន​ជា​ផលិតផល​សម្លៀក​បំពាក់ កាបូប​ធ្វើ​ដំណើរ ស្បែកជើង និង​កង់ ជា​ដើម​។ ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង់គ្លេស ​ដែល​ជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន និង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន ប្រាកដ​ជា​នឹង​ហុច​ផល​វិជ្ជមាន​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា​។ លោក​បន្ត​ថា ម៉្យាង​ទៀត​ដោយ​សារ​ចក្រភព​អង់គ្លេស​ស្ថិត​ក្នុង​ទ្វីបអ៊ីរ៉ុប ដូច្នេះតាម​រយៈ​ចក្រភព​អង់គ្លេស ក៏​អាច​ជួយ​ឱ្យ​មាន​លំហូរ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ក្នុង​តំបន់​អ៊ឺរ៉ុបផងដែរ។

លោក​បញ្ជាក់ថា​៖ «​គ្រប់​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ គឺ​វា​នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​សម្រាប់​ប្រទេស​ដៃគូ​ទាំង ២»។

លោក​បន្ថែម​ថា ប្រសិន​បើ​កម្ពុជា​ទទួល​បាន​ចំណែក​ទីផ្សារ​នៅ​ចក្រភព​អង់គ្លេស​កាន់​តែ​ច្រើន​ វា​នឹង​ជួយ​​ឱ្យ​កម្ពុជា​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យមក​បណ្តាក់​ទុន​ផ្ទាល់​កាន់​តែ​ច្រើន ​ដើម្បី​ផលិត/​កែច្នៃ​ទំនិញ​ សម្រាប់​នាំ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរ​ជាតិ រួម​ទាំង​ចក្រភព​អង់គ្លេស។

កាល​ពី​ឆ្នាំ​២០២៣ ដោយ​សារ​ស្ថាន​ភាព​សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក ​ជួប​នឹង​វិបត្តិ​ច្រើន​ជា​បន្ត​បន្ទាប់​ បាន​ធ្វើ​ឱ្យ​ចំនួន​ទឹក​ប្រាក់​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ចក្រភព​អង់គ្លេស សម្រេច​បាន​ប្រមាណ ៨៧២,៩៦​ លាន​ដុល្លារ ថយចុះ ១០,៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២ ដែលមាន ៩៧៧,៤៤​ លាន​ដុល្លារ​។ ក្នុង​ចំនួន​ខាងលើ​គឺ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ចក្រ​ភព​អង់គ្លេស ៧៩៦,៣៨​ លាន​ដុល្លារ ថយចុះ ១០,២​ ភាគរយ ចំណែក​ទំនិញ​អង់គ្លេស​នាំមក​កម្ពុជា​ចំនួន ៧៦,៥៨​ លាន​ដុល្លារ ធ្លាក់ចុះ​ ១៦ ភាគរយ​។ ​នេះ​បើ​ផ្អែក​តាម ​GDCE៕