ភ្នំពេញ៖ សិក្ខា​សាលា​ស្តីពី​ការ​ផ្សព្វផ្សាយ​លទ្ធផល​គម្រោង «ការ​ពង្រឹង​សុវត្ថិភាព​ហិរញ្ញ​វត្ថុ​ក្នុង​សហគមន៍» ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ម្សិលមិញ​នៅ​ថ្ងៃទី ៨ ខែ​តុលា ដោយ​ប្រមូល​ផ្តុំ​អ្នកពាក់ព័ន្ធ​សំខាន់ៗ​មក​ពី​ស្ថាប័ន​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ ធនាគារ មីក្រូ​ហិរញ្ញវត្ថុ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា។

គំនិត​ផ្តួចផ្តើម​នេះ​រៀបចំ​ឡើង​ដើម្បី​លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ការពារ​អតិថិជន​ដែលបង្កើត​និរន្ដរភាព​ដល់​សហគមន៍​មូលដ្ឋាន​ដោយ​ផ្ដល់​ឱ្យ​បុគ្គល​ម្នាក់ៗ​នូវ​បំណិន​ជីវិត​សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​ផ្ទាល់ខ្លួន​និង​គ្រួសារ។


ការ​ផ្ដោត​​លើ​ការអប់រំ​សហគមន៍​ជនបទ​អំពី​សិទ្ធិ និង​ការ​ទទួល​​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ក្លែងបន្លំ និង​ជួយ​ពួកគេ​ចៀសវាង​ការធ្លាក់​ចូល​ទៅ​ក្នុង​បំណុល​ច្រើនពេក​។​

​លោកស្រី ឌិ​ត នី​តា ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការរៀបចំ​ប្រជាជន​ក្នុងស្រុក​នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។​


លោកស្រី​បានថ្លែងថា​៖ «​គម្រោង​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើន​បំ​ណិ​ន​ជីវិត​ក្នុងការ​គ្រប់គ្រង ​ចាត់​ចែង​លុយកាក់​ក្នុង​ក្រុមគ្រួសារ ជួយ​ឱ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​យល់ដឹង​ពី​សិទ្ធិ ​និង​កាតព្វកិច្ច​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​កម្ចី និង​ចៀស​ផុតពី​ការចាញ់បោក​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ប្រការ​ណាមួយ ឬ​ជួយ​បញ្ចៀស​នូវ​បំណុល​ច្រើន​លើសលប់​»។​

លោកស្រី ​នី​តា បាន​បន្ថែមថា តាមរយៈ​ការពង្រឹង​ចំណេះដឹង​​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកដឹកនាំ​សហគមន៍ គំនិត​ផ្តួចផ្តើម​បង្កើត​នូវ​ឥទ្ធិពល​នៃ​ការចែករំលែក​ចំណេះដឹង ដោយ​ធានាថា សូម្បីតែ​សហគមន៍​ដាច់ស្រយាល​បំផុត​ក៏​អាច​ទទួលបាន​ការអនុវត្ត​ហិរញ្ញវត្ថុ​ប្រកបដោយ​សុវត្ថិភាព​ផងដែរ​។​

​សិក្ខាសាលា​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ ក្រោម​អធិបតីភាព​លោក យឹម លាត ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា និង​មានការ​ចូលរួម​ពី​ឥស្សរជន​​មកពី​វិស័យ​ហិរញ្ញវត្ថុ​នានា​។​

ក្នុងចំណោម​អ្នកចូលរួម​សំខាន់ៗ​មាន​តំណាង​មកពី​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) រួមជាមួយ​និង​តំណាង​មក​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ អាជ្ញាធរភូមិ ឃុំ​នៃ​ខេត្ត​អនុវត្ត​គម្រោង ដៃ​គូអភិឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង ២០០នាក់ ​។​

លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​សម្ដែង​ការ​សាទរ​ចំពោះ​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុងការ​អនុវត្ត​សាកល្បង​នៃ​គម្រោង​នេះ​ ដែល​បាន​លើកកម្ពស់​ធុរកិច្ច​ធនាគារ​ប្រកបដោយ​ការទទួល​ខុសត្រូវ និង​ការលើកកម្ពស់​កិច្ចការពារ​អ្នក​ប្រើប្រាស់ ព្រមទាំង​ការអបរំ​ផ្នែក​ចំណេះដឹង​ហិរញ្ញវត្ថុ គឺជា​របៀបវារៈ​ស្នូល​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា ព្រមទាំង​សមាជិក​របស់ខ្លួន​ផងដែរ។

សិក្ខាសាលា​មាន​ការ​ចូលរួម​ពី​តំណាង​​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាជ្ញាធរភូមិ ឃុំនៃ​ខេត្ត​អនុវត្ត​គម្រោង ដៃគូ​អភិឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង ២០០​នាក់។ រូបថត សហការី

លោក​​បាន​ឱ្យដឹង​ថា​៖ «​សមាគម​ធនាគារ​នៅ​កម្ពុជា ពិត​ជាមាន​កិត្តិយស ដែល​ក្លាយជា​ផ្នែក​មួយ​នៃ​គម្រោង ការពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍ និង​សមាជិក​ក្រុមប្រឹក្សា​នៃ​គណៈកម្មាធិការ​ដឹកនាំ​ថ្នាក់​កណ្តាល និង​សមាជិក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដឹកនាំ​ថ្នាក់កណ្តាល​គម្រោង​ផងដែរ»​។​​

លក្ខណៈ​សំខាន់​នៃ​គម្រោង​គឺ​ការរួមចំណែក​​ក្នុងការ​លើកកម្ពស់​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្រិត​មូលដ្ឋាន​។​

ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក គម្រោង​នេះ​ត្រូវបាន​សាកល្បង​នៅក្នុង​ខេត្ត​ចំនួន​បួន​គឺ កំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និង​បាត់ដំបង ដោយ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្នុងស្រុក​ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សំខាន់ៗ​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​

គំនិត​ផ្តួចផ្តើម​នេះ​ស្របតាម​យុទ្ធសាស្រ្ត​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញ​វត្ថុ​ឆ្នាំ ២០១៩-២០២៥ ដែលមាន​គោល​បំណង​កែលម្អ​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ និង​ការពារ​សិទ្ធិ​អ្នកប្រើប្រាស់ ជាពិសេស​អ្នក​នៅ​តំបន់​ជនបទ​។​

សមិទ្ធផល​សំខាន់ៗ​មួយ​​ដែល​ត្រូវបាន​គូសបញ្ជាក់​ក្នុង​សិក្ខាសាលា​នេះ​គឺ​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់ឃុំ​ចំនួន ៥៩ នាក់ ក្នុងនោះ​ស្ត្រី ១៦ នាក់​មកពី​ខេត្ត​នានា​។​

ក្រោយ​មក គ្រូ​បណ្តុះ​បណ្តាល​ទាំងនេះ​នឹង​អប់រំ​អ្នកភូមិ​រាប់ពាន់​នាក់​អំពី​របៀប​ធ្វើការ​សម្រេចចិត្ត​ប្រកប​ដោយ​​ការ​យល់ដឹង​អំពី​ប្រាក់កម្ចី ការ​សន្សំ និង​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​។​

គម្រោង​នេះ​ក៏បាន​ផលិត​សៀវភៅ​សិក្សា​ហិរញ្ញវត្ថុ​សហគមន៍​ចំនួន ៧៥០០ក្បាល​ ដែល​មាន​គោល​បំណង​ផ្តល់នូវ​ព័ត៌មាន​ដែល​អាច​ចូល​ប្រើ​បាន និង​ងាយ​យល់​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកប​ដោយ​​សុវត្ថិភាព​។​

ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា លោក យឹម លាត​ បាន​សរសើរ​គំនិត​ផ្តួចផ្តើម​នេះ ដោយ​បាន​ហៅ​​​ថា​​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​​​លើក​កម្ពស់​ឥរិយាបថ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការទទួលខុសត្រូវ។

លោក​បាន​ថ្លែងថា​៖ «​ភាពជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​នេះ​ក្នុង​ដំណាក់​ការសាកល្បង​នេះ នឹង​ក្លាយជា​ឧ​ត្ត​មា​នុ​វត្ត​ន៍​សម្រាប់​ក្រុមការងារ​អាច​ប្រើប្រាស់​សម្រាប់​ការពង្រីក​វិសាលភាព​នៃ​គម្រោង​នេះ​ទៅកាន់ ឃុំ​-​សង្កាត់ ក្រុង​-​ស្រុក​ផ្សេងទៀត​»​។

លោក​បាន​លើកទឹកចិត្ត​បន្ថែមទៀត​ដល់​ភាគី​ពាក់ព័ន្ធ​ឱ្យ​សហការគ្នា​ក្នុងការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ផ្តោត​ជាពិសេស​លើ​ការ​ប្រើប្រាស់​ប្រាក់រៀល និង​ការការពារ​ពី​ការ​ក្លែងបន្លំ​ហិរញ្ញវត្ថុ​។

សិក្ខាសាលា​បាន​គូសបញ្ជាក់​ពី​ផល​ប៉ះពាល់​យ៉ាង​ទូលំទូលាយ​នៃ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​លើ​ការលើកកម្ពស់​សុខុមាល​ភាព​របស់​សហគមន៍៕