នៅ​តាម​បង្គោល​ភ្លើង ​ដើម​ឈើ ឬ​នៅ​តាម​របង​ខ្លះ​ គេ​អាច​ឃើញ​មាន​ការ​បិទ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​សេវា​ឥណទាន​ក្រៅ​ផ្លូវការ ដែល​សន្យា​ផ្ដល់​ប្រាក់​កម្ចី​រហ័ស​ដល់​អតិថិជន​ ឬ អតិថិជន​អាច​ដាក់​ប្រាក់​ដើម្បី​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ត្រឡប់​មក​វិញ។

សេវា​ឥណទាន​បែប​នេះ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​បណ្ដាញ​សង្គម​ទិកតុក ហ្វេសប៊ុក​ តេឡេក្រាម ឬ​ការ​ចែក​ចាយ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​នៅ​លើ​ដៃ​ចង្កូត​ម៉ូតូ ដែល​សុទ្ធ​តែ​គ្មាន​ទីតាំង​ច្បាស់​លាស់។ ជាទូទៅ ឥណទាន​បែប​នេះ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដាក់​តម្កល់​អត្តសញ្ញាណប័ណ្ណ សំបុត្រ​កំណើត ឬ ប័ណ្ណ​ក្រីក្រ ឬ​ឯកសារ​​មាន​តម្លៃ​មួយ​ចំនួន​ទៀត។


ប៉ុន្តែ ធនាគារ​ជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​ សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ បាន​បញ្ជាក់​ថា ឥណទាន​បែប​នេះ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​អតិថិជន​ ពីព្រោះ​ភាគ​ច្រើន​គឺ​ជា​ការ​ឆបោក។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី៨ ខែ​តុលា​ លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ពន្យល់​ថា​ អ្នក​ប្រើប្រាស់​ឥណទាន​ក្រៅ​ផ្លូវការ​ អាច​រង​ការ​គំរាម​កំហែង​ ឬ​កើត​មាន​អំពើ​ហិង្សា​ នៅ​ពេល​ណា​ដែល​គេ​មិន​មាន​លទ្ធភាព​សង។ 


សម្រាប់​អ្នក​ដាក់​ប្រាក់​សន្សំ​ដោយ​ស្រមៃ​ថា​នឹង​ទទួល​បាន​ការ​ប្រាក់​ខ្ពស់​មក​វិញ​ លោកស្រី​ថា ពួក​គេ​ងាយ​នឹង​ចាញ់​បោក​គេ ហើយ​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​ ដោយសារ​ពួក​គេ​ភាគ​ច្រើន​បាន​ទៅ​លុយ​ពី​ធនាគារ​ដើម្បី​យក​មក​​ដាក់​ជាមួយ​ឥណទាន​ក្រៅ​ផ្លូវការ​ទាំង​នោះ។

ការ​ផ្សព្វផ្សាយ​កម្ចី​រហ័សមួយ​​ត្រូវ​បាន​យក​ទៅ​សៀត​នៅ​លើ​ទ្វារឡាន​​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី៨ ខែតុលា។ នៀម ឆេង

លោកស្រី​ថ្លែង​ដូច្នេះ​ថា៖ «អ្នក​ដែល​មាន​បញ្ហា​ភាគច្រើន​គឺ​អ្នក​ចងការ គាត់​ទៅ​ខ្ចី​ពី​មីក្រូហិរញ្ញវត្ថុ ឬ​ពី​ធនាគារ យក​មក​ដាក់​ជាមួយ​ឥណទាន​ក្រៅ​ផ្លូវការ ដូចជា ដាក់ ៣០០​ដុល្លារ បាន​ ១៨០០​ដុល្លារ​ក្នុង​រយៈ​ពេល ២៤​ម៉ោង។​ ដល់​ពេល​គេ​យក​ទៅ​បាត់ ហើយ​គ្មាន​អ្វី​សង​គេ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ក៏​មក​ទារ​ពី​គាត់ ហើយ​បញ្ហា​ក៏​កើត​មាន​ឡើង​ ហើយ​គាត់​ចោទ​ថា​ មីក្រូហិរញ្ញវត្ថុ​មក​រឹប​អូស​ទ្រព្យ​សម្បត្តិ​គាត់»។

ខណៈ​ដែល​ពិភព​លោក​កំពុង​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ និង​ឥទ្ធិពល​នៃ​វិបត្តិ​កូវីដ១៩ ​កម្ពុជា​ក៏​មិន​មាន​ការ​លើក​លែង​ដែរ។ កត្តា​នេះ​អាច​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​កាន់​តែ​ងាយ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ការ​ឆបោក​របស់​ឥណទាន​ក្រៅ​ផ្លូវការ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បដិសេធ​សំណើ​សុំ​ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្លូវ​ការ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី ជា សិរី។ 

លោក​ស្រី​ថ្លែង​ដូច្នេះ​ថា៖ «សូម​ប្រជាជន​យើង​ប្រយ័ត្ន​ឲ្យ​មែនទែន ជា​ពិសេស​ក្នុង​រយៈ​ពេល​នេះ គឺ​មាន​អ្នក​ឆ្លៀត​ឱកាស​ច្រើន។ នៅ​ពេល​គាត់​មិន​អាច​ខ្ចី​ឥណទាន​ពី​គ្រឹះស្ថាន​ផ្លូវការ​ យើង​ខ្លាច​ថា គាត់​ងាក​ទៅ​សេវា​ក្រៅ​ផ្លូវការ។ ប៉ុន្តែ សូម​យល់​ថា បើ​គ្រឹះស្ថាន​គេ​មិន​ឲ្យ​ខ្ចី បាន​ន័យ​ថា គេ​បាន​សិក្សា​រួច​ហើយ​ថា​គាត់​មិន​មាន​លទ្ធភាព​សង។ ដូច្នេះ គួរ​តែ​កុំ​ខ្ចី​ល្អ​ជាង»។

ធនាគារជាតិ​នៃ​កម្ពុជា​ សមាគម​ធនាគារ ក៏ដូចជា​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​ អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឥណទាន​ក្រៅ​ផ្លូវការ ពីព្រោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​ពិបាក​ជួយ​ដែរ នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​ ដោយហេតុថា​ អ្នក​ឆបោក​គ្មាន​អាសយដ្ឋាន​ច្បាស់​លាស់ ហើយ​ក៏​គ្មាន​យន្តការ​នៃ​ការ​ដោះ​ស្រាយ​វិវាទ​បែប​នេះ​ទេ៕