កម្ពុជា​​បាន​បញ្ចេញ​ប្រាក់​ជាង ៤០០ ​លាន​ដុល្លារ​នា​ក្នុង​រយៈ​ពេល ៨ខែដើម​ឆ្នាំ​ ២០២៤ ដើម្បី​នាំចូល​ដែក និង​ដែកថែប ដោយ​ចំនួន​នេះ​​កើន​ឡើង​ជិត ៦០​ ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣។ កំណើន​ទឹក​ប្រាក់​នាំ​ចូល​ដែក និង​ដែកថែប ជា​សញ្ញាបង្ហាញ​ថា​វិស័យ​សាងសង់​នៅ​កម្ពុជា​ចាប់​ផ្តើម​កម្រើក​ឡើងវិញ​​ជា​បណ្តើរហើយ​។​

តួលេខ​ដែល​កត់​ត្រា​ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​​(GDCE) ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែសីហា ឆ្នាំ​ ២០២៤ កម្ពុជាបាន​​នាំចូល​ទំនិញ​ស្ថិតក្នុង​ជំពូក​​(HS ២​ ខ្ទង់​)​ លេខ​កូដ ៧២ ដែល​រួមមាន​ដែក និង​ដែកថែប ក្នុង​​ទឹកប្រាក់​សរុប ៤០៤,៨៥​ លាន​ដុល្លារ កើន ៥៩,២ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែលមាន ២៥៤,៣៧​ លាន​ដុល្លារ​។ ចំនួន​នេះ​ស្មើនឹង ២,១​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំ​ទំនិញ​ចូល​សរុប​របស់​កម្ពុជា​រយៈពេល ៨ ​ខែ ឆ្នាំ​ ២០២៤ ដែលមាន​ចំនួន ១៨,៩​ ពាន់​លាន​ដុល្លារ​។​ រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៣ ទឹក​ប្រាក់​នាំចូល​ផលិត​ផល​លេខកូដ ៧២ គឺ​ស្មើ​នឹង ១,៦ ​ភាគ​រយ​នៃ​ចំនួន​ទឹក​ប្រាក់​នាំ​ចូល​សរុប​។​


សម្រាប់​ខែ​សីហា ឆ្នាំ​ ២០២៤ ទឹក​ប្រាក់​នាំ​ចូល​ទំនិញ​លេខកូដ ៧២ មាន​ចំនួន ៥១,៨៩​ លាន​​ដុល្លារ កើន​ឡើង ៣៥,១ ​ភាគ​រយ​ធៀប​នឹង​ខែ​សីហា ឆ្នាំ​២០២៣ ដែល​មាន​ចំនួន​ ៣៨,៤២​ លានដុល្លារ​។​ 

អគ្គលេខាធិការ​នៃ​សមាគម​​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បាន​ប្រាប់ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៩ ខែ​តុលាថា ការ​កើន​ឡើង​ចំនួនទឹក​ប្រាក់​នាំ​ចូលដែក និង​ដែកថែប គឺ​មិន​អាច​បញ្ជាក់​ថា​វិស័យ​សំណង់​នៅ​​កម្ពុជា​កំពុង​មាន​វឌ្ឍនភាព​ល្អ​នោះ​ទេ ព្រោះដែក និងដែកថែប​ អាច​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​មុខងារ​ជាច្រើនទៀត​ក្រៅ​ពី​វិស័យ​សំណង់​។


លោក​បន្ត​ថា សម្រាប់​ស្ថាន​ភាព​នៅ​តាម​ការដ្ឋាន​សំណង់​លំនៅឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជានា​​​ពេល​នេះ គឺស្ទើតែ​មិន​មានការ​បើក​គម្រោង​​សាងសង់​សង់​​​ថ្មីៗ​នោះទេ។

លោក​បាន​និយាយ​ថា៖​«​ការ​សាងសង់ និង​ការ​ទិញលក់​លំនៅឋាន​នៅកម្ពុជា​ស្ទើតែគ្មាន​សកម្ម​ភាពសោះនៅ​ពេល​នេះ។ ​បញ្ហា​ទាំង​អស់​នេះ ​គឺ​​ជាប់​ទាក់​ទង​ទៅនឹង​កំណើន​សេដ្ឋកិច្ចសកល ក៏​ដូច​ជា​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជាផងដែរ»។​​

បើតាម​លោក វណ្ណា កំណើន​ទឹក​ប្រាក់​នាំចូល​ដែក និង​ដែកថែប​ រយៈ​ពេល ៩ ​ខែ​ខាង​លើ ក៏​អាចបាន​ពី​ការ​នាំចូល​ដែក​សម្រាប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗដូច​ជា ព្រលានយន្តហោះ កំពង់ផែ និងទីតាំងចំណត ជាដើម។​

អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង កន្លងមក​បាន​និយាយ​ថា បន្ទាប់ពី​ស្ងប់ស្ងាត់​ខ្លាំង​ក្នុងអំឡុងពេល​នៃ​ការ​​រីក​រាលដាល​កូ​វីដ​ ១៩ វិស័យ​សំណង់​នៅ​កម្ពុ​ជា បាន​កម្រើកឡើងវិញ​ជាបណ្តើរ ប៉ុន្តែ​មិន​បាន​ហក់​ឡើង​ខ្លាំង​នោះទេ។ នៅពេល​មានការ​សាងសង់​ តម្រូវការ​ដែក និង​សម្ភារ​សំណង់​ផ្សេងទៀត​ក៏​កើនឡើង​ដែរ​។

លោក​បន្ថែមថា ប្រសិនបើ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​សកល​មិនមាន​ប្រឈម​បញ្ហា​ធំៗ​បន្ថែមទៀត​នោះ វិស័យ​សំណង់ និង​អចលនទ្រព្យ​ពិភពលោក រួមទាំង​កម្ពុជា​ប្រាកដជា​នឹង​ងើប​ឡើងវិញ​។​

​លោក​បាន​លើកឡើងថា​៖ «​ភាពល្អ​​ប្រសើរ​នៃ​កំណើនសេដ្ឋកិច្ច​សកល រួមទាំង​ប្រទេស​កម្ពុជា បាន​ជួយ​ឱ្យ​វិស័យ​សាងសង់​កម្ពុជា​មិនមាន​សញ្ញា​អវិជ្ជមាន​ដូចកាល​ពី ៣-៤​ឆ្នាំទេ​»​។

កាល​ពី​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​នាំចូលទំនិញ​លេខកូដ ៧២ ក្នុង​ទឹក​ប្រាក់​សរុប ៥២៩,០៥​ លាន​ដុល្លារ ធ្លាក់ចុះ​ ១៣,១ ​ភាគរយ​ពី​ចំនួន ៦០៨,៥៦​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២៕