កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ការទូត និង​ទំហំពាណិជ្ជកម្ម​ទ្វេភាគីកម្ពុជា-​​អាល្លឺម៉ង់ ​ត្រូវ​បាន​រំពឹង​ថា​នឹង​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​ល្អ​បន្ថែម​ទៀត​បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​ជួប​ពិភាក្សា​ជាមួយ​គណៈ​ប្រតិភូ​អាល្លឺម៉ង់ ខណៈ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ក្នុង​រយៈ​ពេល ៩​ខែ​ដើម​ឆ្នាំ ​២០២៤ សម្រេច​បាន​ទឹក​ប្រាក់​ជាង ៧៨៤ លាន​ដុល្លារ​។

ជំនួប​ពិភាក្សា​រវាង​កម្ពុជា-​អាល្លឺម៉ង់​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២៤ ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុ​ប្រធាន​ទី ២ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ភាគី​អាល្លឺម៉ង់ ដឹកនាំ​ដោយ​ លោកស្រី​បណ្ឌិត Bärbel Kofler រដ្ឋលេខាធិការ​នៃ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ និង​ជា​សមាជិក​សភា​អាល្លឺម៉ង់ ព្រម​ទាំង​​មាន​ការ​ចូលរួម​ពី​លោក​ Stefan Anton Masserer ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា។


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC គោល​បំណង​ចម្បង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​កម្ពុជា និង​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ជា​ពិសេស​កិច្ច​ចរចា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នា​ពេល​ខាង​មុខ, ទស្សន​វិស័យ​សេដ្ឋកិច្ច​កម្ពុជា, ទិសដៅ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា, អភិបាល​កិច្ច និង​សិទ្ធិ​មនុស្ស, ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ក៏​ដូចជា​ផ្លាស់​ប្តូរ​យោបល់ និង​បទពិសោធ​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ភាព​ជាដៃគូ​នា​ពេល​អនាគត។

នៅ​ក្នុង​ជំនួប​នោះ ​លោក ឈៀង យ៉ាណារ៉ា បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​លោកស្រី​ Barbel Kofler ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​បាន​បន្ត​ប្តេជ្ញា​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា និង​ចាត់ទុក​កម្ពុជា​ជា​ដៃគូ​សំខាន់​ក្នុង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ខ្លួន។ 


សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី គឺ​ពិត​ជា​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​សង្គម-​ សេដ្ឋកិច្ច​ពី​វិបត្តិ​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ-១៩ និង​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជាផងដែរ។

ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា(GDCE) បាន​បង្ហាញថា ចន្លោះពី​ខែមករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៤ ការ​ផ្លាស់​ប្តូរទំនិញ​រវាង​កម្ពុជា​-អាល្លឺម៉ង់ មាន​ទឹក​ប្រាស់​សរុប ៧៨៤,៥៤ លាន​ដុល្លារ កើន​ឡើង ០,៨ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​អាល្លឺម៉ង់ មាន​ទឹក​ប្រាក់ ៦៧១,៧៩ លាន​ដុល្លារ កើន​ឡើង ៨,៤​ភាគរយ និង​អាល្លឺម៉ង់​នាំមក​កម្ពុជា ១១២,៧៥​ លាន​ដុល្លារ ធ្លាក់​ចុះ ២៩,១​ភាគរយ​។​

យោង​តាម​តួលេខខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឧត្តមភាព​ចំនួន ៥៥៩,០៣ លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៣ មាន​ចំនួន ៤៦០ លាន​ដុល្លារ​។ អាល្លឺម៉ង់ គឺ​ជា​ដៃគូពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី​១០ របស់​កម្ពុជា។​

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ០១ ខែវិច្ឆិកា​ថា អាល្លឺម៉ង់គឺ​ជា​ប្រទេស​រីកចម្រើន និង​មាន​សេដ្ឋកិច្ច​ធំ​ជាង​នៅក្នុង​ទ្វីបអឺរ៉ុប ហើយប្រទេស​នេះ​ក៏ជាទីផ្សារ​ចម្បង​មួយ​ផង​ដែរ​សម្រាប់​ផលិត​ផល​វាយនភណ្ឌ​កម្ពុជា​​។ 

ការ​កើន​ឡើង​នៃ​ទឹក​ប្រាក់​​នាំ​ចេញពី​កម្ពុជា​ គឺ​ដោយ​សារ​ទំនិញ​កម្ពុជា​មានភាព​ចម្រុះ ​គុណភាព​ល្អ និង​តម្លៃ​ប្រកួត​ប្រជែង​។ លោក​បន្តថា សម្រាប់​ចំនួន​ទឹកប្រាក់​ដែល​អាល្លឺម៉ង់​នាំ​ចូល​មក​កម្ពុជា​តិច គឺដោយ​សារ​​ទំនិញ​នាំ​ពីមក​​អាល្លឺម៉ង់ ភាគច្រើន​មាន​តម្លៃ​ខ្ពស់​លើស​ពី​ការ​ចង់​បាន​របស់ទីផ្សារ​​កម្ពុជា។​

លោក​លើក​ឡើង​ថា៖​«​ក្នុង​ទិដ្ឋភាពនយោបាយ និង​សេដ្ឋកិច្ច​អាល្លឺម៉ង់ គឺជាបងធំនៅអ៊ឺរ៉ុប ដូច្នេះ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការនេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា​»។

ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​អាល្លឺម៉ង់​ មាន​ភាគច្រើនជា សម្លៀកបំពាក់ ស្បែកជើង ទំនិញ​សម្រាប់​ធ្វើដំណើរ កង់ និង​ផលិតផល​កសិកម្ម ចំណែក​ទំនិញ​​​អាល្លឺម៉ង់ នាំមក​កម្ពុជា គឺ​ជា រថយន្ត សម្ភារសុខាភិបាល គ្រឿងអគ្គិសនី អេឡិចត្រូនិក និង​គ្រឿងសំណង់​។​ នេះ​បើ​តាម​លោក ហុង វណ្ណៈ​។​

លោក​អះអាងថា​៖«​អាល្លឺម៉ង់​ជា​ប្រទេស​រីកចម្រើន និង​ស្ថិតក្នុង​សហភាព​អ៊ឺរ៉ុប ដូច្នេះ​ប្រសិន​បើ​កម្ពុជា​បង្កើន​ការ​ផលិត​ទំនិញ​ឱ្យ​កាន់​តែ​មាន​លក្ខណៈចម្រុះ​ និង​មាន​គុណ​ភាព​កម្រិត​ស្តង់ដារ​នោះ ខ្ញុំ​គិត​ថា​ ទឹក​ប្រាក់​នាំ​ចេញ​ទៅ​អាល្លឺម៉ង់​នឹង​មាន​កាន់​តែ​ច្រើន​។ ទំនាក់​ទំនង​ការទូតកាន់តែល្អ លំហូរ​ទំនិញ​នឹង​មានកាន់តែច្រើន​»។​

ក្នុង​ឆ្នាំ​ ២០២៣ ចរាចរណ៍​ទំនិញ​រវាង​កម្ពុជា-​អាល្លឺម៉ង់ មាន​ទឹក​ប្រាក់​សរុប ១ ០១១,៤៧លាន​ដុល្លារ ធ្លាក់​ចុះ ១៨,៩ ភាគរយធៀប​ឆ្នាំ ២០២២ ក្នុង​នោះ​ការ​នាំ​ចេញរបស់កម្ពុជាមាន​ចំនួន ៨១៥,៥២ លាន​ដុល្លារ ធ្លាក់​ចុះ ២៤,៧ ភាគរយ និង​អាល្លឺម៉ង់ នាំចូល ១៩៥,៩៥ លាន​ដុល្លារ កើន​ឡើង ២០​ ភាគរយ។ នេះ​បើ​តាម GDCE៕