កម្ពុជា​រំពឹង​ថា​នឹង​អាច​បង្កើន​ភាព​ទាក់​ទាញ​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​មក​កម្សាន្ត​កាន់​តែ​ច្រើនបន្ថែម​ទៀត​ បន្ទាប់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បណ្តាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ Mastercard ប្រកាស​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូទាត់​បាគង​ទេសចរ ​(Bakong Tourists App)។

អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​អះអាង​ថា ការ​ទូទាត់​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នៅ​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​សកម្ម។


ធនាគារ​ជាតិ​នៃ​កម្ពុជា(NBC)​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូទាត់​បាគង​ទេសចរ ​(Bakong Tourists App) ជាមួយ​ក្រុមហ៊ុន​បណ្តាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ Mastercard។ គោល​បំណង​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូទាត់​បាគង​ទេសចរ​(Bakong Tourists App)​ជាមួយ​ក្រុមហ៊ុន​បណ្តាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ Mastercard គឺ​ដើម្បី​ពង្រីក​វិសាលភាព និង​ជំរុញ​ការ​ប្រើប្រាស់​កម្មវិធី​ទូទាត់​បាគង​ទេសចរ ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC បាន​ឱ្យ​ដឹង​ថា៖​«​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​តាម​ប្រព័ន្ធ​ឌីជីថល​កាន់​តែ​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ទាញ​យក​កម្មវិធី​ទូទាត់​បាគង​ទេសចរ រួច​បញ្ចូល​ទឹក​ប្រាក់​ក្នុង​គណនី​បាគង​ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​ទូទាត់ Mastercard ដែល​មាន​ស្រាប់​ពី​ប្រទេស​ដើម​របស់​ខ្លួន​។ ទន្ទឹម​នេះ​អាជីវកម្ម​ក្នុង​ស្រុក​អាច​ផ្តល់​បទ​ពិសោធន៍​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ប្រកប​ដោយ​ភាព​ងាយ​ស្រួល រហ័ស និង​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ផង​ដែរ»។


យោង​តាម NBC កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ គឺ​សំដៅ​រួម​ចំណែក​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​លើក​កម្ពស់​ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល តាម​រយៈ​ការ​ពង្រីក​លទ្ធភាព​ក្នុង​ការ​ទូទាត់​ឌីជីថល​ឱ្យ​កាន់​តែ​សម្បូរ​បែប ងាយ​ស្រួល ប្រសិទ្ធភាព និង​សុវត្ថិភាព។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ក្នុង​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ថា ចំណេះដឹង និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក​នៅ​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ។ ការ​បន្ថែម​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​សម្រាប់​ភ្ញៀវ​អន្តរជាតិ គឺ​ជា​ចំណុច​ទាក់​ទាញ​មួយ​បន្ថែម​ទៀត​ឱ្យ​ពួក​គេ​ធ្វើ​ដំណើរ​មក​កម្ពុជា​កាន់​តែ​ច្រើន​។ ចំនួន​ភ្ញៀវ​ទេសចរបរទេស​ដែល​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា ​កំពុង​មាន​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់។

លោក​បាន​ថ្លែង​ថា៖«​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​នេះ គឺ​ជា​ចំណែក​រួម​ផ្សំ​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន ជា​ពិសេស​វា​នឹង​ជួយ​បង្កើន​ភាព​ទាក់​ទាញ និង​សម្រួល​ដល់​ជន​បរទេស​ឱ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​កាន់​តែ​ច្រើន»។

ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក​ស្រី​ ជា សិរី ដែល​បាន​អញ្ជើញ​ចូល​រួម​ជា​គណៈ​ធិបតី​ក្នុង​កម្ម​វិធី​ខាង​លើ បាន​និយាយ​ថា​ កិច្ច​សហ​ប្រតិបត្តិការ​នេះ មិន​ត្រឹម​តែ​ពង្រីក​មុខងារ​របស់​កម្មវិធី​ទូទាត់​បាគង​សម្រាប់​ទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សបញ្ជាក់​ពី​ចក្ខុវិស័យ​រួម​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាម​រយៈ​វិស័យ​ទេសចរណ៍​ផងដែរ។

លោក​ស្រីបាន​ថ្លែង​ថា៖​«​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​ទូទាត់​យ៉ាង​រលូន និង​ឆាប់​រហ័ស ដែល​បាន​រួម​ចំណែក​ដល់​និរន្តរភាព និង​ភាព​ធន់​នៃ​វិស័យ​ទេសចរណ៍​របស់​យើង។ លើស​ពី​នេះ គំនិត​ផ្តួចផ្តើម​នេះ​ក៏​ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ»។

អនុ​ប្រធាន​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ដំណោះស្រាយ​សម្រាប់​ការ​ទទួល​យក​ប័ណ្ណ​របស់​ក្រុមហ៊ុន Mastercard លោក Sapan Shah បាន​លើក​ឡើង​ថា Mastercard មាន​សេចក្តី​រំភើប​រីករាយ​ដែល​បាន​សហការ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា តាម​រយៈ​ការ​តភ្ជាប់​ជាមួយ​ប្រព័ន្ធ​បាគង ដើម្បី​ធ្វើ​ឱ្យ​ប្រតិបត្តិការ​ទូទាត់​តាម​ឌីជីថល​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ទាំង​ភ្ញៀវ​ទេសចរ និង​អាជីវករ​ក្នុង​នៅ​កម្ពុជា។ លើស​ពី​នេះ យើង​ក៏​កំពុង​ជួយ​ជំរុញ​អាជីវករ​ក្នុង​ស្រុក​ឱ្យ​ទទួល​យក​ការ​ទូទាត់​ដោយ​គ្មាន​សាច់​ប្រាក់ ​ដោយ​បង្កើន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​បញ្ហា​ប្រឈម​នានា​ទាក់ទង​នឹង​ការ​គ្រប់​គ្រង​សាច់ប្រាក់។

លោក​បាន​និយាយ​ថា៖​«​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​បរិវត្តកម្ម​សេដ្ឋកិច្ច​ឌីជីថល។ ក្រោម​កិច្ចសហ​ប្រតិបត្តិការ​នេះ អតិថិជន​របស់ Mastercard ទាំង​អស់​អាច​បញ្ចូល​ទឹក​ប្រាក់​ទៅ​ក្នុង​គណនី​បាគង​ដោយ​ផ្ទាល់ តាម​រយៈ​កម្មវិធី​ទូទាត់​បាគង​សម្រាប់​ទេសចរ​ដែល​ទើប​តែ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ភ្ញៀវ​ទេសចរ នឹង​រីករាយ​ជាមួយ​បទពិសោធ​ថ្មី​នេះ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា រយៈពេល ៣ ត្រីមាស​ដំបូង​ ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ចំនួន ៤,៨ លាននាក់ កើន​ឡើង ២២,២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣។ សំបុត្រ​ដែល​គ្រឹះស្ថាន​អង្គរ​លក់​ឱ្យ​ភ្ញៀវ​បរទេស​សម្រាប់​ការ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​សរុប ៦៩៩ ៨៥០ សន្លឹក កើនឡើង ២៩,៧ ភាគរយ​ និង​ទទួល​បាន​ចំណូល​សរុប ៣២,៥លាន​ដុល្លារ កើន​ឡើង ៣០,២ ភាគរយ។

ឆ្នាំ ២០១៩ ត្រូវ​បាន​ចាត់​ទុក​ជា​ឆ្នាំ​កំពូល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦,៦១ លាន​នាក់ និង​ទទួល​បាន​ចំណូល ៤,៩២ លាន​ដុល្លារ។ ទឹក​ប្រាក់​នេះ គឺ​បាន​ចូល​រួម​ប្រមាណ ១២,១ ភាគរយនៃ​ផលិតផល​ក្នុង​ស្រុក​សរុប៕