គម្រោង​វិនិយោគ​ចំនួន​ជិត ៣៥០ ​បាន​ចុះ​បញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) នា​​រយៈ​ពេល ១០​ ខែ​ដើមឆ្នាំ​​ ២០២៤ ​កើន​ឡើង​ជាង ៥០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ​ខណៈ​គម្រោង​ទាំង​អស់​អាច​បង្កើត​ការងារ​បាន​ជិត ៣០ម៉ឺនកន្លែង​។ នេះ​បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​(CDC)។

អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា លោក សរ សិនិរ៉ា បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្តីពី«​បច្ចុប្បន្ន​ភាព​គោល​នយោបាយ​សេដ្ឋកិច្ច សម្រាប់​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​មន្រ្តី​ការទូត​កម្ពុជា​ដែល​កំពុង​បំពេញ​បេសកកម្ម ការទូត​ទូទាំង​ពិភពលោក» នៅ​សណ្ឋាគារ​ Hyatt Regency Phnom Penh កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​វិច្ឆិកា​ថា ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​មាន​ភាព​បើក​ចំហរ​នៃ​របប​វិនិយោគ មាន​ការ​ធានា​និង​ការការពារ​វិនិយោគ ព្រម​ទាំង​មាន​ការ​លើក​ទឹក​ចិត្ត​ទូលំទូលាយ​ចំពោះ​វិស័យ និង​សកម្មភាព​វិនិយោគ​ជាច្រើន។


លោក​បន្ត​ថា ជាក់ស្តែង​ចាប់​ពី​ខែ​មករា-តុលា ឆ្នាំ ២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) បាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​សរុប​ចំនួន ៣៤៦ គម្រោង និង​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង ៥ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​អាច​បង្កើត​ការ​ងារ​បាន ២៦៨ ២៤២ កន្លែង។ 

រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៣ គម្រោង​ដែល​បាន​មក​ចុះ​បញ្ជី​មាន​ចំនួន​សរុប ២២៧ គម្រោង ក្រោម​ទុនវិនិយោគ​ប្រមាណ​ជាង ៤ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន ២៦០,៤៧០ កន្លែង។


លោក​បន្ថែម​ថា កម្ពុជា​ជា​ទីផ្សារ​ដែល​មាន​សក្តានុពល​សម្រាប់​ការ​វិនិយោគ និង​មាន​ទីផ្សារ​សម្រាប់​នាំ​ចេញ​ច្រើន​ ទាំង​នៅ​ក្នុង​តំបន់​អាស៊ាន, តំបន់​ RCEP, កូរ៉េ​ខាងត្បូង ចិន និង​ទីផ្សារ​អេមីរ៉ាតអារ៉ាប់រួម ដោយ​ការ​នាំ​ចេញ​ផលិតផល​ ដែល​ផលិត​នៅ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ទាំង​នេះនឹង​ទទួល​បាន​អត្រា​ពន្ធ​សូន្យ ឬ​អត្រា​ពន្ធ​ទាប ក្រោម​ក្របខណ្ឌ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ថា ​គម្រោង​វិនិយោគ​ថ្មី​ៗ​ដែល​កម្ពុជា​ទទួលបាន​នា​ពេល​នេះ​ គឺ​មាន​លក្ខណៈ​ចម្រុះស្ទើ​គ្រប់​វិស័យ ប៉ុន្តែ​ភាគ​ច្រើន​​​ស្ថិត​ក្នុង​ផលិត​កម្ម​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប។ 

ថ្មី​ៗ​នេះ​គេ​ក៏​សង្កេត​ឃើញ​មាន​គម្រោង​វិនិយោគ​លក្ខណៈ​ឧស្សាហកម្មផងដែរ ដូចជា រោងចក្រ​ផលិត​កៅស៊ូកង់​ គ្រឿង​អេឡិចត្រូនិក ​ផ្នែក​សាងសង់ និង​សេវាកម្ម​មួយ​ចំនួន​។ លោក​បន្ត​ថា ​នេះ​ជា​មោទនភាព​មួយ​សម្រាប់​​កម្ពុជា​ដែល​នៅ​តែ​មាន​សក្តានុពល​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគជាតិ និង​អន្តរ​ជាតិ​ឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​​។

លោក​លើក​ឡើង​ទៀត​ថា ​ផ្អែក​តាម​ស្ថានភាព​នៃ​ការ​វិវឌ្ឍនយោបាយ​ពិភពលោក គឺ​កម្ពុជា​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ទាក់​ទាញ​រោងចក្រ/​សហគ្រាស​ធំៗ​ឱ្យ​មក​បោះទីតាំង​ ព្រោះ​​​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​មាន​លក្ខខណ្ឌ​អំណោយ​ផល​ច្រើន​សម្រាប់​ការ​វិនិយោគ ដោយ​រាប់​ចាប់​តាំង​ពី​ស្ថានភាពនយោបាយ ច្បាប់​វិនិយោគ កម្លាំងពលកម្ម និង​មាន​ទីផ្សារ​នាំចេញធំទូលាយ។​

លោក​បាន​ថ្លែង​ថា៖​«​បើតាម​ព័ត៌មាន រដ្ឋាភិបាល​អាមេរិកដែល​ដឹក​នាំ​ដោយលោក ដូណាល់ ត្រាំ ចាប់​ពី​ដើម​ឆ្នាំ​២០២៥ នឹងមាន​វិធានការ​ដំឡើង​ពន្ធ​កាន់​តែ​ច្រើន​ចំពោះ​ផលិត​ផល​ផលិត​នៅ​ប្រទេស​ចិន​ដែល​នាំចូល​ក្នុង​ទឹក​ដី​អាមេរិក ដូច្នេះ​រំពឹង​ថា នឹង​មាន​ក្រុមហ៊ុន/រោងចក្រ​នៅ​​ប្រទេស​ចិន​មួយ​ចំនួន​រើទីតាំង​របស់​ខ្លួន​មក​កម្ពុជា​ ដើម្បី​ផលិត​នៅ​ចេញ​ទៅ​អាមេរិក និង​អ៊ឺរ៉ុប ព្រោះ​កម្ពុជា​មាន​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​មួយ​ចំនួន​ទៅ​​ទីនោះ​»។

តារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​ ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី ១១ ខែ​វិច្ឆិកា បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២៤ ការ​នាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​មាន​ទឹក​ប្រាក់​សរុប ៤៥,0៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន ៣៨,៦៧​ ពាន់​លាន​ដុល្លារ។ ​

ក្នុង​នោះ​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា មាន​ចំនួន​ ២១,៥៧​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦ ​ភាគរយ​ពី​ចំនួន​ ១៨,៥៩​ ពាន់​លាន​ដុល្លារ និង​ទំនិញ​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ ​មាន​ចំនួន​ ២៣,៤៩ ​ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៥ ​ភាគរយ​ពី​ចំនួន​ ២០,០៧ ពាន់​លាន​ដុល្លារ​៕