ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-កាណាដា នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​បន្ថែម​ទៀតចាប់​ពី​ឆ្នាំ ​២០២៥ ខណៈរដ្ឋាភិបាល​កាដាណា​ មាន​​ផែនការ​បញ្ជូន​បេសកកម្ម​ធុរកិច្ច​របស់​ខ្លួន​មក​កម្ពុជា​នៅ​ឆ្នាំក្រោយ ​ដើម្បី​ស្វែង​រក​ឱកាស​​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។

នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​(កម្ពុជា) លោក សុខ ចិន្តាសោភា នៅ​ទីស្តីការ​ក្រសួង​ការបរទេស កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា លោក David Verbiwski ភារធារី​នៃ​ការិយាល័យ​ស្ថានទូត​កាណាដា នៅ​ទីក្រុងភ្នំពេញ បាន​លើក​ឡើង​អំពី​ការ​វិវឌ្ឍ​ដ៏​គួរ​ឱ្យកត់​សម្គាល់​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ជា​ពិសេស​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កាណាដា ​ក្នុង​ការដំឡើង​កម្រិត​ការិយាល័យ​ស្ថានទូត​ទៅ​ជា​ស្ថានទូត​កាណាដា​នៅ​ភ្នំពេញ បន្ទាប់​ពី​កិច្ច​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ជា​មួយ​​លោក Justin Trudeau នាយក​រដ្ឋមន្ត្រី​កាណាដា នៅ​ទីក្រុង​វៀងច័ន្ទន៍​ ប្រទេស​ឡាវ កាល​ពី​ខែ​តុលា ឆ្នាំ ២០២៤។


លោក David បាន​ប្រាប់​ទៀត​ថា ទន្ទឹម​នឹង​ផែនការ​ក្នុង​ការ​ដំឡើង​កម្រិត​ការិយាល័យ​ស្ថានទូត​ឱ្យ​ទៅ​ជា​ស្ថានទូត​កាណាដា​ប្រចាំ​នៅ​កម្ពុជា រដ្ឋាភិបាល​កាដាណា ក៏​មាន​ផែនការ​ក្នុង​ការ​បញ្ជូន​បេសកកម្ម​ធុរកិច្ច​កាណាដា​មកប្រទេស​​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ២០២៥ ដើម្បី​ស្វែងរក​ឱកាស​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្មជា​មួយ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក សុខ ចិន្តាសោភា បាន​សម្តែង​ការ​ស្វាគមន៍​ និង​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ​ជា​សមិទ្ធិផល​ថ្មីមួយ​ទៀត​ក្នុង​ទំនាក់ទំនង និង​បង្កើត​នូវ​លក្ខខណ្ឌ​អំណោយផល​ថែម​ទៀត​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ លោក​បន្ត​ថា ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​(កម្ពុជា) នឹង​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​ដល់​ដំណើរការ​នេះ។


យោង​តាម​​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ចន្លោះ​ពី​ខែ​មករា ដល់​ខែតុលា​ ឆ្នាំ ​២០២៤ ទឹក​ប្រាក់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា កាណាដា មាន​ចំនួន​សរុប ៩៥៩,៨២ លាន​ដុល្លារ កើន​ឡើង ២៦,៩ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​​ឆ្នាំ ២០២៣ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅកាណាដា មាន​ចំនួន ៩១១,៧៨​ លាន​ដុល្លារ កើន​ឡើង ២៩,៨ ភាគរយ ចំណែក​កាណាដានាំចូល​មក​កម្ពុជា ៤៨,០៤ លាន​ដុល្លារ​ ថយចុះ ១០,២ ភាគរយ។​

ប្រទេសកាណាដា គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី ៦ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន។​

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពី​សប្តាហ៍មុន​​ថា កំណើន​ទឹក​ប្រាក់​ដែល​បាន​ពី​ការ​នាំ​ចេញ​ទំនិញ​ផលិត​នៅ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នា​រយៈ​ពេល​ជិត ១​ឆ្នាំ​កន្លងមក​នេះ គឺ​មាន​មួយ​ចំណែក​បាន​មក​ពី​កំណើន​ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​ទៅ​ប្រទេស​កាណាដា។

លោក​បន្ត​ថា បច្ចុប្បន្ន​ក្រៅពី​មាន​ទំនាក់​ទំនង​ការទូត និង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​គ្នា សភា​ពាណិជ្ជកម្ម​កម្ពុជា​(CCC) ក៏​បាន​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ទីក្រុង​តូរ៉ុនតូ​(ប្រទេស​កាណាដា)​ ដែល​ការិយាល័យ​តំណាង​នេះ​មាន​តួនាទី​ជួយ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​ទៅ​ដល់​អតិថិជន​កាណាដា និង​ផ្តល់​ព័ត៌មាន​ដើម្បី​ទាក់ទាញ​វិនិយោ​គិន​កាណាដា​ឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖​«ចំនួន​ទឹក​ប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​កាណាដា​នឹង​មាន​ភាព​វិជ្ជមាន​បន្ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​ក្រៅ​ពី​ផលិតផល​វាយនភណ្ឌ​ កម្ពុជា​ក៏​មានផលិតផល​កសិកម្ម និង​គ្រឿងបង្គុំ​មួយ​ចំនួន​នាំ​ទៅប្រទេស​កាណាដា​ផងដែរ»។

លោក​បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុង​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​មួយ​ចំនួន​ទៅ​​ទីផ្សារ​កាណាដា។

បើ​តាម លោក លឹម ហេង ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​នាំ​ទៅ​កាណាដា គឺ​ជា​ផលិត​ផល​សម្លៀក​បំពាក់ ផលិត​ផល​ធ្វើ​ដំណើរ ស្បែក​ជើង កង់ និង​គ្រឿង​បង្គុំ​អេឡិច​ត្រូនិក​-អគ្គិសនី ចំណែក​ទំនិញ​កាណាដា នាំ​មក​កម្ពុជារួម​មាន​ ​គ្រឿង​អេឡិច​ត្រូនិក ឧបករណ៍​វេជ្ជសាស្រ្ត និង​រថយន្ត​ជាដើម៕