ក្រុមហ៊ុន/សហគ្រាសផលិតកម្ពុជា និងចក្រភពអង់គ្លេសជាង ៨០ បានចូលរួមក្នុងព្រឹត្តិការណ៍«ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា»(2024 Cambodia International Trade Exhibition) ដែលព្រឹត្តិការណ៍នេះនឹងជួយផ្តល់ការគាំទ្រដល់អាជីវកម្មរបស់ស្រ្តីកម្ពុជា ហើយវាក៏ជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសឱ្យមានទំហំកាន់តែធំផងដែរ។
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ត្រូវបានធ្វើឡើងដោយបណ្តាញសហគ្រិនស្ត្រីកម្ពុជា(CamWEN) ក្រោមកិច្ចគាំទ្រពី ITC SheTrades និង UK International Development ចាប់ផ្តើមពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា តាមរយៈព្រឹត្តិការណ៍នេះអាជីវកម្មដែលដឹកនាំដោយស្ត្រីកម្ពុជានឹងទទួលបានឱកាសជួបផ្ទាល់ជាមួយគណៈប្រតិភូចក្រភពអង់គ្លេសជាច្រើន ហើយនៅថ្ងៃទីពីរ (ថ្ងៃទី១៩) ក្រុមហ៊ុនមកពីចក្រភពអង់គ្លេសនឹងធ្វើទស្សនកិច្ចទៅតាមកន្លែងអាជីវកម្មដែលដឹកនាំដោយស្រ្តីនៅក្នុងវិស័យវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងសិប្បកម្ម ព្រមទាំងមានកិច្ចពិភាក្សាបន្ថែមអំពីអាជីវកម្មរបស់ស្រ្តីនៅកម្ពុជាផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានថ្លែងក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា»ថា ព្រឹត្តិការណ៍ពិព័រណ៍នេះមានគោលបំណងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងផលិតនៅកម្ពុជាទៅចក្រភពអង់គ្លេសឱ្យបានកាន់តែច្រើន។ តាមរយៈនេះក្រុមហ៊ុន/សហគ្រាសនៅកម្ពុជា គឺមិនត្រឹមតែមានឱកាសបង្ហាញផលិតផលរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួបផ្ទាល់ជាមួយអ្នកបញ្ជាទិញសំខាន់ៗមកពីចក្រភពអង់គ្លេសទៀតផង។ បច្ចុប្បន្នឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង បានក្លាយជាផលិតផលអាទិភាពដែលចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។
លោកស្រីបានបន្ថែមថា កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្ម និងវិនិយោគ។
លោកស្រីថ្លែងថា៖«កម្មវិធីនេះត្រូវបានរៀបចំឡើងចំពេលដើម្បីជាយន្តការក្នុងការពង្រឹងការចូលរួម និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២។ ក្នុងពិធីនេះក៏នឹងផ្តល់នូវវេទិកាសម្រាប់ផ្នែកឯកជនរបស់យើងក្នុងការជួបជជែកពិភាក្សា និងស្វែងយល់ពីគ្នាក្នុងគោលដៅសម្រេចឱ្យបានការព្រមព្រៀងពាណិជ្ជកម្មនានាដើម្បីនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅកាន់ចក្រភពអង់គ្លេស ដែលនឹងចូលរួមចំណែកដល់កំណើនពាណិជ្ជកម្មទ្វេភាគី»។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-ចក្រភពអង់គ្លេស ចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ មានទឹកប្រាក់សរុប ៨៥០,៧៤ លានដុល្លារ កើនឡើង ១៥,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅអង់គ្លេស មានប្រមាណ ៨០៧,៣៥ លានដុល្លារ កើនឡើង ២១,១ ភាគរយ និងទំនិញអង់គ្លេសនាំមកកម្ពុជា មានចំនួន ៤៣,៣៨ លានដុល្លារ ធ្លាក់ចុះ ៣៦,៧ ភាគរយ។
លោកស្រី អេង លីគង់ ប្រធាន ASEAN Women Entrepreneurs Network-AWEN និងជាប្រធាន The Cambodia Women Entrepreneurs’ Network- CamWEN បានលើកឡើងថា ពិព័រណ៍នេះគឺជាសក្ខីភាពមួយពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាសកល ដោយមានការតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់ ការរចនាប្រកបដោយភាពច្នៃប្រឌិត និងសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់។ ផលិតផលដ៏ប្រណីតដែលដាក់តាំងបង្ហាញ គឺបង្ហាញពីសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងការទាក់ទាញទីផ្សារពិភពលោកឱ្យមកបញ្ជាទិញទំនិញពីកម្ពុជាកាន់តែច្រើន។
លោកស្រីបន្តថា អ្វីដែលមាននៅពេលនេះ ក៏បានមកពីការចូលរួមចំណែកយ៉ាងធំធេងពីរដ្ឋាភិបាលកម្ពុជាក្នុងជំរុញបរិយាកាសអំណោយផលសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។
លោកស្រីបានអះអាងថា៖«ប្រទេសកម្ពុជាមានធនធានដ៏សម្បូរបែប រួមទាំងកម្លាំងពលកម្មជំនាញ តម្លៃផលិតកម្មប្រកួតប្រជែង និងប្រពៃណីដ៏សម្បូរបែបនៃសិប្បកម្ម។ កត្តាទាំងនេះរួមចំណែកដល់ការបង្កើតផលិតផលដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ និងចាប់យកខ្លឹមសារនៃបេតិកភណ្ឌកម្ពុជា»។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams MBE បានលើកឡើងថា នេះជាឱកាសដ៏អស្ចារ្យមួយក្នុងការលើកស្ទួយសមភាពយេនឌ័រ ហើយលោកក៏លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមសហការដូចគ្នាដែរ។
លោកបន្តថា ប្រសើរជាងនេះទៅទៀតវាពិតជាសំខាន់ក្នុងការបោះជំហានទៅមុខ និងផ្ដល់ការគាំទ្រទៅដល់ស្រ្តីទាំងអស់ដែលបានធ្វើរឿងដ៏អស្ចារ្យគ្រប់កាលៈទេសៈនៅក្នុងជីវិត។ ដោយហេតុនេះ លោកពិតជាមានសេចក្ដីសោមនស្សដែលស្ថានទូតអង់គ្លេសកំពុងចូលរួមចំណែកសហការ ដោយផ្ដល់ឱកាសជូនទៅដល់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រីតាមរយៈវេទិកាដាក់តាំងបង្ហាញផលិតផលទៅកាន់អ្នកវិនិយោគទុនដែលបានធ្វើដំណើរពីចក្រភពអង់គ្លេសក្នុងគោលបំណងនាំយកផលិតផលពីប្រទេសកម្ពុជាចូលទៅក្នុងទីផ្សារចក្រភពអង់គ្លេស។
លោកបានបន្ថែមថា៖«ខ្ញុំសង្ឃឹមថាបេសកកម្មពាណិជ្ជកម្មមួយនេះ នឹងរួមចំណែកជួយទៅដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី ឱ្យទទួលបានកំណើនបា្រក់ចំណូល និងភាពរីកចម្រើន ព្រមទាំងបើកឱកាសទៅដល់អតិថិជនរបស់ចក្រភពអង់គ្លេស បានជាវផលិតផលល្អៗពីប្រទេសកម្ពុជា។