កម្ពុជា​រក​ចំណូល​បាន​ប្រមាណ​ជាង ១,៣​ ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ផលិតផល​ស្បែកជើង​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល ១០ ខែ​ដើម​ឆ្នាំ ២០២៤ កើន​ឡើង​ជាង ២០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​​ឆ្នាំ ២០២៣ ខណៈ​សហគមន៍​អ៊ឺរ៉ុប អាមេរិក និង​ប្រទេស​ចិន គឺ​ជា​ទីផ្សារ​ឈាន​មុខ​គេ។

ព្រឹត្តិបត្រ​ព័ត៌មាន​របស់​សមាគម​ស្បែកជើង​កម្ពុជា​(Cambodia Footwear Association-CFA)​បាន​ឱ្យ​ដឹង​ថា ចាប់ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ ២០២៤ ការ​នាំ​ចេញ​ផលិតផល​ស្បែកជើង​ទៅ​ក្រៅ​ប្រទេសមាន​ទឹក​ប្រាក់​សរុប ១ ៣៣២,៣៣ លាន​ដុល្លារ កើន​ឡើង ២២,៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ១ ០៨៩,១៨ លាន​ដុល្លារ។ 


ដោយ​ឡែក​សម្រាប់​ខែ​តុលា ឆ្នាំ ២០២៤ ការ​នាំ​ចេញ​ស្បែកជើង​មាន​ទឹក​ប្រាក់ ១១៧,៩៥ លាន​ដុល្លារ ថយ​ចុះ​ប្រមាណ ៥ ភាគរយ​បើ​ធៀប​នឹង​ខែកញ្ញា ឆ្នាំ ២០២៤ ប៉ុន្តែ​បើ​ធៀប​នឹង​ខែ​តុលា ឆ្នាំ ២០២៣ គឺ​កើន​ឡើង​ ២១,១ ភាគរយ។

នៅ​ក្នុង​ពិធី​ជប់លៀង​ប្រចាំ​ឆ្នាំ​របស់​សមាគម​ស្បែកជើង​កម្ពុជា កាល​ពី​ខែ​តុលា ឆ្នាំ ២០២៤ លោក លី ឃុនថៃ ប្រធាន​សហព័ន្ធ​សមាគម​អ្នក​វិនិយោគ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែក​ជើង​កម្ពុជា​(Mr. Ly Kunthai, President of the Confederation of Cambodia Investors Association (CCIA) and the President of Cambodia Footwear Association) បាន​ឱ្យ ដឹង​ថា ឧស្សាហកម្ម​ស្បែក​ជើង​នៅ​កម្ពុជា​កំពុង​បង្ហាញ​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​ការ​នាំ​ចេញ​មាន​កំណើន​ជា​បន្ត​បន្ទាប់​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ។


បើធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣ ការ​នាំ​ចេញ​ស្បែកជើង​បាន​កើន​ឡើង​ជាង ២០ ភាគរយ​ជាមួយ​នឹង​ទីផ្សារ​នាំចេញ​សំខាន់ៗ​ដូច​ជា សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។

លោក​បន្ត​ថា ទោះ​បី​តួលេខ​ចុង​ឆ្នាំ​នៅ​តែ​មិន​ប្រាកដ​ប្រជា ប៉ុន្តែ​លោក​រំពឹង​ថា​បរិមាណ​នាំ​ចេញ​សរុប​នឹង​កើន​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។

លោក​ពន្យល់​ថា៖​«​កំណើន​នេះ​អាច​ត្រូវ​បាន​សន្មត់​ថា​ជា​បរិយាកាស​វិនិយោគ​អំណោយ​ផល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំថ្មី​ៗ​នេះ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​គោល​នយោបាយ​សកម្ម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា»។

យោង​តាម​លោក ឃុនថៃ ជា​មួយ​នឹង​ការ​ខិតខំ​របស់​រាជ​រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន​ក្នុង​ការ​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​វិនិយោគ​ គឺ​កម្ពុជា​កំពុង​ទាក់​ទាញ​វិនិយោគិន​កាន់​តែច្រើន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​។ 

ស្បែក​ជើង​ផលិត​នៅ​កម្ពុជា​មាន​ម៉ាក​អន្តរជាតិ​ល្បីៗ​ជា​ច្រើន​ដូច​ជា Adidas, Clarks, និង Timberland ជាដើម។

លោក​បាន​បន្ថែម​ថា៖​«​សមាគម​ស្បែកជើង​កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​នេះ តាម​រយៈ​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស និង​លើក​ទឹក​ចិត្ត​សហគ្រិន​ក្នុង​ស្រុក​ឱ្យ​ពង្រីក​សមត្ថភាព​ផលិត​កម្ម​របស់​ពួកគេ​ជា​បន្ត​បន្ទាប់»។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ (Hong Vanak, an economist at the Royal Academy of Cambodia) ថា​ ការ​ងើបឡើងនៃ​វិស័យ​សេដ្ឋកិច្ច និង​ទេសចរណ៍​ពិភពលោក បាន​ធ្វើឱ្យ​តម្រូវការ​ផលិតផល​ក្នុង​វិស័យ​វាយនភណ្ឌ​ដែល​រួម​មាន សម្លៀកបំពាក់ ​ស្បែកជើង ស្រោមជើង និង​កាបូប​ធ្វើ​ដំណើរ កើន​ឡើង​ព្រម​គ្នា​នា​រយៈ​ពេល​ជាង ១ ឆ្នាំ​កន្លង​មក​នេះ​។ 

ប្រសិន​បើ​អត្រា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​ល្អ​បន្ថែម​ទៀត​នោះ បរិមាណ​នៃ​ការ​បញ្ជា​ទិញ​ប្រាកដ​ជា​​ហក់​ឡើង​កាន់តែខ្ពស់​។ 

លោក​បន្ថែម​ថា កំណើន​ការ​នាំ​ចេញ​ផលិតផល​ស្បែក​ជើង​នៅ​ពេល​នេះ ក៏​ដោយ​សារ​កម្ពុជា​ទទួល​បាន​ភាព​ចំណេញ​ពី​អស្ថិរភាព​នយោបាយ​នៅ​ប្រទេស​នាំចេញ​ផលិត​ផល​ស្បែក​ជើង​នៅ​ប្រទេស​មួយ​ចំនួន។

លោក​និយាយ​ទៀត​ថា បច្ចុប្បន្ន​នៅ​កម្ពុជាមាន​រោងចក្រ​ផលិត​ស្បែកជើង​ជាច្រើន ហើយ​ទន្ទឹម​នឹង​នេះ​ក៏​មាន​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​ស្បែក​ជើង​ជា​ច្រើន​កំពុង​សាងសង់​ផងដែរ។

លោក​បាន​ថ្លែង​ថា៖​«​កម្ពុជា​កំពុង​ក្លាយ​ជា​ទីតាំង​ផលិត​ស្បែកជើង​ដែល​មាន​គុណភាព​ និង​ម៉ាក​ល្បីៗ​ជា​ច្រើន​លើ​ពិភពលោក។ ការនាំ​ចេញ​ផលិត​ផល​ទាំង​អស់​នេះ​នឹង​មាន​ច្រើន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ»។

យោង​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)​ ចន្លោះ​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២៤ ការ​នាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​មាន​ទឹក​ប្រាក់​សរុប ៤៥,0៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន ៣៨,៦៧​ ពាន់​លាន​ដុល្លារ។ 

ក្នុង​នោះ​ទឹក​ប្រាក់ទាំង​នេះ គឺ​ទំនិញ​កម្ពុជា​នាំ​ចេញ​មាន​ចំនួន​ ២១,៥៧​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦ ​ភាគរយ​ពី​ចំនួន​ ១៨,៥៩​ ពាន់​លាន​ដុល្លារ និង​ទំនិញ​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ មាន​ចំនួន​ ២៣,៤៩ ​ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៥ ​ភាគរយ​ពី​ចំនួន​ ២០,០៧ ពាន់​លាន​ដុល្លារ។

ផ្អែក​តាម​ស្ថិតិ​ខាងលើ​ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ប្រមាណ​ជាង ១,៩១​ ពាន់​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០២៣ កម្ពុជា​មាន​ឱនភាព​ចំនួន​ ១,៤៨​ ពាន់​លាន​ដុល្លារ។