ចំនួន​កុងតឺន័រ​ដែល​បាន​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (កសស) ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ មានចំនួន​ជិត ៣០​ម៉ឺន​ TEUs កើន​ឡើង​ជិត ៤០​ ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី ៣ ឆ្នាំ ២០២៣ ខណៈ​កាល​ពី​ចុង​ត្រីមាស​ទី៣ កន្លងមក កសស ក៏​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ចំណត​ផែ​កុងតឺន័រ​ថ្មី​​បន្ថែម​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​នាំ​ចេញ នាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ។

របាយការណ៍​ត្រីមាស​ទី ៣ ឆ្នាំ​ ២០២៤ របស់ កសស ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​គាំទ្រ​យ៉ាង​មុតមាំ​ពី​រាជ​រដ្ឋាភិបាល ក៏​ដូចជា​ក្រសួង​អាណាព្យាបាល​ទាំង​ពីរ​(ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន) កសស បាន​បន្ត​ការ​វិវឌ្ឍ​យ៉ាង​ខ្លាំងក្លា ដើម្បី​បម្រើ​សកម្មភាព​ធុរកិច្ច​របស់​ខ្លួន។


ជា​លទ្ធផល​ក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០២៤ កសស ទទួល​បាន​ប្រាក់​ចំណូល​សរុប​ ១២០.៦១៧.៥៨១.០០០ រៀល និងមាន​ការ​ខាត​សុទ្ធ​ក្រោយ​បង់​ពន្ធ ក្នុង​ការិយ​បរិច្ឆេទ​ចំនួន ៧.៨៣៨.០២៧.០០០ រៀល។ បើ​ប្រៀប​ធៀប​នឹង​ត្រីមាស​ទី ៣ ឆ្នាំ ២០២៣ ប្រាក់​ចំណូល​កើន​ឡើង​ចំនួន ២៥.៧៤០.១៦៧.០០០ រៀល គឺ​ស្មើ​នឹង ២៧,១៣ ភាគរយ។

លទ្ធផល​នេះ​បណ្តាល​មក​ពី​បរិមាណ​កុងតឺន័រ និង​បរិមាណ​ទំនិញ​ឆ្លង​កាត់ កសស មាន​ការ​កើន​ឡើង។ ក្នុង​ត្រីមាសទី ៣ ឆ្នាំ ២០២៤ កុងតឺន័រ​ដែល​បាន​ឆ្លងកាត់ កសស មាន​ចំនួន ២៨៣ ៩១៨ TEUs ពោល​គឺ​កើន​ឡើង​ចំនួន ៧៦.០១១ TEUs ស្មើ​នឹង ៣៦,៥៦ ភាគរយ​បើ​ធៀប​នឹង​ត្រីមាសទី៣ ឆ្នាំ២០២៣ ។


ប្រធាន​អគ្គនាយក​ កសស លោក លូ គីមឈន់ បាន​និយាយ​ថា៖​​«កសស នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង ដើម្បី​បំពេញ​សេវាកម្ម អាជីវកម្ម​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ និង​សម្រេច​បាន​លទ្ធផល​ខ្ពស់​ជា​ប្រយោជន៍​ដល់​ភាគ​ហ៊ុនិក​របស់​ខ្លួន។ កសស បាន​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ និង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​សេវាកម្ម​របស់​អតិថិជន និង​ការ​រីក​ចម្រើន សេដ្ឋកិច្ច​ជាតិ»។

កាល​ពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០២៤ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បើក​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចំណតផែ​កុងតឺន័រ​ថ្មី​មួយ​បន្ថែម​​ ដែល​មាន​ប្រវែង ២៥៣ ម៉ែត្រ ដោយ​បាន​បំពាក់​គ្រឿង​ចក្រ​លើក​ដាក់​កុងតឺន័រ​ទំនើប​រួមមាន រថស្ទូច​ចល័ត​លើ​គែមផែ ប្រភេទ (QC) ចំនួន ០២ គ្រឿង និង​គ្រឿង​ចក្រ​ប្រភេទ (RTG) ចំនួន ០៦ គ្រឿង។ ដូច្នេះ​គិត​ត្រឹម​បច្ចុប្បន្ន កសស មាន​ចំណត​ផែ​កុងតឺន័រ​ចំនួន ៣។

បើ​តាម កសស នៅ​ពេល​នេះ កសស បាន​នឹង​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ផែ​កុងតឺន័រ​ថ្មី(​ជំហាន​ទី១) ប្រវែង ៣៥០ ម៉ែត្រ មាន​ជម្រៅ​ទឹក ១៤,៥ ម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ថ្ងៃទី ២២ ខែ​ធ្នូ ឆ្នាំ ២០២៣ ដោយ​ចំណតផែ​កុងតឺន័រ​ថ្មី​នេះ គ្រោង​នឹង​បំពាក់​គ្រឿង​ចក្រ​លើក​ដាក់​កុងតឺន័រ​ទំនើប​ប្រភេទ (QC) ចំនួន ០៣ គ្រឿង និង​គ្រឿង​ចក្រ​ប្រភេទ (RTG) ចំនួន ០៩ គ្រឿង រថលើក​កុងតឺន័រ ទទេរ (Empty Reach Stacker) ចំនួន ០២ គ្រឿង ក្បាលសណ្តោងកុងតឺន័រ ចំនួន ១៦ គ្រឿង និងប្រព័ន្ធ​គ្រប់គ្រង​ចំណត​ផែ​កុងតឺន័រ​ស្វ័យ​ប្រវត្តិកម្ម ០១ កំភ្លេ ដែល​អាច​អនុញ្ញាត​ឱ្យ​នាវា​ដឹក​ជញ្ជូន​កុងតឺន័រ​ធុនធំ​ក្នុង​តំបន់​ចូលចត​នៅ កសស បាន​ដែល​នឹង​ធ្វើ​ឱ្យ​ឧបសគ្គ​អំពី​ជម្រៅទឹក​សម្រាប់​កំពង់ផែ​ត្រូវ​បាន​ដោះស្រាយ ព្រម​ទាំង​តម្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​(Ocean Freight Cost) មានតម្លៃ​ប្រហាក់​ប្រហែល​បណ្តា​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់ ដែល​ជា​ការ​រួម​ចំណែក​ដល់​ការ​ជួយ​សម្រួល​ផ្នែក​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា។

កសស បាន​បញ្ជាក់​ថា​៖​«​តាម​ការ​រំពឹង​ទុក គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២៧ ហើយ​សមត្ថភាព​លើក​ដាក់​កុងតឺន័រ​ដល់ ១.២៥០.០០០ TEUs ក្នុង ១ឆ្នាំ ពេល​ដែល​ចំណត​ផែ​កុងតឺន័រ​នេះ​ដាក់​ឱ្យ​ប្រតិបត្តិ​ការ​នៅ​ឆ្នាំ​២០២៧ ខាង​មុខ»។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់ដារ៉ា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅថ្ងៃទី២០ ខែ​វិច្ឆិកា ថា កំណើន​ចំនួន​កុងតឺន័រឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ គឺ​បញ្ជាក់​ពី​ភាព​រីក​ចម្រើន​នៃ​សកម្ម​ភាព​ផលិតកម្ម​នៅ​កម្ពុជា ក៏​ដូច​ជា​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។​ បរិមាណ​ទំនិញ និង​​កុងតឺន័រឆ្លងកាត់​កំពង់ផែក្រុងព្រះសីហនុ​នឹង​បន្ត​កើន​ឡើង​ច្រើន​ថែម​ទៀត ខណៈ​កម្ពុជា​កំពុង​ទទួល​ទាក់ទាញ​បាន​ការ​ចូល​មក​បណ្តាក់​ទុន​ពី​សំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក និង​អន្តរ​ជាតិ​កាន់​តែ​ច្រើន ​ដើម្បី​បង្កើត​សមត្ថភាព​​ក្នុង​ការ​នាំ​ចេញ​ទំនិញ​ទៅ​​ទីផ្សារ​អន្តរ​ជាតិ។

លោក​បាន​ថ្លែង​ថា៖​«កម្ពុជាបច្ចុប្បន្ន​ត្រូវ​បាន​គេ​ដឹងថា​ជា​មជ្ឈមណ្ឌល​ផលិត​ទំនិញ​ជា​ច្រើន​ប្រភេទសម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​នៅទីផ្សារ​ពិភពលោក ហេតុនេះ​សកម្ម​ភាព​ការ​នាំចូល​វត្ថុធាតុដើម និង​គ្រឿង​ផ្សំ​សម្រាប់​កែច្នៃឱ្យទៅ​ជា​ផលិតផល​សម្រេច និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ប្រាកដ​ជា​មាន​ច្រើន ហើយ​វា​នឹង​បន្ត​កើនឡើង​កាន់​តែ​ច្រើន​នា​ពេល​អនាគត»។​

ទាក់​ទង​នឹង​ដំណើរ​ការ​ពង្រីក​សមត្ថភាព​របស់ កសស លោក ចាន់ដារ៉ា បាន​អះអាង​ថា ការ​ធ្វើ​ទំនើបកម្ម​ និង​ពង្រីកកំពង់ផែនេះ វានឹងផ្តល់​នូវ​ផល​វិជ្ជមាន​​ច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ជួយ​ឱ្យ​វិស័យ​ដឹកជញ្ជូន​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ​ កាត់​បន្ថយ​ការ​កកស្ទះ និង​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ថ្លៃ​ដឹក​ជញ្ជូន​កាន់​តែ​ទាប។

បើតាមលោក ចាន់ដារ៉ា ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​មាន​ភាព​ច្រើន​ជា​វត្ថុធាតុដើមមក​ពី​ប្រទេស​ចិន និង​ប្រទេសជិតខាង ខណៈ​ការ​នាំ​ចេញ​ភាគ​ច្រើនជា​ផលិតផល​សម្រេច ហើយ​ទៅ​កាន់​គោលដៅឆ្ងាយ​ៗ​ដូច​ជា អាមេរិក កាណាដា និង​តំបន់​អ៊ឺរ៉ុប។​

តារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​ ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី ១១ ខែ​វិច្ឆិកា បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២៤ ការ​នាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​មាន​ទឹក​ប្រាក់​សរុប ៤៥,0៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន ៣៨,៦៧​ ពាន់​លាន​ដុល្លារ។

​ក្នុង​នោះ​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា មាន​ចំនួន​ ២១,៥៧​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦ ​ភាគរយ​ពី​ចំនួន​ ១៨,៥៩​ ពាន់​លាន​ដុល្លារ និង​ទំនិញ​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ ​មាន​ចំនួន​ ២៣,៤៩ ​ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៥ ​ភាគរយ​ពី​ចំនួន​ ២០,០៧ ពាន់​លាន​ដុល្លារ​៕