ប្រទេស​កម្ពុជា​ប្រមូល​ប្រាក់​បាន​ ៣,៤​ ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​ក្នុង​រយៈ​ពេល ១០​ខែ​ ដើម​ឆ្នាំ​ ២០២៤ ​ដោយ​កើន​ឡើង​ជិត​ពាក់​កណ្តាល​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ខណៈទឹក​ប្រាក់​នេះ​នឹង​កើន​ឡើង​បន្ថែម​ទៀត​បើកម្ពុជា​អាច​មាន​រោង​ចក្រ​កែច្នៃ និង​ទុនបង្វិល​ច្រើន​ជាង​ពេល​នេះ។

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វីណង់ ក្នុង​កិច្ច​ពិភាក្សា​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​មករា-​ខែ​តុលា ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំ​ចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹក​ប្រាក់​សរុប ៣,៤ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត​ ៥០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ ភាគ​ច្រើន​នៃ​ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា គឺ​ក្នុង​ទម្រង់​ដើម ឬ​ឆៅ(មិន​ទាន់​កែច្នៃ) ដែល​សកម្មភាព​បែប​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​ប្រាក់​បន្ថែម​យ៉ាង​ច្រើន។


លោក​បាន​ឱ្យ​ដឹង​ថា៖​«​ប្រសិន​បើ​យើង​អាច​រក​វិធីកែច្នៃ​ហើយ​ចាំ​នាំ​ចេញ​កសិផល​យើង​វិញ គឺ​សក្តានុពល​នៃ​តម្លៃ​បន្ថែម​ពី​វិស័យ​កសិកម្ម​ចំពោះ​សេដ្ឋកិច្ច​ជាតិ​នៅ​មាន​ទំហំ​ធំធេង​ណាស់»។

លោក​បាន​ពន្យល់​ថា ជាក់ស្តែង​ផលិត​ផល​គ្រាប់​ស្វាយ​ចន្ទី ស្រូវ និង​ដំឡូង​មី ដែល​កម្ពុជា​នាំចេញ​នា​ពេល​នេះ គឺ​ភាគ​ច្រើន​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​ផលិតផល​មិន​ទាន់​កែច្នៃ​។ ការ​នាំ​ចេញ​ក្នុង​ទម្រង់​ជា​ផលិត​កែច្នៃ​រួច​រាល់ វា​នឹង​ផ្តល់​ផល​​ប្រយោជន៍​កាន់​តែ​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​បង្កើត​ការងារ និង​ប្រាក់​ចំណូល​ពន្ធ។ ប្រសិន​បើ​អាច​ធ្វើ​បែប​នេះ​បាន យើង​ក៏​អាច​និយាយ​ថា​ កម្ពុជា​អាច​គ្រប់​គ្រង​ជោគ​វាសនា​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ដោយ​ខ្លួន​ឯង។


លោក​បាន​បន្ថែម​ថា ដើម្បី​ឱ្យ​ការងារ​ទាំង​អស់​នេះ​ដំណើរការ​ទៅមុខ​បាន​ល្អ គឺ​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជាកសិករ​ក្នុង​ការ​បង្កើត​សហគមន៍​កសិកម្ម។ ការ​ចង​ក្រង​ជា​សហគមន៍​កសិកម្ម វា​នឹង​បង្ក​ភាព​ងាយ​ស្រួល​ទាំង​សម្រាប់​ប្រជា​កសិករ​ដាំដុះ​ដែល​មិន​ចាំបាច់​បារម្ភ​ពី​បញ្ហា​កង្វះ​ទីផ្សារ​ ការ​ជ្រើស​រើស​ពូជ និង​តម្លៃ ចំណែក​អ្នក​ទិញ​យក​ទៅ​កែច្នៃ ឬ​នាំចេញ​ក៏មិន​សូវ​បារម្ភ​ពី​ការ​ស្វែង​រក​ទិញ​ផងដែរ។

លោក​បាន​ថ្លែង​ថា៖«ប្រសិន​បើ​យើង​អនុវត្ត​បាន​បែប​នេះ គឺ​កសិកម្ម​នឹង​ក្លាយ​ទៅ​ជា​ចលករ​មួយ​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ»។

ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ីឡូត បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នា​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ថា ការ​កើន​ឡើង​បរិមាណ និង​ទឹក​ប្រាក់នាំ​ចេញ​ផលិតផល​កសិកម្ម​ គឺ​ជា​ព័ត៌មាន​ល្អ​បំផុត ព្រោះ​បើ​គេ​សង្កេត​មើល​ស្ថានភាព​ការងារ​របស់​ប្រជាជន​ខ្មែរ​ក៏​មាន​ចំនួន​ច្រើន​ផងដែរ​ក្នុង​វិស័យ​កសិកម្ម។​ ទោះយ៉ាង​ណា​បើ​កម្ពុជា​អាច​លើក​កម្ពស់​សមត្ថភាព​ក្នុង​ការ​កែច្នៃ​ផលិត​ផល​ទាំង​អស់​នោះ​ឱ្យ​ក្លាយ​ជា​ផលិត​ផល​សម្រេច គឺ​កម្ពុជា​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​កាន់​តែ​ច្រើន​ថែម​ទៀត។ សម្រាប់​គ្រាប់​ស្វាយចន្ទី​ដែល​មិន​ទាន់​កែច្នៃ​ការ​នាំ​ចេញ គឺ​មាន​ទឹក​ប្រាក់​ប្រហែល ១,១​ ពាន់​លាន​ដុល្លារ។

លោក​ប្រាប់​ទៀត​ថា មូល​ហេតុ​ដែល​កម្ពុជា​នាំ​ចេញ​ផលិតផល​ស្រស់ ឬ​ឆៅ​ក្នុង​បរិមាណ​ច្រើន​រៀង​រាល់​ឆ្នាំ គឺ​ដោយ​សារ​កត្តា​ធំៗ​មួយ​ចំនួន​ដូចជា ​កង្វះ​ទុន​សម្រាប់​យក​ទៅ​ប្រមូល​ទិញ​កសិផល​ពី​ប្រជាកសិករ មិន​សូវ​មាន​រោង​ចក្រ​កែច្នៃ ឡសម្ងួត ​និង​ឃ្លាំង​ស្តុក ជាដើម។ បញ្ហា​ទាំង​អស់​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការ​ហូរ​ចេញ​កសិផល​មិន​ទាន់​កែច្នៃ​ជា​ច្រើន​ទៅ​ប្រទេស​ជិត​ខាង ដែល​គេ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រមូល​ផលិតផល​ពី​កម្ពុជា​ទៅ​កែច្នៃ​បន្ត និង​ដាក់​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។

លោក​បាន​និយាយ​ថា៖​«​ជាក់​ស្តែង​គិត​រហូត​មក​ដល់​នេះ(រយៈពេល ១០​ខែ​ដើម​ឆ្នាំ​២០២៤)​ក្នុង​ចំណោម​គ្រាប់​ស្វាយចន្ទី​(ឆៅ)​ដែល​កម្ពុជា​ប្រមូល​បាន​ប្រហែល​ ៨៤ ម៉ឺន​តោន គឺ​មាន​ប្រហែល ៧៩ ម៉ឺន​តោន​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម​។ ទឹក​ប្រាក់​ដែល​កម្ពុជា​ទទួល​បាន​ពី​ការ​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ទៅ​វៀតណាម គឺ​ប្រមាណ​ ១,១ពាន់​លាន​ដុល្លារ​»។​

ក្រៅ​ពី​ដំណាំ​ស្វាយចន្ទី កម្ពុជា​ក៏​បាន​នាំ​ចេញ​កសិផល​ជា​ច្រើន​ផ្សេង​ទៀត ក្នុង​នោះ អង្ករ​មាន​ចំនួន ៥០៧ ០២៩ តោន​ដោយទទួល​បាន​ប្រាក់​ប្រមាណ ៣៧៦,៦៣ លាន​ដុល្លារ។ ព្រម​ជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ ចំនួន ៤ ០៣៦ ៣៣៦ តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១ ១៨៤.១៦ លាន​ដុល្លារ៕