ប្រមុខ​ការទូត​អេស្ប៉ាញ​បាន​ស្នើ​ឱ្យ​កម្ពុជា​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​សម្រប​សម្រួល​រៀបចំ​វេទិកា​ធុរកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បញ្ជ្រាប​ព័ត៌មាន​វិនិយោគ និង​គោល​នយោបាយ​លើក​ទឹកចិត្ត​ផ្សេងៗ​របស់​កម្ពុជា​ចំពោះ​ធុរជន​អេស្ប៉ាញ ខណៈ​ទឹក​ប្រាក់​ពី​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ចំនួន​ជិត ៩០០ លាន​ដុល្លារ​ក្នុង​រយៈ​ពេល ១០ ខែ​ដើម​ឆ្នាំ​២០២៤។

នៅ​ក្នុង​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី អនុ​ប្រធានទី ១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) នៅ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឯក​អគ្គ​រាជទូត​អេស្ប៉ាញ​ប្រចាំ​នៅ​កម្ពុជា លោក Felipe De La Morena Casado បាន​លើក​ឡើង​ថា បើ​ទោះបី​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អេស្ប៉ាញ​កំពុង​មាន​ភាព​ល្អ​ប្រសើរ​ ប៉ុន្តែ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ទៅ​ដល់​វិនិយោគិន​អេស្ប៉ាញ​ហាក់​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ។​


ក្នុង​នាម​រដ្ឋាភិបាល​អេស្ប៉ាញ​ប្រចាំ​នៅ​កម្ពុជា លោក​ពិត​ជា​ចង់​ឱ្យ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ពិនិត្យលទ្ធភាព​ក្នុង​ការ​សម្របសម្រួល​រៀបចំ​វេទិកា​ធុរកិច្ច​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បញ្ជ្រាប​ព័ត៌មាន​វិនិយោគ និង​វិស័យ​លើក​ទឹកចិត្ត​នានា​ជូន​ដល់​ធុរជន​អេស្ប៉ាញបន្ថែម​ទៀត។

បន្ថែម​ពី​លើ​នេះ លោក Felipe De La Morena Casado ក៏​បាន​លើក​ឡើង​អំពី​កង្វល់​មួយ​ចំនួន​ក្នុង​កិច្ចការងារ​ទាក់​ទាញ និង​ជំរុញ​វិនិយោគិន​របស់​ខ្លួន​ឱ្យ​ចូល​មក​បណ្តាក់​ទុនផ្ទាល់​នៅ​កម្ពុជា។


ជា​ការ​ឆ្លើយតប លោក ស៊ុន ចាន់ថុល បាន​លើក​ឡើង​ពី​វឌ្ឍនភាពនៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក និង​ក្រុមការងារ​ CDC ទៅ​ប្រទេស​អេស្ប៉ាញ​កាល​ពី​អំឡុង​ខែ​មិថុនា​កន្លង​មក​ ដើម្បី​គោះ​ទ្វារ​វិនិយោគនៅ​ប្រទេស​អេស្ប៉ាញ​ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ព្រោះ​ថា​កម្ពុជា​ជា​ប្រទេស​ដែល​មាន​លក្ខណៈ​អំណោយ​ផល​យ៉ាង​ច្រើន​សម្រាប់​វិនិយោគិន។

លោក​បន្ថែម​ថា កម្ពុជា​ពិត​ជា​រង់​ចាំ​ស្វាគមន៍​ និង​សូម​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ក្រុមហ៊ុន​អេស្ប៉ាញ ដែល​គ្រោង​នឹង​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​១០-១១ ខែ​មិថុនា លោក ស៊ុន ចាន់ថុល បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ទៅ​កាន់​បណ្តា​ក្រុមហ៊ុន/​សហគ្រាស ព្រម​ទាំង​សភា​ពាណិជ្ជកម្ម​អេស្ប៉ាញ និង​សហព័ន្ធ​អង្គការ​ពាណិជ្ជកម្ម​អេស្ប៉ាញ​(CEOE) ជាដើម​។

ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា​-​ខែតុលា​ ឆ្នាំ​ ២០២៤ ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​ កម្ពុជា-​អេស្ប៉ាញ​ មាន​ទឹក​ប្រាក់​សរុប ៨៨៣,៩៣ លាន​ដុល្លារ កើន​ឡើង ៤២,៩ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅប្រទេស​អេស្ប៉ាញ មាន​ចំនួន ៨៦២,៥​ លាន​ដុល្លារ កើន​ឡើង ៤៤ ភាគរយ ចំណែក​ទំនិញ​អេស្ប៉ាញ​នាំចូល​មក​កម្ពុជា ២១,៤៣ លាន​ដុល្លារ កើន​ ៨,៥​ ភាគរយ។

ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៨៤១,០៦ ​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ មាន​ចំនួន ៥៧៩,២៤​ លាន​ដុល្លារ។​ ប្រទេស​អេស្ប៉ាញ ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ជាង​គេ​ទី ៨ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម ​ថៃ ជប៉ុន កាណាដា និង​ឥណ្ឌូនេស៊ី។

កាល​ពី​ឆ្នាំ ២០២៣ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​អេស្ប៉ាញ មាន​ចំនួន​សរុប​ ៧៣៧,០៧ លាន​ដុល្លារ កើន​ឡើង ៤៦,៣ ភាគរយ ដោយ​ទំនិញ​កម្ពុជា​នាំ​ចេញ​ចំនួន ៧១៣,៤៧ លាន​ដុល្លារ កើន​ ៥០,៣ ភាគរយ និង​អេស្ប៉ាញ​នាំចូល ២៣,៦ លាន​ដុល្លារ ធ្លាក់ចុះ ១៨,៧ ភាគរយ។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ភ្នំពេញប៉ុស្តិ៍​នា​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ថា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៅ​កម្ពុជា​ កំពុង​ធ្វើ​កិច្ច​ការធំៗ​​ជាច្រើន​ដើម្បី​ជំរុញ​ល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​បោះជំហាន​ទៅមុខកាន់​តែ​លឿន។ ការ​រៀបចំ​ខ្លួន​ឱ្យ​មាន​សក្តានុពល​គ្រប់​គ្រាន់​ដើម្បី​ទាក់​ទាញ​វិនិយោគិន​បរទេសឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់ ឬ​បញ្ជា​ទិញ​ទំនិញ​ដែល​ផលិត​បាន ​គឺជា​រឿង​សំខាន់​។

លោក​បន្ត​ថា សម្រាប់​ប្រទេស​អេស្ប៉ាញ​ទោះបី​លោក​មិន​សូវ​មាន​ព័ត៌មាន​ ប៉ុន្តែ​ប្រទេសនេះ​ជា​សមាជិក​សហគមន៍​អ៊ឺរ៉ុប​ ដែល​តែង​ទទួល​ទិញ​ផលិត​ផលមួយ​ចំនួនពី​កម្ពុជា​​ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និង​ផលិត​ផល​កសិកម្ម​មួយ​ចំនួន។

លោក​បន្ថែម​ថា៖​«​អេស្ប៉ាញ​ជា​ប្រទេស​រីក​ចម្រើន​មួយ​នៅ​អ៊ឺរ៉ុប ដូច្នេះ​ប្រសើន​បើ​យើង​អាច​ទាក់​ទាញ​វិនិយោគិន​របស់​គេ​ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​នោះ គឺ​ជា​ការ​ល្អ​ណាស់ ព្រោះ​ក្រៅ​ពី​ជួយ​បង្កើត​ការងារ​ឱ្យ​ប្រជាជន​កម្ពុជា វា​ក៏​អាច​ជួយ​ធ្វើ​ឱ្យ​ទំនិញ​ផលិត​នៅ​កម្ពុជា​កាន់​តែ​មាន​លក្ខណៈ​ចម្រុះ​ច្រើន​ប្រភេទ និង​ទីផ្សារ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន»។

ក្រៅ​ពី​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍​កម្ពុជា​ក៏​បាន​ទាក់​ទាញ​​ភ្ញៀវ​ជនជាតិ​​អេស្ប៉ាញ​ជា​ច្រើន​នាក់​ឱ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​ផង​ដែរ ជាក់​ស្តែង​ក្នុង​រយៈពេល ៩ ខែ​ដើម​ឆ្នាំ​ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ជនជាតិ​អេស្ប៉ាញ​សរុប ២៥ ៩៩៥ ​នាក់ កើន​ឡើង ២៤,៣​ ភាគរយ​ធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០២៣។ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍៕