ក្នុង​នាម​ជា​ប្រទេស​មាន​ព្រំប្រទល់​ជាប់​គ្នា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​វៀតណាម​បាន​បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់ ដោយ​ក្នុង​រយៈ​ពេល ១០ ​ខែ​ដើម​ឆ្នាំ ​២០២៤ សម្រេច​បាន​ជាង ៦,៤ ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ២០​ភាគរយ ក្នុង​នោះ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម បាន​ហក់​ឡើង​ជាង ៣១ ភាគរយ។

ផ្អែក​តាម​ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២៤ ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​រវាង​កម្ពុជា-​វៀតណាម មាន​ទឹក​ប្រាក់​សរុប ៦ ៤១៩,៣៦ ​លាន​ដុល្លារ កើន​ឡើង ២១,៧ ​ភាគរយ​ពី​ចំនួន ៥ ២៧៦,៨៦ ​លាន​ដុល្លារ​នា​រយៈពេល ១០​ខែ​ឆ្នាំ ២០២៣។


វៀតណាម​ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ធំ​ទី ៣ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។

ក្នុង​ចំនួន​ខាងលើ គឺ​កម្ពុជា​នាំ​ទៅ​វៀតណាម មាន​ទឹកប្រាក់​ ២ ៩៦៧,៨១ ​លាន​ដុល្លារ កើន​ ៣១,២ ភាគរយ​ និង​ទំនិញ​វៀតណាម​នាំ​ចូល​មក​កម្ពុជា ៣ ៤៥១,៥៥ ​លាន​ដុល្លារ កើន​១៤,៤ ភាគរយ។ 


ផ្អែក​តាម​ទិន្នន័យ​នេះ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព ៤៨៣,៧៥ ​លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣ មាន​ចំនួន ៧៥៣,៨៤ លាន​ដុល្លារ។

បើតាម GDCE ប្រទេស​វៀតណាម គឺ​ជា​ទីផ្សារ​ធំ​ទី ២ ដែល​ទទួល​ទិញ​ទំនិញ​កម្ពុជា​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​ស្ថិត​នៅ​លេខ ២ ផង​ដែរ​ជា​ប្រទេស​ដែល​នាំ​ទំនិញ​ច្រើន​ចូល​មក​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ចិន។

សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ថា លក្ខខណ្ឌ​ទីតាំង​ភូមិសាស្រ្ត និង​ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ការទូត បាន​ធ្វើ​ឱ្យ​លំហូរ​ទំនិញ​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង ២ រក្សា​បាន​សញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់​បើ​ទោះ​ក្នុង​កាលៈទេសៈ​ពិភពលោក​ជួប​នឹង​វិបត្តិ​ក៏​ដោយ។​ 

លោក​បន្ត​ថា ដោយសារ​ប្រទេស​វៀតណាម​មាន​ធនធាន​ផលិតកម្ម និង​រោងចក្រ​កែច្នៃ​ច្រើន​ជាង​កម្ពុជា ដូច្នេះ​លំហូរ​ទំនិញ​កម្ពុជា​ទៅ​ប្រទេស​វៀតណាម គឺ​មាន​ភាគ​ច្រើន​ជា​ផលិតផល​កសិកម្ម​មិន​ទាន់​កែច្នៃ ខណៈ​ទំនិញ​ដែល​វៀតណាម​នាំ​មក​កម្ពុជា គឺ​ជា​ផលិតផល​សម្រេច និង​គ្រឿង​ម៉ាស៊ីន​មួយ​ចំនួន។

លោក​ប្រាប់​ទៀត​ថា៖ ​«​ក្នុង​នាម​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា ចរន្ត​នៃ​ការ​នាំ​ទំនិញ​ចេញ​-ចូល​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​សញ្ញា​វិជ្ជមាន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ។ ប្រទេស​ទាំង ២ ក៏​តែង​ស្រូប​ទាញ​ពលកម្ម​ជំនាញ​ទៅ​បម្រើ​ការងារ​រវាង​គ្នា​ផងដែរ​»។

លោក​បាន​ពន្យល់​ថា សម្រាប់​មូល​ហេតុ​ដែល​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​បន្ត​មាន​ឱនភាព​ជាមួយ​វៀតណាម គឺវា​មិន​មែន​ជា​បញ្ហា​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​ទេ ពីព្រោះ​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ គឺ​តែងតែ​មាន​ស្ថានភាព​បែប​នេះ ដោយ​ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​គោល​ដៅ​ប្រទេស​ខ្លះ​មាន​ចំនួន​ច្រើន(សហរដ្ឋអាមេរិ និង​តំបន់​អ៊ឺរ៉ុប) ប៉ុន្តែ​ការ​នាំ​ចូល​មក​វិញ​មាន​ចំនួន​ទឹក​ប្រាក់​តិច​តួច​ប៉ុណ្ណោះ។

ទោះយ៉ាង​ណា លោក​បញ្ជាក់​ថា៖​«​កម្ពុជា​មិន​ត្រូវ​ភ្លេច​ខ្លួន​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​មុខ​ទំនិញ​របស់​ខ្លួន​ឱ្យ​បាន​កាន់​តែ​ច្រើន និង​មាន​គុណភាព​កម្រិត​ស្តង់ដារ​អន្តរជាតិ​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ចេញ​របស់​ខ្លួន​ឱ្យ​បាន​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត»។

ក្នុង​គោល​បំណង​រឹត​ចំណង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក Tran Thanh Man កំពុង​ដឹកនាំ​គណ:​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២១-​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ 

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Tran Thanh Man គ្រោង​នឹង​ជួប​សវនាកា​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា លោកស្រី ឃួន សុដារី, ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន, នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត, ​ប្រធាន​កិត្តិយស​ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ លោក ហេង សំរិន ព្រម​ទាំងឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោកស្រី ម៉ែន សំអន។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Tran Thanh Man ក៏​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ ICAAP និង​កិច្ច​ប្រជុំ IPTP ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផងដែរ៕

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង កាល​ពី​ខែ​តុលា បាន​និយាយ​ថា ដោយសារ​មាន​ព្រំដែន​គោក-​ទឹក​ជាប់​គ្នា និង​មាន​ទំនាក់​ទំនង​នយោបាយ​ល្អ​ទៀត​នោះ ធ្វើ​ឱ្យ​ចរាចរណ៍​ទំនិញ និង​មនុស្ស​រវាង​ប្រទេស​ទាំង ២ កើន​ឡើង​ជា​បន្ត​បន្ទាប់។

លោក​បន្ត​ថា បច្ចុប្បន្ន​ដោយ​សារ​នៅ​កម្ពុជា​មិន​ទាន់​មាន​ឃ្លាំង​ស្តុក និង​រោងចក្រ​កែច្នៃ​ផលិត​ផល​កសិកម្ម​គ្រប់​គ្រាន់ ដូច្នេះ​នៅ​រដូវ​ប្រមូល​ម្តងៗគឺ​មាន​ឈ្មួញ​ក្នុ្ង​ស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​មក​ប្រមូល​ទិញ​ផលិតផល​កម្ពុជា​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម។

លោក​ថ្លែង​ថា៖​«​ទឹក​ប្រាក់​ដែល​បាន​ពី​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើន​ឡើង​ច្រើន​ទៀត​។ ចំនួន​ទឹក​ប្រាក់​ជាក់​ស្តែង​អាច​មាន​លើស​ពី​តួលេខ​កត់ត្រា។ វៀតណាម​គឺ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា»។

បើ​តាម លោក លឹម ហេង ថា ផលិត​ផល​សំខាន់ៗ​ដែល​កម្ពុជា នាំទៅ​វៀតណាម រួមមាន​ដូចជា ស្រូវ​, កៅស៊ូ​, ស្វាយចន្ទី​, ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំ​ជក់ និង​ចំណែក​វៀតណាម​នាំមក​វិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ ឧបករណ៍​អេឡិចត្រូនិក​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម។

លោក​ប្រាប់​ទៀត​ថា ក្រៅ​ពី​ការ​នាំចេញ​ នាំចូល​ទំនិញ ប្រទេស​ទាំង ២ ក៏​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​រវាង​គ្នា​ច្រើន​ផង​ដែរ​ក្នុង ១​ឆ្នាំៗ។

ក្នុង​ឆ្នាំ​២០២៣ ការ​នាំ​ចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា-​វៀតណាម មាន​ទឹក​ប្រាក់​សរុប​ ៦,៥៨​ពាន់​លាន​ដុល្លារ កើន​ឡើង ៧,៣​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​មាន​ ៥៦,១៣​ពាន់​លាន​ដុល្លារ។ 

ក្នុង​ចំនួន​ខាង​លើ គឺ​ការ​នាំ​ចេញ​របស់​កម្ពុជា មាន​ចំនួន ២,៩៧​ពាន់​លាន​ដុល្លារ កើន​ឡើង ៣៧,១​ភាគ​រយ​ និង​ទំនិញ​វៀតណាម​នាំ​មក​កម្ពុជា​ ៣,៦១​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ៨,៩​ភាគ​រយ។ យោង​តាម​តួលេខ​ខាង​លើ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា បន្ត​មាន​ឱន​ភាព​ប្រមាណ ៦៣៩,៦២​លាន​ដុល្លារ ខណៈ​កាល​ពី​ឆ្នាំ​២០២២ មាន​រហូត​ដល់​ ១,៨​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕