ការ​ស្ទុះ​ងើប​ឡើង​ដ៏​លឿន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​នា​អំឡុង​ពេល​ជាង ១​ទសវត្សរ៍​មុន​ការ​បង្ហាញ​វត្តមាន​របស់​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ចំនួន​អគារ​ដែល​មាន​កម្ពស់​ចាប់​ពី​ ៥​ជាន់​ឡើង​ទៅ កើន​ដល់​ចំនួន​ជាង ២ ៨០០។ នេះ​បើ​យោង​តាម​ក្រសួង​រៀបចំដែនដី នគរូបនីយ​កម្ម និង​សំណង់។

របាយការណ៍​បាន​ឱ្យ​ដឹង​ថា ចាប់​ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ ២០០០ ដល់​ខែ​កក្កដា ឆ្នាំ ២០២៤ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​អនុញ្ញាត​សាង​សង់​នៅ​ទូទាំង​ប្រទេស​ចំនួន ៦៦ ៩៧៨ គម្រោង ដែល​ស្មើ​នឹង​ផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប ១៩៤ ៣១០ ១៩៦ ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៧៧ ៧១៩ ៧៧៩ ៨៩៩ ដុល្លារ។


សម្រាប់​អគារ​ដែល​មាន​កម្ពស់​ចាប់​ពី ៥ ជាន់​ឡើង​ទៅ​គឺ​មាន​ចំនួន​សរុប​ ២ ៨៥៧អគារ ដោយ​ក្នុង​រាជធានី​ភ្នំពេញ ​មាន​ចំនួន ១ ៨១៣ អគារ, ខេត្តព្រះសីហនុ ៧៣០ អគារ, ខេត្ត​បន្ទាយមានជ័យ ២៤៩ អគារ និងខេត្ត​ផ្សេង​ទៀត​សរុប ៦៥ អគារ។

បើ​ធ្វើ​ការ​បែងចែក គឺ​អគារ​ដែល​មាន​កម្ពស់​ចាប់​ពី ៥-​៩ ជាន់ មាន​ចំនួន ១ ៦៥២ អគារ, ចាប់​ពី ១០-​១៩ ជាន់ មាន​ចំនួន ៧៤៣ អគារ, ចាប់​ពី ២០-​២៩ ជាន់ ចំនួន ២៥០ អគារ, ចាប់​ពី ៣០-​៣៩ ជាន់ ចំនួន ១៥២ អគារ និង​អគារ​ចាប់​ពី ៤០ ជាន់​ឡើង​មាន​ចំនួន ៦០ អគារ។


ក្រសួង​បាន​ឱ្យ​ដឹង​ថា៖​«​វិស័យ​សំណង់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្តារ និង​អភិវឌ្ឍ​សង្គមជាតិ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ។ ពីមួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​បន្ត​ពង្រឹង​ការ​គ្រប់​គ្រង និង​ការ​អភិវឌ្ឍ​វិស័យ​សំណង់ ដែល​ជា​សសរ​ស្តម្ភ​មួយ​នៃ​កំណើន​សេដ្ឋកិច្ច ដោយ​ផ្តោត​លើ​ការ​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ ការ​កសាង​ច្បាប់ ការ​កំណត់​ស្តង់ដា​សំណង់ និង​ការ​ពន្លឿន​រយៈពេល​ចេញ​លិខិត​អនុញ្ញាត​សាងសង់​ជូន​ប្រជាជន»។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ថា កំណើន​អគារ​ខ្ពស់​ក្នុង​រយៈ​ពេល​ជាង ១០ ឆ្នាំ​កន្លង​មក គឺ​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា ​កំណើន​តម្រូវការ​កន្លែង​ស្នាក់​នៅ​របស់​ជន​បរទេស​ដែល​មក​វិនិយោគ និង​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា (​ច្បាប់​កម្ពុជា​អនុញ្ញាត​ឱ្យ​ជនបរទេស​អាច​ទិញ​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ចាប់​ពី​ជាន់​ទី ១ ឡើង​), កំណើន​ប្រជាជន​ចូល​មក​រស់​នៅក្នុង​ទីក្រុង, ការកក​ស្ទះ​ចរាចរណ៍, កំណើន​ប្រាក់​ចំណូល​បុគ្គល​និង​គ្រួសារ ព្រម​ទាំង​និន្នាការ​នៃ​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ប្រជាជន​ខ្មែរ​ចំពោះ​ការ​រស់​នៅ​លំនៅឋាន​ខ្ពស់​ៗ។ 

លោកបន្ត​ថា ​ភាគ​ច្រើន​នៃ​អគារ​ខ្ពស់​ៗ​នៅ​កម្ពុជា ត្រូវ​បាន​ប្រើ​ប្រាស់​ជា អគារ​ខុនដូ អាផាតមិន ការិយាល័យ ផ្សារទំនើប និង​អគារ​ពាណិជ្ជកម្ម។

លោក​ថ្លែង​ថា៖​«​ស្ថិរភាព​នយោបាយ សន្តិសុខ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ បាន​ជួយ​ជំរុញ​ឱ្យ​វិស័យ​សំណង់​កម្ពុជា​រីក​មុខ​មាត់​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ជិត ២ ទសវត្សរ៍​មក​នេះ​។ ប្រសិន​បើ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ល្អ​ប្រសើរ​វិញ ខ្ញុំ​មាន​ជំនឿ​ថា សំណង់​អគារ​ខ្ពស់ៗ​នៅ​កម្ពុជា​នឹង​លេច​វត្តមាន​កាន់​តែ​ច្រើន»។

លោក​លើក​ឡើង​ទៀត​ថា មុន​ឆ្នាំ ២០១៩ ចំនួន​អគារ​ខ្ពស់ៗ​បាន​លេច​ឡើង​យ៉ាង​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ទីនោះ​ទទួល​បាន​ការ​ចូល​ទៅ​បណ្តាក់​ទុន​យ៉ាង​ច្រើន​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​ជន​ជាតិ​ចិន។ 

ទោះយ៉ាង​ណា​បន្ទាប់​ពី​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​លុប​បំបាត់​អាជីវកម្ម​មិន​ល្អ​ដល់​សង្គម ព្រម​ទាំង​វិបត្តិ​បណ្តាល​មក​ពី​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ការដ្ឋាន​សំណង់​អគារ​ធំៗ និង​ខ្ពស់ៗ​ជា​ច្រើន​នៅ​ទីនោះ​ត្រូវ​ជាប់​គាំង​មក​ដល់​ពេល​បច្ចុប្បន្ន។

លោក​អះអាង​ថា៖​«វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ នឹង​មាន​ភាព​ស្រស់​បំព្រង​ឡើង​វិញ​នា​ពេល​ខាង​មុខ ខណៈ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ថ្មីៗ​ជា​បន្ត​បន្ទាប់ ដើម្បី​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យ​ទៅ​ជា​ខេត្ត​ពហុបំណង​សម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ»។

ទាក់​ទង​នឹង​អគារ​ដែល​មាន​ខ្ពស់ៗ​នា​ពេល​នេះ លោក សុខនឿន បញ្ជាក់​ថា ក្រុង​ប៉ោយប៉ែត​(ព្រំដែន​រវាង​ខេត្ត​បន្ទាយមាន​ជ័យ ជា​មួយ​ប្រទេស​ថៃ) គឺ​កំពុង​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់។

អគ្គ​លេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បាន​និយាយ​ថា វិស័យ​សំណង់​នៅ​ពេល​នេះ​មិនសូវ​មាន​សកម្មភាព​ទេ ហើយ​បើ​មាន​ភាគ​ច្រើន​ជា​សំណង់​តូចៗ​ដែល​មាន​លក្ខណៈ​ជា​លំនៅឋាន​ផ្ទាល់ដី ឬ​លំនៅឋាន​លក្ខណៈ​បុរី​តែ​ប៉ុណ្ណោះ។ សម្រាប់​គម្រោង​ធំៗ និង​ខ្ពស់ៗ គឺ​បាន​ស្ងប់ស្ងាត់​ជិត ៤ ឆ្នាំ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ការ​មក​ដល់​នៃ​ជំងឺ​កូវីដ១៩។

លោក​បាន​និយាយ​ថា៖​«​វិស័យ​សំណង់​នៅ​កម្ពុជា​ ត្រូវ​ការ​ពេល​វេលា​យូរ​បន្ថែម​ទៀត​ដើម្បី​អាច​មាន​សន្ទុះ​ឡើង​វិញ​»។

តួលេខ​ដែល​កត់​ត្រា​ដោយ អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែតុលា​ ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំចូល​ទំនិញ​ស្ថិត​ក្នុង​ជំពូក​​(HS ២​ ខ្ទង់​)​ លេខ​កូដ ៧២ ដែល​រួមមាន​ដែក និង​ដែកថែប ក្នុង​ទឹកប្រាក់​សរុប ៥០៥,២​ លាន​ដុល្លារ កើន ៦៥,១ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន ៣០៥,៩៧​ លាន​ដុល្លារ​។ ចំនួន​នេះ​ស្មើនឹង ២,១២ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំ​ទំនិញ​ចូល​សរុប​របស់​កម្ពុជា​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២៤ ដែលមាន​ចំនួន ២៣,៤៩​ ពាន់​លាន​ដុល្លារ​៕​