ផលិតផល​កែច្នៃ​គ្រាប់​ស្វាយចន្ទី​កម្ពុជា​ត្រូវ​​នាំ​ចេញ​ជា​ផ្លូវ​ការ​លើក​ដំបូង​ទៅ​កាន់​ទីផ្សារ​សហគមន៍​អ៊ឺរ៉ប ដោយ​ក្រុមហ៊ុន MIRARTH Agri Tech Co Ltd ខណៈ​រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន​បាន​ចាត់​ទុក​ជា​វឌ្ឍនភាព​ថ្មី​មួយ​ទៀត​ដែល​កម្ពុជា​អាច​នាំ​យក​ផលិត​ផល​របស់​ខ្លួន​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​អ៊ឺរ៉ុប។ តាម​ផែនការ​ក្រុមហ៊ុន MIRARTH Agri Tech Co Ltd នឹង​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ទៅ​ទីផ្សារ​អ៊ឺរ៉ុប ចំនួន ២៥០​តោន​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២៤ នេះ​។​

ក្រុមហ៊ុន​ MIRARTH Agri Tech Co Ltd កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា បាន​ប្រារព្ធ​ធ្វើ​ពិធី​អបអរ​សាទរ​ការ​នាំ​ចេញ​ផលិតផល​កែច្នៃ​គ្រាប់​ស្វាយចន្ទី​របស់ខ្លួន​ ទៅ​កាន់​សហគមន៍​អឺរ៉ុប​ជា​លើក​ដំបូង​ដោយ​មាន​ការ​ចូលរួម​ពី លោក សំហេង បូរ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការ​នាំ​ចេញ, លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ, ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ខេត្តកំពង់ធំ និង​ក្រុមហ៊ុន/​សមាគមន៍​ស្វាយចន្ទី​កម្ពុជា និង​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​។


ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​កែច្នៃ​គ្រាប់​ស្វាយចន្ទី​កម្ពុជា​ជា​ផ្លូវ​ការ​លើក​ដំបូង​ទៅ​ទីផ្សារ​សហគមន៍​អ៊ឺរ៉ប គឺ​បញ្ជាក់​ពី​សក្ដានុពល​នៃ​វិស័យ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​កម្ពុជា​។​

ក្រសួង​បាន​អះអាង​ថា៖​«​នេះ​ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការ​ស្វែង​រក និង​ធានា​ឱ្យ​បាន​នូវ​ទីផ្សារ​អន្តរជាតិ​សម្រាប់​ផលិតផល​កម្ពុជា តាម​រយៈ​ក្រុមការងារ​ជំរុញ​ការ​នាំ​ចេញ និង​មជ្ឈ​មណ្ឌល​សេវា​នាំ​ចេញ ដែល​បាន​កំពុង​ជួយ​បណ្ដា​ក្រុមហ៊ុន​នានា​របស់​កម្ពុជា ក្នុង​ការ​ពង្រឹង​សមត្ថភាព​ដើម្បី​នាំ​ចេញ​»។


ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ីឡុត បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា​ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល​ផលិតផល​គ្រាប់​ស្វាយចន្ទី​កែច្នៃ​កម្ពុជា​ត្រូវ​បាន​នេះ​ចេញ​ជា​ផ្លូវ​ការ​ទៅ​ទីផ្សារ​សហគមន៍​អ៊ឺរ៉ុប។ MIRARTH Agri Tech Co Ltd គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ជា​វិនិយោគិន​ជប៉ុន ដោយ​រោងចក្រ​មាន​ទីតាំង​នៅ​ឃុំជ័យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។ រោងចក្រ​នេះ​មាន​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​បាន ១៥ ០០០ តោន ក្នុង ១ ឆ្នាំ។

លោក​បន្ថែម​ថា តម្រូវការ​គ្រាប់​ស្វាយចន្ទី​នៅ​ទីផ្សារ​អន្តរជាតិ បាន​ធ្វើ​ឱ្យ​ចំនួន​រោងចក្រ និង​សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី​នៅ​កម្ពុជា​កើន​ឡើង​ជា​បន្ត​បន្ទាប់​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ដោយ​មាន​វិនិយោគិន​បរទេស ពិសេស​ចិន និង​កូរ៉េ បាន​មក​ជួយ​ពិភាក្សា​ជាមួយ​សមាគមន៍​ស្វាយចន្ទី​កម្ពុជា ជា​បន្ត​បន្ទាប់​ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ពង្រីក​សមត្ថភាព​កែច្នៃ​ដើម្បី​នាំចេញ។

លោក​បាន​ថ្លែង​ថា៖​«​MIRARTH Agri Tech Co Ltd គឺ​ជាក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​កែច្នៃ​ជា​ផ្លូវ​ការ​ទៅ​កាន់​ទីផ្សារ​អ៊ឺរ៉ុប​មុនគេ។ ការ​ទទួល​បាន​សិទ្ធិ​នាំ​ចេញ​ជាផ្លូវការ​ទៅ​ទីផ្សារ​អ៊ឺរ៉ុប គឺ​ជា​រឿង​ដ៏​ល្អ ព្រោះ​នៅ​ពេល​យើង​អាច​នាំ​ចេញ​ជា​ផ្លូវការ​ទៅ​អ៊ឺរ៉ុប មាន​ន័យ​ថា​គុណភាព និង​ភូតគាម​អនាម័យ​ផលិត​ផល​គ្រាប់​ស្វាយចន្ទី​កែច្នៃ​របស់​យើងគ្រប់​តាម​ស្តង់ដារ​ដែល​គេ​ចង់បាន»។

លោក ស៊ីឡុត បាន​ប្រាប់​ទៀត​ថា បើ​តាម​ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​ប្រមាណ ៧០​ ម៉ឺនហិកតា ក្នុង​នោះ​ផ្ទៃដី​ប្រហែល ៥៨ ម៉ឺនហិកតា​កំពុង​ប្រមូល​ផល និង​ប្រហែល​ ១២ ម៉ឺនហិកតា​ទៀត​ជា​ដី​ទើប​ដាំដុះថ្មី។​ ចំណែក​ទិន្នផល​ប្រមូល​បាន គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី ៨០ម៉ឺន-​១​លាន​តោន​ក្នុង ១ ឆ្នាំ។

យោង​តាម​ទិន្នន័យ​សមាគម​ស្វាយចន្ទី​កម្ពុជា​គឺ​ក្នុង​រយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ ២០២៤ កម្ពុជា​ប្រមូល​ផល​គ្រាប់​ស្វាយចន្ទី​ស្រស់​បាន​ចំនួន ៨៤ ម៉ឺន​តោន កើន ២៦ ភាគរយ​ ក្នុង​នោះ​នាំ​ចេញ​ទៅ​វៀតណាម​បាន​ជាង ៧៩ ម៉ឺនតោន កើន​ឡើង ៣១​ ភាគរយ និង​ទទួល​បាន​ប្រាក់​ ១,១១ពាន់​លាន​ដុល្លារ កើន ៩​ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣។

បើ​តាម​លោក ស៊ីឡុត ការ​កែច្នៃ​ផលិតផល​ស្វាយចន្ទី​ក្នុង​ឆ្នាំ​ ២០២៤ នេះ​បាន​ធ្លាក់​ចុះ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ដោយ​សារកត្តា​ចម្បង​ចំនួន ២ គឺ​ការ​កើន​ឡើង​នៃ​តម្លៃ​គ្រាប់​ស្វាយចន្ទីស្រស់​នៅ​​ទីផ្សារ​អន្តរជាតិ និងបញ្ហា​កង្វះ​ទុន​បង្វិល​របស់​សហគ្រាសកែច្នៃ​ក្នុង​ស្រុក។

ទោះ​យ៉ាង​ណា នៅ​ឆ្នាំ​២០២៥ ខាង​មុខ ការ​នាំ​ចេញ​ផលិតផល​គ្រាប់​ស្វាយចន្ទី​កែច្នៃ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ចំនួន​កើន​លើស​ឆ្នាំ​២០២៤។

លោក​អះអាង​ថា៖​«យើង​មាន​សុទិដ្ឋិនិយម​ថា​ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​កែច្នៃ​ នៅ​ឆ្នាំ​២០២៥ ខាង​មុខ​នឹង​មាន​ច្រើន​ជាង​ឆ្នាំ​នេះ ដោយ​ក្រុមហ៊ុន​កែច្នៃ​គ្រាប់​ស្វាយចន្ទី​កម្រិត​ស្តង់ដារ​អន្តរ​ជាតិ​ជា​ច្រើន​នឹង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​។

លោក ឡឹង គឹមស៊ាន នាយក​គ្រប់គ្រង​ទូទៅ​សហគ្រាស​គ្រាប់​ស្វាយចន្ទីចំ​ការលើ ឡឹង ម៉ានុត បាន​និយាយ​ថា ក្នុង​ឆ្នាំ​២០២៤ នេះ​តម្លៃ​គ្រាប់​ស្វាយចន្ទី​ស្រស់​បាន​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​ធ្វើ​ឱ្យមាន​លំហូរ​គ្រាប់​ស្វាយចន្ទី​ស្រស់​ជាច្រើន​ទៅ​ទីផ្សារ​ប្រទេស​វៀតណាម ខណៈ​សមត្ថភាព​នៃ​ទុន​បង្វិល​របស់​រោងចក្រ/​សិប្បកម្ម​ក្នុង​ស្រុក​នៅ​មានកម្រិត។​ ទោះយ៉ាង​ណា នៅ​ឆ្នាំ​ខាង​មុខ ស្ថាន​ភាព នៃ​ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ស្រស់​ទៅ​ក្រៅ​ប្រទេស​អាច​ធ្លាក់​ចុះ​ខ្លះ ព្រោះ​ចំនួន​រោងចក្រ​/​សិប្បកម្ម​កែច្នៃ​នៅ​កម្ពុជា​បាន​កើត​មាន​កាន់​តែ​ច្រើន។

លោក​បាន​និយាយ​ថា៖​«​សមត្ថភាព​ក្នុង​ការ​កែច្នៃ​ និង​គុណភាព​នៃ​គ្រាប់​ស្វាយចន្ទី​របស់​កម្ពុជា​ត្រូវ​បាន​ទទួល​ការ​ពេញ​និយម​កាន់​តែ​ច្រើន​នៅ​លើ​ទីផ្សារ​អន្នតរ​ជាតិ​។ ការ​នាំ​ចេញ​គ្រាប់​កែច្នៃ​នឹង​មាន​ចំនួន​កាន់តែ​ច្រើន​»៕