វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​កម្ពុជា​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​រយៈ​ពេល ១០ ខែ​ដើម​ឆ្នាំ ​២០២៤ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ ទទួល​បាន​ជើង​ហោះហើ​រចេញ-​ចូល​(ទ្វេទិស)​សរុបជាង ៤,៧ ម៉ឺន​ជើង កើន​ឡើង​ជាង ១០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣ ខណៈ​ភ្ញៀវ​ឆ្លង​កាត់​មាន​ចំនួន​ជិត ៥ លាន​នាក់។

ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​រដ្ឋលេខាធិការដ្ឋាន​​អាកាសចរ​ស៊ីវិល កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា បង្ហាញ​ថា ស្ថានភាព​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​នៅ​តាម​​​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា​​​រួម​មាន អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ, សៀមរាប និង​ខេត្តព្រះសីហនុ បាន​បង្ហាញ​ពី​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ ​២០២៤ ​ចំនួន​ជើង​ហោះហើរ​ ចេញ-ចូល ​(ទ្វេទិស)​ មាន​ចំនួន​សរុប​ ៤៧ ៤៤៧ ជើង ​កើន​ឡើង ១៤ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣។ ចំណែក​អ្នក​ដំណើរ ចេញ-​ចូល​(ទ្វេទិស) មាន​​សរុប​ ៤ ៩៧៨ ៦៦៣ នាក់ ​កើន​ឡើង ២១ ភាគរយ និង​ទំនិញ​តាម​ផ្លូវ​អាកាស​ចេញ-ចូល​(ទ្វេទិស) មាន​ជាង ៦,៣​ម៉ឺន​តោន​ កើន​ឡើង ៣៧ ភាគរយ។


ទិន្នន័យ​បាន​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ខែ​តុលា ឆ្នាំ ២០២៤ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ ទទួល​បាន​ជើង​ហោះហើរ ចេញ-ចូល​(ទ្វេទិស) ចំនួន ៤ ៧៩៩ ជើង កើន​ជាង ១០ ភាគរយ​បើ​ធៀប​នឹង​ខែ​តុលា ឆ្នាំ ២០២៣ ចំណែក​អ្នកដំណើរ​ចេញ-ចូល​(ទ្វេទិស) ចំនួន ៥៣០ ៩៨៨ នាក់ កើន​ជិត ២០ ភាគរយ និង​ទំនិញ​តាម​ផ្លូវ​អាកាស​(ទ្វេទិស) មាន​ចំនួន ៦,៦៧ ពាន់​តោន កើន​ជាង ១៧ ភាគរយ។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​ លោក ជា ចាន់ដារ៉ា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី​២៥ ខែ​វិច្ឆិកាថា ចំនួន​ជើង​ហោះហើរ និង​បរិមាណ​ទំនិញ​ដឹក​តាម​ផ្លូវ​អាកាស​ពិត​ជា​កើន​ឡើង​ជាបន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប្រមាណ​ ២ ឆ្នាំ​កន្លង​មក​នេះ គឺ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ស្ទើរ​ដល់​សូន្យ​កាល​ពី​អំឡុង​ឆ្នាំ​២០២០-២០២២ ដោយ​សារ​ក្តី​បារម្ភ​ពី​ការ​រីករាលដាល​ជំងឺ​កូវីដ​១៩។ ចំនួន​នេះ​នឹង​កើន​ឡើង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០២៥ ខាង​មុខ។​


លោក​លើក​ឡើង​ថា នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​មាន​ដំណើរ​ការ​ល្អ ​ការ​វិនិយោគ និង​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​នឹង​កើន​ឡើង​ ដូច្នេះ​តម្រូវ​ការ​យន្តហោះ និង​យានយន្ត​ក៏​នឹង​កើន​ឡើង​ដែរ។

លោក​បាន​ថ្លែង​ថា៖​«​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​ទាន់​មើល​ឃើញ​មាន​ហេតុផល ឬ​សញ្ញា​ណា​ដែល​នាំ​ឱ្យ​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​កម្ពុជា​ធ្លាក់​ចុះ​ទេ​នៅ​ឆ្នាំ​២០២៥ ខាង​មុខ ខណៈ​ទីផ្សារ​នាំ​ចេញ​ទំនិញ​កម្ពុជា ​នឹង​មាន​បរិមាណ ព្រម​ទាំង​​គោល​ដៅ​ទៅ​ប្រទេស​កាន់​តែ​ច្រើន។ ការ​នាំ​ចេញ​កាន់​តែ​ច្រើន ចំនួន​ទំនិញ​ដឹក​តាម​យន្តហោះ​នឹង​មាន​កាន់​តែ​ច្រើន»។

ចំណែក​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយ​ថា ​ចំនួន​ជើង​ហោះហើរ​ និង​ភ្ញៀវ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ពិត​ជា​កើន​ឡើង​នា​រយៈ​ពេល​ជិត​ ១​ ឆ្នាំ​នេះ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ទៀត​ក្នុង​ឆ្នាំ​២០២៥ ខាង​មុខ ប្រសិន​បើ​ពិភពលោក​មិន​ទទួល​រង​ការ​គំរាម​កំហែង​ពី​វិបត្តិ​ណា​មួយ​ដូច​ជា ​ជំងឺ​កូវីដ​១៩ និង​បញ្ហា​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​នានា។

លោក​បន្ត​ថា ទោះយ៉ាង​ណា​ចំនួន​ជើងហោះហើរ​នៅ​ពេល​នេះ​ គឺ​នៅ​តិច​ជាង​មុន​ពេល​មាន​វត្តមាន​ជំងឺកូវីដ​១៩ ដោយ​ពេល​នោះ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប គឺ​មាន​យន្តហោះ​អន្តរជាតិ​មក​ពី​ច្រើន​គោល​ដៅ​ចុះ​ចត ពិសេស​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ចិន។

លោក​និយាយ​ថា៖​«​ប្រសិន​បើ​កម្ពុជា​មាន​ជើង​ហោះ​ត្រង់​ពី​តាម​បណ្តា​ទីក្រុង​នៃ​ប្រទេស​នានា​កាន់​តែ​ច្រើន វានឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ដែរ»។

អ្នក​នាំ​ពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា កាល​ពី​ពេលខែ​តុលា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ថា រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​តភ្ជាប់​ជើង​ហោះជា​មួយ​ប្រទេស​នានា​លើ​ពិភពលោក។ ជាក់​ស្តែង​ថ្មីៗ​នេះ កម្ពុជា និង​ប្រទេស​តួកគី​ក៏​កំពុង​ឈាន​ទៅ​បើក​ដំណើរការ​ជើង​ហោះហើរ​ជា​មួយ​គ្នា​ផងដែរ។ ក្រៅ​ពី​នេះ ចំនួន​ជើង​ហោះហើរ​រវាង​ទីក្រុង​នៃ​ប្រទេស​នានា​ជា​មួយ​ទីក្រុង​នានា​កម្ពុជា​ក៏​កំពុង​កើន​ឡើង​ផង​ដែរ​នា​ពេល​នេះ។

លោកបន្ថែម​ថា ក្រៅ​ពី​ការ​ខិតខំ​បង្កើត​ និង​ពង្រីក​ជើងហោះហើរ កម្ពុជា​ក៏​បាន​និង​កំពុង​កសាង​ព្រលាន​យន្តហោះ​ថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ជា​ច្រើន​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល និង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា រយៈពេល ៣ ត្រីមាស​ដំបូង​ ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ចំនួន ៤,៨ លាននាក់ កើន​ឡើង ២២,២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣៕