លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​រៀប​រាប់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា ក្នុង​ការ​គាំទ្រ​អ្ន​ក​វិនិយោគិន​បរទេស​ និង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ចូល​រួម​ក្នុង​ដំណើរ​ការ​​ផ្លាស់​ប្ដូរ​កម្ពុជា​ ទាំង​​ផ្នែក​បច្ចេកវិទ្យា ​ថាមពល​បៃតង នវានុវត្តន៍​ឌីជីថល និង​ការ​បណ្ដាក់​ទុក​ផ្សេងៗ។

លោក​បាន​ចូលរួម​បើក​ «កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ចិន​ពិភពលោក (GCET) ឆ្នាំ​២០២៤ និង​កិច្ចប្រជុំពាក់​ព័ន្ធនានា» ដែល​ពី​មុន​មាន​ឈ្មោះ​ថា «កិច្ច​ប្រជុំ​​សេដ្ឋកិច្ច​​ពិភពលោក​របស់​ចិន» នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិការ​នេះ។ 


កិច្ច​ប្រជុំ​កំពូលនេះ​ធ្វើ​ឡើង​ដើម្បី​តភ្ជាប់​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​និង​ធុរកិច្ច និង​អ្នក​ជំនាញ​ផ្សេងៗ និង​ជា​ឱកាស​ក្នុង​ការ​តភ្ជាប់​ទំនាក់​ទំនង​សហគ្រិន​ជាមួយ​នឹង​វិនិយោគិន​ចិន ក៏ដូចជា​អ្នក​វិនិយោគិន​នៅ​ក្នុង​ប្រទេស​នៃ​កិច្ច​ព្រមព្រៀង RCEP និង​រវាង​លោក​ខាង​កើត​ និង លោក​ខាង​លិច។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​នេះ លោក​ ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា រដ្ឋាភិបាល​របស់​លោក​លើក​កម្ពស់​ធុរកិច្ច និង​វិនិយោគិន ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​នវានុវត្តន៍ តាម​រយៈ​ការ​បង្កើត​​ឱកាស​អំណោយផល​ដែល​ធ្វើ​ឲ្យ​ធុរកិច្ច​មាន​ការ​រីក​ចម្រើន នវានុវត្តន៍​មាន​ភាព​ជឿន​លឿន ហើយ​កំណើន​សេដ្ឋកិច្ច​ទទួល​បាន​ការ​ថែទាំ។


លោក​ថា ឧតម្តភាព​ពិសេស​របស់​ប្រទេស​កម្ពុជា​ដែល​ខុស​ប្លែក​ពី​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​គឺ ​សន្តិភាព និង​ស្ថិរភាព និង ​មាន​សេដ្ឋកិច្ចសេរី និង​បើក​ចំហ​បំផុត​នៅ​អាស៊ី។ 

លោក​ថ្លែង​ថា៖«ទាំង​នេះ​​មិន​មែន​គ្រាន់​តែ​ជា​ពាក្យ​របស់ខ្ញុំ​ទេ គោលនយោបាយ​​ទាំងនេះ​ត្រូវ​បាន​ចែង​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ការ​ប្ដេជ្ញាចិត្ត​របស់​នៅ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​នៅ​ក្នុង​ច្បាប់ និង​បទប្បញ្ញត្តិ​របស់​យើង។ ជា​ឧទាហរណ៍ យើង​បាន​ផ្ដល់​ភាព​ជា​ម្ចាស់​នៃ​អាជីវកម្ម មិន​ការ​រឹត​បន្តឹង​លើ​ប្រាក់​ចំណេញ និង​ការ​ផ្ញើរ​ប្រាក់​ដើម​ទុន​ត្រឡប់​ទៅ​វិញ​នោះ​ទេ»។

លោក​បន្ត​ថា កម្ពុជា​មាន​កម្មវិធី​លើក​ទឹក​ចិត្ត​ខ្ពស់​ដែល​មាន​ភាព​ទន់ភ្លន់​ខ្លាំង​ក្នុង​តំបន់​ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម និង​ការ​វិនិយោគ​មាន​ការ​រីក​ចម្រើន។ នៅ​ពេល​វិនិយោគ​លើ​ឧស្សាហកម្ម បច្ចេកវិទ្យា និង​កម្មន្តសាល រដ្ឋាភិបាល​ផ្ដល់​នូវ​អត្ថប្រយោជន៍​បន្ថែម​យ៉ាង​ច្រើន​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​រីក​ចម្រើន។ 

បើ​ក្រឡេក​មើល​លើ​ទីផ្សារ​វិញ កម្ពុជា​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន​ដែល​ផ្ដល់​វិសាលភាព​ទីផ្សារ​យ៉ាង​ធំ​ដល់​អ្នក​វិនិយោគ ដូចជា ​កិច្ច​ព្រម​ព្រៀង RCEP ដែល​មាន​ប្រជាជន ២,៣​ពាន់លាន​នាក់ និង​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ផ្សេង​ទៀត ដូចជា ជាមួយ​ចិន និង​កូរ៉េ និង​ការ​បើក​ច្រក​ទីផ្សារ​ទៅ​​ប្រទេស​ផ្សេងៗ​តាម​រយៈ​កិច្ច​ព្រមព្រៀង​ជាមួយ​អេមីរ៉ាត​អារ៉ាប់រួម។

នៅ​ឆ្នាំ​២០៥០ កម្ពុជា​នឹង​សម្រេច​បាន​អព្យាក្រឹត្យភាព​កាបោន។ បច្ចុប្បន្ន​នេះ កម្ពុជា​សម្រេច​បាន​ថាមពល​កកើត​ឡើង​វិញ​ជាង ៦០​ភាគយ​ហើយ។ ​នៅ​ឆ្នាំ​ ២០៣០ ថាមពល​កកើត​ឡើង​វិញ​នឹង​សម្រេច​បាន ៧០​ភាគរយ។ ទាំង​នេះ​គឺ​ជា​ការ​ផ្ញើសារ​ប្រាប់​អ្នក​វិនិយោគិន​ថា ការ​វិនិយោគ​នៅ​កម្ពុជា មិន​មែន​ត្រឹម​តែ​ជា​ការ​ជ្រើស​រើស​កន្លែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​កំពុង​ក្លាយ​ជា​តួអង្គ​ក្នុង​ការ​កសាង​នយោបាយ​អនាគត​ប្រកប​ដោយ​ចិរភាព​ផងដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត។ 

លោក​បញ្ជាក់​ថា៖«ខ្ញុំ​សុំ​ប្ដេជ្ញា​ផ្ទាល់​ខ្លួន​ថា រដ្ឋាភិបាល​ខ្ញុំ​នឹង​បន្ត​គាំទ្រ​ដល់​ជោគជ័យ​របស់​ភ្ញៀវ​ទាំង​អស់​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន។ ទ្វារ​របស់យើង​តែង​តែ​បើក​ចំហរ ហើយ​យើង​នៅ​តែ​រក្សា​គោលការណ៍​ដែល​អាច​ព្យាករ​បាន។ ការ​ប្ដេជ្ញា​របស់​យើង​ចំពោះ​អាជីវកម្ម​របស់​អ្នក​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ទេ។ ដូច្នេះ​ហើយ​ ខ្ញុំ​សូម​អញ្ជើញ​ភ្ញៀវ​ទាំង​អស់​ដើម្បី​ក្លាយ​ជា​ផ្នែក​មួយនៃ​ដំណើរ​ការ​​ផ្លាស់​ប្ដូរ​កម្ពុជា​ មិន​ថា​ក្នុង​ផ្នែក​បច្ចេកវិទ្យា ថាមពល​បៃតង នវានុវត្តន៍​ឌីជីថល ឬ​ការ​បណ្ដាក់​ទុន​ផ្សេង​ទៀត​នោះ​ទេ កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ជាដៃ​គូ​ក្នុង​ភាព​ជោគ​ជ័យ​របស់​អ្នក។​

លោក​បន្ត​ថា៖ «សូម​ចូលរួម​ជំពូក​បន្ទាប់នៃ​អច្ឆរិយភាព​សេដ្ឋកិច្ច​អាស៊ី​ក្នុង​ប្រទេស​កម្ពុជា។ យើង​រួម​គ្នា​កសាង​អនាគត​ប្រកប​ដោយ​និរន្តរភាព និង​វិបុល​ភាព​បន្ថែម សម្រាប់​យើង​ទាំង​អស់​គ្នា»។

លោក Tan Sri Michael Yeoh ប្រធាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល GCET និង​ជា​ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សម្រាប់​អាស៊ី​និ​ងប៉ាស៊ីហ្វិក (KSI) បាន​ថ្លែង​ថា កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​​ក្នុង​ចំណោម​ប្រទេស​នានា ជា​ពិសេស​នៅ​លោក​ខាង​ត្បូង ដើម្បី​បង្កើត​ទំនាក់​ទំនង​ក្នុង​ការ​កសាង​សហគមន៍​រួម ជឿជាក់​ទៅវិញ​ទៅ​មក គោរព​និង​ទទួល​បាន​ផល​ប្រយោជន៍​រៀងៗ​ខ្លួន។ 

លោក​ថា៖«ចិន​គឺជា​ប្រទេស​នាំ​មុខគេ​ក្នុង​បច្ចេកវិទ្យា​ឌីថល​ និង​បៃតង និង​ជួយ​អាស៊ាន និង​លោក​ខាត​ត្បូង​លើ​ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល និង​ផ្លាស់​ប្ដូរ​បៃត ដែល​ជា​គោលដៅ និង​យុទ្ធសាស្ត្រ​អាទិភាព​នៃ​វេទិការ​នេះ។​

លោក Wang Wenbin ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា កិច្ច​ប្រជុំ​កំពូល GCET ត្រូវ​បាន​រៀបចំឡើង​នៅ​កម្ពុជា ពីព្រោះ​កម្ពុជា​ស្ថិត​នៅ​កណ្ដាល​នៃ​តំបន់​អាស៊ាន និង​​មាន​ការ​រីក​ចម្រើន​ឆាប់​រហ័ស។

លោក​ថា កម្ពុជា​គឺជា​ដៃគូ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត និង​ជា​ចំណុច​ទាក់​ទាញ​សម្រាប់​វិនិយោគិន​ចិន​ក្នុង​ការ​វិនិយោគ​​និង​បើក​ធុរកិច្ច​នៅ​ក្រៅ​ប្រទេស៕