អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល វិស័យ​ទេសចរណ៍ និង​វិស័យ​ដឹក​ជញ្ជូន បាន​អះអាង​ថា អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ ​(ភ្នំពេញថ្មី) TIA នឹង​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​តាម​រយៈ​ការ​បង្កើត​បរិយាកាស​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរ ​អ្នក​វិនិយោគ​ និង​ការ​ដឹក​ជញ្ជូន​ទំនិញ ខណៈ​វឌ្ឍនភាព​ការ​សាងសង់​រហូត​ដល់​ពេល​នេះ​សម្រេច​បាន​ជាង ៩០​ ភាគរយ និង​បាន​ចំណាយ​ប្រាក់​អស់​ជាង ១,៣​ ពាន់​លាន​ដុល្លារ។

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ ដោយ​មាន​ចម្ងាយ​ប្រមាណ​ ២០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ។


អាកាស​យានដ្ឋាន​នេះ​សាងសង់​លើ​ផ្ទៃដី​ ២ ៦០០​ហិ​កតា ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន OCIC។ អាកាស​យានដ្ឋាន​ថ្មី​នេះ​(​លំដាប់ 4F) ​អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ខ្នាត​ធំ​បំផុត​របស់​ពិភពលោក​ដូច​ជា យន្តហោះ​ប៊ូ​អ៊ី​ង ៧៤៧-៨០០ និង​អ៊ែ​ប៊ូ​ស អេ​៣៨០-៨០០ ចុះ​ចត​បាន។

តាម​ផែនការ​ការ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ គឺ​មាន ៣ ដំណាក់​កាល ដោយ​ដំណាក់​កាល​ទី ១ ក្រុមហ៊ុន​សាង​សង់​ផ្លូវ​រត់​ចម្ងាយ ៤ គីឡូម៉ែត្រ​សម្រាប់​ចុះចត​យន្តហោះ​ខា្នតធំ​ប្រភេទ 4F ដែល​មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​បាន​ជាង ១៥ លាន​នាក់​ក្នុង ១ ឆ្នាំ នៅ​ត្រឹម​ឆ្នាំ ២០៣០។


ចំណែក​ដំណាក់កាល​ទី ២ ក្រុមហ៊ុន​នឹង​ពង្រីក​សាងសង់​ផ្លូវ​រត់​ចំនួន ២ ស្រប​គ្នា​ដែល​អាច​ទទួល​អ្នក​ដំណើរ​បាន​រហូត​ដល់ ៣០ លាន​នាក់ ក្នុង ១ ឆ្នាំ នៅ​ឆ្នាំ ២០៥០ និង​ដំណាក់កាល​ទី ៣ ចាប់​ពី​ឆ្នាំ ២០៥០ តទៅ ក្រុមហ៊ុន​នឹង​បន្ត​បន្ថែម​សាងសង់​ផ្លូវ​រត់ទី ៣ ដើម្បី​ទទួល​អ្នក​ដំណើរ​ឱ្យ​បាន ៤៥ លាន​នាក់​ក្នុង ១ ឆ្នាំ។

ដំណើរការ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​រលូន

អ្នក​នាំ​ពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​(SSCA) លោក ស៊ីន ចាន់សិរីវុត្ថា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី ២៦ ខែ​វិច្ឆិកា ថា ការ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​ កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ការងារ​សាងសង់​ជារួម​សម្រេច​បាន​ជាង ៩០ ភាគរយ។ ចំណែក​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​មក​ដល់​ពេល​​នេះ​អស់​ប្រមាណ​ជាង ១,៣ ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ចំណាយ​សរុប ១,៥ ពាន់​លាន​ដុល្លារ​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​ទី ១)។

លោក​បន្ត​ថា កំណើន​ជើង​ហោះហើរ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៤ ធៀប​នឹង​ឆ្នាំ​២០២៣ គឺ​ស្ថិត​នៅ​ចន្លោះ​ពី ១០-២០​ ភាគ​រយ។

លោក​បន្ថែម​ថា វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​កម្ពុជា​នឹង​កាន់​តែ​ប្រសើរ​នៅ​ពេល​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​តេជោ ចាប់​បើក​ដំណើរការ ពីព្រោះ​អាកាស​យានដ្ឋាន​នេះ​មាន​ភាព​ទំនើប​ទាន់​សម័យ និង​អាច​ទទួល​ការ​ចុះ​ចត​បាន​នូវ​ប្រភេទ​យន្តហោះ​ធំៗ​ ព្រម​ទាំង​មាន​ស្ថានីយ​ដឹកជញ្ជូន​អ្នក​ដំណើរ​ និង​ឃ្លាំង​ស្តុក​ទំនិញ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរ​ជាតិ​ទៀតផង។​

លោក​បាន​ថ្លែង​ថា៖​«​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ នឹង​ក្លាយ​ជា​មេដែក​ក្នុង​ការ​ឆក់​យក​នូវ​អ្វី​ដែល​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​កម្ពុជា​មិន​ទាន់​មាន​ពី​មុន​ឱ្យ​ចូល​មក​កម្ពុជា​បាន​កាន់​តែ​ច្រើន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំឡុង​ពេល​ចុះ​ទៅ​ទស្សនកិច្ច​នៅការដ្ឋានសាងសង់អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ នា​ពេល​កន្លង​មក។ SSCA

បើ​តាម​លោក ចាន់សិរីវុត្ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​ខិត​ខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ដឹក​ជញ្ជូន និង​ទេសចរណ៍​កម្ពុជា ព្រម​ទាំង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង និង​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា (MoU)​ ជា​ច្រើន​ជា​មួយ​រដ្ឋាភិបាល និង​សមាគម ឬ​ក្រុមហ៊ុន​នៃ​ប្រទេស​នានា​ដើម្បី​ជួយ​ផ្សព្វ​ផ្សាយ និង​ទាក់​ទាញ​វិនិយោគិន​បរទេស និង​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន។

លោក​លើក​ឡើង​ទៀត​ថា៖​«​ទោះ​យ៉ាង​ណា​កម្ពុជា​ក៏​ត្រូវ​ខិតខំ​ក្នុង​ការ​ពង្រឹង​សេវាកម្ម​តាម​ផ្លូវ​អាកាស​របស់​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ​ដែរ»។

យោង​តាម​របាយការណ៍​របស់ SSCA ការងារ​សំណង់​ធំៗ និង​សំខាន់ៗ​ក្នុង​គម្រោង​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​នឹង​ត្រូវ​​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០២៤ នេះ ហើយ​បើ​គ្មាន​អ្វី​ប្រែប្រួល​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ គ្រោង​នឹង​ដាក់​សម្ពោធ​ជាផ្លូវការ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២៥​(ដំណាច់​ឆមាសទី ១)។​ បច្ចុប្បន្ន​មាន​បុគ្គលិក កម្មករ វិស្វករ និង​អ្នក​គ្រប់គ្រង​ដែល​កំពុង​បម្រើ​ការក្នុង​ការដ្ឋាន​នេះ​ចំនួន​ជាង ១៥ ០០០នាក់ (ជនជាតិ​ខ្មែរ ៩០ ភាគរយ)។

អាកាស​យានដ្ឋាន​តេជោ នឹង​បង្ក​ភាពងាយ​ស្រួល​កាន់​តែ​ច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ​

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បាន​ប្រាប់​ថា វឌ្ឍនភាព​នៃ​ការ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ គឺ​ជា​រឿង​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ ដោយសារ​អាកាស​យានដ្ឋាន​ថ្មី​នេះ​មាន​ទំហំ​ធំ​ជាង និង​ទំនើប​ជាង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដែល​កំពុង​ប្រើ​ប្រាស់​នា​ពេល​នេះ​។ កម្ពុជា​នឹង​មាន​ឱកាស​ទាក់​ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ល្បីៗ​ឱ្យ​ហោះ​ត្រង់​មក​កម្ពុជា​កាន់​តែ​ច្រើន ប្រសិន​បើ​ស្ថាន​ភាព​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។

លោក​ថ្លែង​ថា៖​«​នៅ​ពេល​អាកាស​យានដ្ឋាន​ថ្មី​បើក​ដំណើរការ​វា​នឹង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​នៅ​លើ​ពិភពលោក​ឱ្យ​ងាក​មក​មើល​កម្ពុជា និង​ហោះ​មក​កម្ពុជា​កាន់​តែ​ច្រើន»។

លោក​បន្ត​ថា ទោះ​យ៉ាង​ណា ការ​ទាក់​ទាញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចូល​មក​បាន​កម្រិត​ណា​នោះ ក៏​អាស្រ័យ​ទៅ​លើ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​ទេសចរណ៍ ដូច​ជា​ការ​ផ្តល់​ភាព​អនុគ្រោះ​ទិដ្ឋាការ ​ក្រមសីលធម៌​របស់​អ្នក​បម្រើ​សេវាកម្ម​នៅ​តាម​អាកាស​យានដ្ឋាន ព្រម​ទាំង​ការ​គ្រប់​គ្រង​ជនបរទេស​ដែល​មួយ​ចំនួន​កំពុង​បង្ក​បញ្ហា​អសកម្ម ដែល​នាំ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​មិន​ល្អ​ពី​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា រយៈពេល ៣ ត្រីមាស​ដំបូង​ ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ចំនួន ៤,៨ លាន​នាក់ កើន​ឡើង ២២,២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣។

ឆ្នាំ ២០១៩ ត្រូវ​បាន​ចាត់​ទុក​ជា​ឆ្នាំ​កំពូល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦,៦១ លាន​នាក់ និង​ទទួល​បាន​ចំណូល ៤,៩២ លាន​ដុល្លារ។ ទឹក​ប្រាក់​នេះ គឺ​បាន​ចូល​រួម​ប្រមាណ ១២,១ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។

ចរាចរណ៍​ទំនិញ​នឹង​មមាញឹក​ជាង​មុន ពិសេស​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ស្រស់​ទៅ​ទីផ្សារ​អន្តរជាតិ​

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បាន​និយាយ​ថា នៅ​ពេល​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​បើក​ដំណើរការ​វា​នឹង​ផ្តល់​ផល​ចំណេញ​ច្រើន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​កំណើន​វិស័យ​ដឹក​ជញ្ជូន​ទៅ​កាន់​គោលដៅ​ឆ្ងាយ​ៗ និង​វិស័យ​ទេសចរណ៍​។ អាកាស​យានដ្ឋាន​ថ្មី​នេះ នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ឈាន​ទៅ​មុខ​កាន់​តែ​លឿន។

លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ជា​បន្ត​បន្ទាប់​នូវ​គោល​នយោបាយ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន ពី​ព្រោះ​វិស័យ​ដឹក​ជញ្ជូន​ គឺ​ជា​ផ្នែក​ដ៏​សំខាន់​ដែល​ជួយ​បង្កើន​សក្តានុពល​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ឱ្យ​ធ្វើ​ដំណើរ​មកកម្ពុជា។ ​វា​ក៏​ជា​ផ្នែក​សំខាន់​ក្នុង​ការ​ជួយ​ធ្វើ​ឱ្យ​ថ្លៃ​ដើម​ផលិត​ទំនិញ​នៅ​កម្ពុជា​ចុះ​ទាប​ជាង​មុន ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ទំនិញ​ទាំង​អស់​នោះ​អាច​ប្រកួត​ប្រជែង​ជាមួយ​ទំនិញ​របស់​ប្រទេស​ផ្សេងៗ​លើ​ទីផ្សារ​អន្តរជាតិ។

លោក​អះអាង​ថា៖ ​«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​កំណើន​កាន់​តែ​ប្រសើរ​ ព្រោះ​នៅ​ពេល​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​រីក​ចម្រើន ​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ក្រៅ​ប្រទេស ពិសេស​ផលិត​ផល​កសិកម្ម​នឹង​មាន​កាន់​តែ​ច្រើន​។ ជាក់​ស្តែង​ប្រទេស​ជិតខាង​យើង គឺ​គេ​តែង​ប្រើ​ប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​សម្រាប់​នាំ​ចេញ​ផលិតផល​កសិកម្ម​ស្រស់​ ទៅ​ទីផ្សារ​អន្តរជាតិ។ ការ​នាំ​ចេញ​កសិផល​ស្រស់​ដោយ​ផ្ទាល់ ​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​ការ​លក់​ទៅ​ឱ្យ​គេ​(ប្រទេស​ជិតខាង​) ដើម្បី​នាំ​ចេញ​បន្ត»។

ចំណែក​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់ដារ៉ា បាន​និយាយ​ថា អាកាសយាន​ដ្ឋាន​ថ្មី ប្រាកដ​ជា​អាច​ទាក់​ទាញ​ចរន្ត​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​កើន​ឡើង​ ហើយ​ចំនួន​យន្តហោះធំៗ​នឹង​ចុះ​ចត​កាន់​តែ​ច្រើន​ជាង​មុន។ នៅ​ពេល​ការ​ដឹក​ជញ្ជូន​មាន​កាន់​តែ​ច្រើន តម្លៃ​ដឹក​ជញ្ជូន​ក៏​នឹង​ចុះ​ទាប​ជា​មុន​ដែរ។

លោក​លើក​ឡើង​ថា៖​«​ការ​ហោះហើរ​ត្រង់​ពី​គោលដៅ​ប្រទេស​ឆា្ងយៗ​ដែល​ប្រើ​ប្រាស់​យន្តហោះ​ធំៗ​មក​កម្ពុជា​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន ហើយ​វិស័យ​ដឹកជញ្ជូន​ទំនិញ និង​មនុស្ស​នឹង​មាន​កាន់​តែ​ច្រើន»​។

តារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​ បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២៤ ការ​នាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​មាន​ទឹក​ប្រាក់​សរុប ៤៥,0៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន ៣៨,៦៧​ ពាន់​លាន​ដុល្លារ។

​ក្នុង​នោះ​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា មាន​ចំនួន​ ២១,៥៧​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦ ​ភាគរយ​ពី​ចំនួន​ ១៨,៥៩​ ពាន់​លាន​ដុល្លារ និង​ទំនិញ​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ ​មាន​ចំនួន​ ២៣,៤៩ ​ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៥ ​ភាគរយ​ពី​ចំនួន​ ២០,០៧ ពាន់​លាន​ដុល្លារ​៕