ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តប្រាក់កម្ចី ៥០ លានដុល្លារដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគលើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។
កម្ចីនេះស្ថិតនៅក្រោមកម្មវិធីមួយនៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលជួលដល់រដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុខរបររបស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃនេះ។
បើតាម ADB មានឧបសគ្គចម្បងចំនួនបីដែលបង្កជាបញ្ហាប្រឈមទ្រង់ទ្រាយធំសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ដែលឧបសគ្គទាំងនោះរួមមាន បរិយាកាសសម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អ សហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និង នៅមានរបាំងមួយចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ បញ្ហាទាំងនេះកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង និងរារាំងសេដ្ឋកិច្ចមិនឲ្យសម្រេចបាននូវសក្តានុពលកំណើនពេញលេញ។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា កម្មវិធីនេះគាំទ្រដល់ការបន្តការប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគ និងឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកស្រីថា កម្មវិធីនេះផ្តោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យម ឬ MSMEs ដែលត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
លោកស្រីថ្លែងថា៖ «ជាមួយប្រាក់បន្ថែមពិសេសដើម្បីលើកទឹកចិត្តដល់សហគ្រាសគោលដៅមួយចំនួន យើងមានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។ កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុនតាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជាជ្រៀតចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក»។
កម្ចីនេះនឹងជួយសម្រួលសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រមាណ ៥ម៉ឺន ឱ្យបានចុះបញ្ជីជាផ្លូវការក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មអនឡាញ ហើយទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតចាំបាច់តាមប្រព័ន្ធឌីជីថល នៅត្រឹមឆ្នាំ២០២៧៕