កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា (ប្រព័ន្ធ cdcIPM) ដែល​ទើប​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នឹង​ជួយ​បង្កើន​សក្តានុពល​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​កាន់​តែ​ច្រើន​ ខណៈ​រយៈពេល​ជិត ១១ ខែ​ដើម​ឆ្នាំ​ ២០២៤ គម្រោង​វិនិយោគ​ចំនួន ៣៧៩ គម្រោងដែល​មាន​ទុន​វិនិយោគ​ ៦ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ​អនុម័ត​រួចរាល់។

ប្រព័ន្ធ​គ្រប់​គ្រង​គម្រោង​វិនិយោគ​កម្ពុជា​(ប្រព័ន្ធ cdcIPM) ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​ហៃយ៉ាត់ រីជិនស៊ី ដោយ​មាន​ការ​ចូល​រួម​ពី​លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្រ្តី អនុ​ប្រធានទី ១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ក្រសួង ស្ថាប័ន តំណាង​អង្គទូត អង្គការ​ជាតិ អន្តរជាតិ និង​ផ្នែក​ឯកជន​ជាច្រើន​រូប។


ប្រព័ន្ធ cdcIPM គឺ​ជាប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ថ្មី​មួយ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​វិនិយោគិន​អាច​ដាក់​ពាក្យ​វិនិយោគ​ពី​គ្រប់​កន្លែង និង​គ្រប់​ពេលវេលា សម្រួល​កិច្ច​វិនិយោគ​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល កាត់​បន្ថយ​ពេល​វេលា ធានា​បាន​តម្លាភាព សុក្រិតភាព ប្រសិទ្ធភាព ព្រម​ទាំង​ចូលរួម​កសាង​សេដ្ឋកិច្ច​សង្គម​ឌីជីថល និង​រដ្ឋាភិបាល​ឌីជីថល​នៅ​ប្រទេស​កម្ពុជា។

ប្រព័ន្ធ​ថ្មី​នេះ​នឹង​ចូលរួម​ចំណែក​ពន្លឿន​ការ​ផ្ដល់​សេវា​ចុះ​បញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដែល​ហៅ​ថា QIP(Qualified investment Project) ដោយ​ប្តូរ​ពី​ការ​ធ្វើ​លើ​ឯកសារ​រឹង ​(Hard Copy) ទៅ​ជា​ការ​ធ្វើ​តាម​ប្រព័ន្ធ​ឌីជីថល ដែល​កិច្ចការ​នេះ​នឹង​កាត់​បន្ថយ​តម្រូវការ​ជួប​ផ្ទាល់​រវាង​វិនិយោគិន​ជាមួយ​មន្ត្រី​ផ្តល់​សេវា​ និង​បង្កើន​ភាព​ងាយ​ស្រួល ព្រម​ទាំង​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ទទួល​បាន​ទំនុក​ចិត្ត​ថែម​ទៀត​ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ។


លោក ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹង​ថា ​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា​(ប្រព័ន្ធ cdcIPM)​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​វិនិយោគ​ដែល​ចង់​វិនិយោគ​នៅ​កម្ពុជា​។ ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ក៏​ជា​វត្ថុបំណង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ផង និង​ផ្តល់​ព័ត៌មាន​ទៅ​ដល់​អ្នក​វិនិយោគ​ផង។

លោក​បាន​ថ្លែង​ថា៖​«​ប្រព័ន្ធ​នេះ​គឺ​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ដាក់​ព័ត៌មាន ស្នើ​សុំ​ការ​វិនិយោគ និង​អាច​តាម​ដាន​ដោយ​ខ្លួនឯង ថាតើ​ទៅ​ដល់​ណាហើយ​ទម្រង់​របស់​ខ្ញុំ គឺ​កុំ​ដាក់​ទៅ​បាត់ឈឹង​ អស់ ២-៣​​អាទិត្យ​ មិន​ដឹង​ទៅ​ណា។ អ្នក​វិនិយោគ​អាច​តាម​ដាន​ប្រព័ន្ធ​នេះ​គ្រប់​ជំហាន​ទាំង​អស់​ និង​ដឹង​ទៅ​ដល់​ណាហើយ»។

បើ​តាម​លោក ស៊ុន ចាន់ថុល នៅ​ជំហាន​បន្ទាប់ CDC នឹង​ភ្ជាប់​ប្រព័ន្ធ cdcIPM ទៅ​ក្រសួង​ស្ថាប័ន​ចំនួន ៥ គឺ​ក្រសួង​ពាណិជ្ជកម្ម, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់, ក្រសួង​មហាផ្ទៃ, អគ្គនាយកដ្ឋាន​ពន្ធដារ, និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។ នៅ​ដំណាក់កាល​បន្ត​បន្ទាប់ គឺ​រួមមាន​ក្រសួង​ទេសចរណ៍, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍ ... ដើម្បី​បញ្ជូន​ព័ត៌មាន​ពី​គម្រោង​វិនិយោគ និង​ដើម្បី​កុំ​ឱ្យ​អ្នក​វិនិយោគ​រត់​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​ទៀត។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group លោក សៀ ឫទ្ធី បាន​លើក​ឡើង​ថា ប្រព័ន្ធ cdcIPM ពិត​ជា​មាន​ភាព​ចាំបាច់ និង​សារៈ​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​កម្ពុជា​បង្កើន​សក្តានុពល​ទាក់​ទាញ​វិនិយោគិន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ឱ្យ​មក​បណ្តាក់​ទុន​ ព្រោះ​ប្រព័ន្ធ​នេះ​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​មាន​ចំណង​ចង់​ស្វែង​រក​ព័ត៌មាន ឬ​ចង់​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា គឺ​ពួក​គេ​អាច​ស្វែង​រក​ក្នុង​ប្រព័ន្ធ​នេះ​ពី​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា។ ព័ត៌មាន​ដែល​អ្នក​វិនិយោគ​ចង់​បាន​មុន​ពេល​សម្រេច​ចិត្ត​វិនិយោគ​នៅ​ទីតាំង​ណាមួយ គឺ​មាន​ដូច​ជា ​ស្ថាន​ភាព​ទីផ្សារ ​ឱកាស និង​កត្តា​ពលកម្ម ជា​ដើម។ ​ប្រព័ន្ធ​នេះ​ក៏​ជួយ​លុប​បំបាត់​ការ​ចំណាយ​ក្រៅ​ផ្លូវការ​ផងដែរ។

លោក​បាន​បញ្ជាក់​ថា៖​«អ្វី​ដែល​យើង​ជា​អ្នក​វិនិយោគ​ចង់​បាន​គឺ​ការ​ប្រមូល​ព័ត៌មាន... ​ព័ត៌មាន​គឺ​សំខាន់។ ដូច្នេះ​បើ​ប្រព័ន្ធ​នេះ​បង្កើត​ឡើង​ គឺ​យើង​អាច​យក​ព័ត៌មាន​បាន ហើយ​ជា​ព័ត៌មាន​ដែល​យើង​យល់​ឃើញ​ថា​យើង​ចង់​វិនិយោគ​លើ​អ្វី​ តើ​ការ​វិនិយោគ​នោះ​មាន​នរណា​ខ្លះ​បាន​ធ្វើ​ហើយ។ អ្នក​រកស៊ី​គឺ​គេ​មើល​ទៅលើ​ឱកាស»។

បន្ថែម​ពី​លើ​នេះ​លោក​ក៏​បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ទាំង​អស់​ត្រូវតែ​ខិតខំ​ស្វែង​យល់ និង​រៀនសូត្រ​អំពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​ដើរ​ឱ្យ​ទាន់​ការ​វិវឌ្ឍ​របស់​ពិភពលោក។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយ​ថា ក្នុង​នាម​សភា​ពាណិជ្ជកម្ម​កម្ពុជាលោក​សូម​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា cdcIPM ព្រោះ​គម្រោង​នេះ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ច្រើន​ដល់​អ្នក​វិនិយោគ ដោយ​គេ​អាច​ធ្វើការ​ស្នើសុំ​ចុះ​បញ្ជី​វិនិយោគ​ក្នុង​ទម្រង់​ឌីជីថល ហើយ​ការ​ចុះ​បញ្ជី​នេះ​ក៏​នឹង​ត្រូវ​តភ្ជាប់​ទៅ​កាន់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ។

លោក​បន្ត​ថា នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​អ្នក​វិនិយោគ​គ្រប់​ស្រទាប់​វណ្ណៈ។

លោក​បាន​ថ្លែង​ថា៖​«នេះ​ជា​ប្រព័ន្ធ​មួយ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​វិនិយោគិន​ដើម្បី​កុំឱ្យ​មាន​ភាព​ស្មុគស្មាញ​ និង​ជួយ​សម្រប​សម្រួល​ដល់​វិនិយោគិន​ក្នុង​ការ​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​បាន​កាន់​តែ​ងាយ​ស្រួល​ និង​មាន​ទំនុក​ចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត»។

ទោះ​យ៉ាង​ណា​ក្នុង​នាម​ផ្នែក​ឯកជន លោក លឹម ហេង ក៏បាន​ស្នើ​ឱ្យ​គ្រប់​គ្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដាក់ និង​ធ្វើ​ការ​ឱ្យ​កាន់​តែ​សកម្ម​ជាមួយ​ CDC ដើម្បី​ឱ្យ​ការ​ស្នើសុំ​ចុះ​បញ្ជី ឬ​កិច្ច​អន្តរាគមន៍​ផ្សេងៗ​គឺមាន​ភាព​ឆាប់​រហ័ស​ និង​មាន​ប្រសិទ្ធភាព។

ក្នុង​បទសម្ភាស​ជាមួយ​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ពិធី​សម្ពោធ ប្រព័ន្ធ cdcIPM លោក ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​ពេញ ១ ​ឆ្នាំ​២០២៤ នេះ​ កម្ពុជា​រំពឹង​ទទួល​បាន​គម្រោង​វិនិយោគ​យ៉ាង​តិច ៤០០គម្រោង ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​សម្រាប់​កម្ពុជា​ ខណៈ​រយៈ​ពេល​ជិត ១១ ខែ នេះ គម្រោង​វិនិយោគ​ដែល​អនុម័ត​ដោយ CDC បាន​កើន​ដល់ ៣៧៩ គម្រោង ស្មើ​នឹង​ទុន​វិនិយោគ​ប្រមាណ ៦ ពាន់លាន​ដុល្លារ កើន​ឡើង ១២៩ គម្រោង​បើ​ធៀប​នឹង​ឆ្នាំ ២០២៣ និង​មាន​ទុន​វិនិយោគ​ ៤,៩ ពាន់​លានដុល្លារ។

លោក​បាន​អះអាង​ថា៖​«​យើង​សង្ឃឹម​ថា​ចប់​ឆ្នាំ​២០២៤ យើង​អាច​អនុម័ត​គម្រោង​បាន ៤០០ គម្រោង ដោយ​ឥឡូវ​បាន​ ៣៧៩ គម្រោង​ហើយ​(គិត​ត្រឹម​ថ្ងៃទី​២២ ខែ​វិច្ឆិកា)។​ យើង​នឹង​ខិតខំ​ជំរុញ​ឱ្យ​បាន​លើស​ពី ២១​-២២ គម្រោង​ គឺ​យើង​បាន​លើស ៤០០ បើ​បាន​លើស ៤០០ គឺ​ជា​លើកទី ១ នៃ​ប្រវត្តិសាស្រ្ត​របស់ CDC ដែល​យើង​អនុម័ត​គម្រោង​លើស ៤០០»៕