ខេត្ដ​កំពង់ធំ៖ គណប្រតិភូ​​អឺរ៉ុប រួម​មាន​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប អាល្លឺម៉ង់ និង​សាធារណរដ្ឋ​ឆេក តំណាង​មកពី​ស្ថានទូត​បារាំង ភ្នាក់ងារ​បារាំង​សំរាប់​ការអភិវឌ្ឍ (AFD) អាជ្ញាធរ​អភិវឌ្ឍន៍​សហប្រតិបត្តិ​ការ​ស្វី​ស (SDC) និង អង្គការ GIZ រួមជាមួយលោក​ ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ធ្វើ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃទៅកាន់​ចម្ការ​ស្វាយ​ចន្ទី និង​ម្រេច​ក្នុង​ខេត្ដ​កំពង់ធំ និង​ត្បូង​ឃ្មុំ​។

ទស្សនកិច្ច​នេះ ត្រូវបាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៧ និង​ទី ២៨ ខែ​វិច្ឆិកា​ ដើម្បី​​​ស្វែងយល់​អំពី​បញ្ហា​ប្រឈម​នានា​នៅ​ថ្នាក់មូ​លដ្ឋាន​ដែល​កសិករ​ និង​ក្រុម​កែច្នៃ​កំពុង​ជួបប្រទះ​លើ​ការផលិត​ដំណាំ​ដែល​មាន​តម្លៃ​ខ្ពស់ ជាពិសេស​គ្រាប់ស្វាយចន្ទី និង​ម្រេច​។


កិច្ចពិភាក្សា​មួយចំនួន​ដើម្បី​ជួយ​បង្កើន​ការយល់ដឹង​កាន់តែច្បាស់​អំពី​កំណើន​សក្តានុពល នៃ​ខ្សែ​ច្រវាក់​តម្លៃ​គ្រាប់​ស្វាយចន្ទី និង​ម្រេច ទីផ្សារ​នៃ​ការនាំ​ចូល និង​ការអនុវត្ត​កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ​។​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផងដែរ​ក៏​នឹងមាន​ជំនួប​ជាមួយ​សហគមន៍​កសិក​ម្ម​ទំនើប (MACs) ក្រុមហ៊ុន​កែច្នៃ និង​អ្នក​នាំចេញ​នានា​ក្នុង​ខេត្តកំពង់ធំ និង​ត្បូងឃ្មុំ ដែល​ក្នុងនោះ​ក៏មាន​ការធ្វើ​ទស្សនកិច្ច​ទៅកាន់​មជ្ឈមណ្ឌល​ឧត្តមភាព បុសខ្នុរ​ផងដែរ​។​


លោក​ ទីណា បាន​ថ្លែង​ថា៖ «​​សហគមន៍​កសិកម្ម​ទំនើប​មាន​សារៈសំខាន់​ចំពោះ​ប្រព័ន្ធ​ក​សិ​-​ចំណីអាហារ​របស់​កម្ពុ​ជា​។ តាមរយៈ​ការ​ចងក្រង​កសិករ​ជា​សហគមន៍​កសិកម្ម​ទំនើប នឹង​ជួយ​ពង្រឹង​សន្តិសុខ​ស្បៀង ព្រមទាំង​រួមចំណែក​ធានា​នូវ​និរន្ដរភាព​សេដ្ឋកិច្ច និង​បរិស្ថាន​សម្រាប់​កម្ពុជា​»។

លោក​បន្ដថា​ តាមរយៈ​ការប្រមូលផ្ដុំ​កសិករ​ឱ្យ​ប្រកាន់យក​ការអនុវត្ត​ប្រកបដោយ​ចីរភាព ប្រជាកសិករ​​អាច​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ពង្រឹង​អំណាច​ចរចា ក៏ដូចជា​ជីវភាព​របស់​ពួក​គេ​​ផងដែរ​។​

លោក​ ​អ៊ី​ហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា បញ្ហា​កសិកម្ម​សព្វថ្ងៃ​ត្រូវការ​ការ​សហការ​រួម​គ្នា និង​ដំណោះស្រាយ​ច្នៃប្រឌិត ក្រុម​អឺរ៉ុប កំពុង​ធ្វើ​ការ ដើម្បី​ជួយ​ជំរុញ​ព​ន្លឿ​ន​កំណើន​បៃតង និង​ការងារ​សមរម្យ​នៅក្នុង​អាជីវ​កម្មក​សិ​-​ពាណិជ្ជកម្ម​របស់​កម្ពុ​ជា​។

មានកិច្ចពិភាក្សាមួយចំនួនដើម្បីជួយបង្កើនការយល់ដឹងកាន់តែច្បាស់អំពីកំណើនសក្តានុពល នៃខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេច ទីផ្សារនៃការនាំចូល និងការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ។ រូបថត សហការី

លោក ទ្រី​ស​ម៉ាន់ បានឱ្យដឹងថា​៖ «តាមរយៈ​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា យើង​កំពុង​កសាង​ភាពជា​ដៃគូ​ដ៏​រឹងមាំ​ក្នុងការ​ផ្តល់​សិទ្ធិអំណាច​ដល់​កសិករ​ក្នុងស្រុក បង្កើន​ផលិតភាព និង​ការកែច្នៃ​ក្នុងស្រុក ព្រមទាំង​លើកកម្ពស់​ការអនុវត្ត​ប្រកបដោយ​ចីរភាព​។ យើង​ប្តេជ្ញា​គាំទ្រ​ដល់​វិស័យ​កសិកម្ម​កម្ពុជា និង​ធានាថា​វិស័យនេះ អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​កម្រិត​ខ្ពស់​»​។​

​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ លោក Stefan Messerer បាន​បន្ថែមថា ​​គោលបំណង​ចម្បង​​ង​គឺការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​វិស័យ​កសិកម្ម​។

លោក​បាន​បន្ដថា​៖ «​តាមរយៈ​ការជំរុញ​ការអនុវត្ត​ប្រកបដោយ​ចីរភាព និង​ការពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ យើង​ប្តេជ្ញា​បង្កើន​ប្រាក់ចំណូល ពង្រីក​សមត្ថភាព​កែច្នៃ និង​កែលម្អ​លទ្ធភាព​ចូលទៅ​កាន់​ទីផ្សារ​សម្រាប់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដោយ​ផ្តោត​សំខាន់​លើ​ការបន្ថែម​តម្លៃ​ក្នុងស្រុក»​។​

កិច្ចសហប្រតិបត្តិការ​នេះ​កំពុងតែ​ចូលរួម​អនុវត្ត​ដោយ​ប្រទេស​បារាំង អាល្លឺម៉ង់ សហភាព​អឺរ៉ុប និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​គោលបំណង​អភិវឌ្ឍ​ការស្រាវជ្រាវ និង​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​របស់​កម្ពុជា​។

នេះ​ស្របតាម​គោលនយោបាយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​(MAFF) ក្នុងការ លើកកម្ពស់​ផលិតកម្ម​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ទំនាក់ទំនង​អាជីវកម្ម​នៅក្នុង​សហគមន៍​កសិកម្ម (ACs) ក៏ដូចជា​ជាមួយ​អ្នក​កែច្នៃ និង​អ្នក​នាំចេញ ដែល​លើកកម្ពស់​ផលិតភាព និង​ធានា​សុវត្ថិភាព​ស្បៀងអាហារ ស្របតាម​ស្តង់ដារ​សង្គម និង​បរិស្ថាន​។​

គំនិត​ផ្តួចផ្តើម​របស់​ក្រុម​អឺរ៉ុប​ស្តីពី​កសិពាណិជ្ជកម្ម​បៃតង និង​ការងារ​សមរម្យ ដែលមាន​ការគាំទ្រ ដោយ​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប មាន​គោលបំណង​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ប្រកបដោយ ចីរភាព ដោយ​ពុំមាន​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​។

យុទ្ធវិធី​​នេះ គឺ​ធ្វើយ៉ាងណា​ដើម្បី បង្កើត​ប្រព័ន្ធ​កសិ-កែច្នៃ​ដែល​ធន់ ដែល​បំពេញ​តាម​លក្ខខណ្ឌ​ទីផ្សារ​ដែលមាន​តម្លៃ​ខ្ពស់ ទាំង​ក្នុង​តំបន់​អឺរ៉ុប និង​អាស៊ាន៕