កម្ពុជា​នឹង​មាន​​សួនកសិ-ឧស្សហកម្មស្វាយចន្ទីជា​លើក​ដំបូង​ក្នុង​​​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​ប្រមុខរាជរដ្ឋាភិបាល​​កម្ពុជា​បាន​ឯកភាព​ឱ្យ​បង្កើត​​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ធំ​ ខណៈ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ទីតាំង​​ផលិតគ្រាប់​ស្វាយ​ចន្ទីបាន​ចំនួន​​​ច្រើនលំដាប់ពិភពលោក។​

​ថ្លែង​ក្នុង​ឱកាស​នៃ​ពិធីបិទ​សន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ និងទិសដៅ​ការងារ​ឆ្នាំ ២០២៥ របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាល​ពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា ការ​បង្កើតឱ្យ​មានសួនកសិ-ឧស្សហកម្ម​នៅ​តាម​រាជធានី-ខេត្ត ​នឹង​នាំមក​នូវ​ផល​ចំណេញ​យ៉ាង​ច្រើន​ទៅ​ដល់​​ប្រជាជនមូលដ្ឋាន​ ក៏​ដូច​ជា​កំណើន​​សេដ្ឋកិច្ច​ជាតិទាំងមូល​។ ​


លោក​បាន​ថ្លែង​ថា៖​«អភិបាល​ខេត្តកំពង់ធំ បាន​ស្នើសុំ​បង្កើត​តំបន់​ឧស្សហកម្ម​ស្វាយចន្ទី ខ្ញុំ​ឯកភាព ដី​របស់​រដ្ឋ​យើង​យក​ទៅ​បង្កើត​ទៅ មិនមែន​ឱ្យ​ឯកជនទេ គឺ​នៅតែ​ជា​ដី​របស់​រដ្ឋ​ដដែល, រដ្ឋចេញដី ឯកជន​ចេញ​គម្រោង ធ្វើរួមគ្នា​បង្កើតតំបន់កសិ-ឧស្សាហកម្ម​ស្វាយចន្ទី​នៅកំពង់ធំ»។

បន្ថែម​ពី​លើ​នេះ លោក​ក៏​បានលើកទឹកចិត្ត​​​ឱ្យ​ថ្នាក់ដឹក​នាំ​រាជធានី-ខេត្ត ត្រូវ​ខិតខំ​ធ្វើ​ការ​ផ្សព្វផ្សាយ និង​ធ្វើ​ដំណើរ​ទៅ​​ជួប​ពិភាក្សា​ជា​មួយ​អាជ្ញាធរ និង​ផ្នែកឯកជន​នៃ​ប្រទេស​នានា​ ដើម្បីទាក់​ទាញ​​វិនិយោគិន​ជាតិ និង​អន្តរ​ជាតិ​​ឱ្យ​ចូល​ទៅ​​​​​បណ្តាក់​ទុន​ក្នុង​​ភូមិសាស្រ្ត​របស់​ខ្លួន​កាន់​តែ​ច្រើន។


ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ីឡុត បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា​ថា ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​អនុញ្ញាត​ឱ្យ​បង្កើត​​​សួនកសិ-ឧស្សាហកម្ម​ស្វាយចន្ទីនៅ​ក្នុង​ខេត្ត​កំពង់ធំ នឹង​ផ្តល់​ផល​វិជ្ជមាន​​​ច្រើន​សម្រាប់​អ្នក​ពាក់​ព័ន្ធ​នឹង​ផលិតកម្ម​ស្វាយចន្ទីនៅ​កម្ពុជា។​

លោក​ពន្យល់​ថា ការបង្កើតសួនកសិ-ឧស្សាហកម្ម គឺ​ជាយុទ្ធសាស្ត្រមួយ​ក្នុង​ការ​ប្រមូល​ផ្តុំ​ដើម្បីអភិវឌ្ឍ​វិស័យ​ស្វាយ​ចន្ទី​នៅកម្ពុជាឱ្យ​បោះ​ជំហាន​ទៅមុខ​កាន់​តែលឿន​​។ សួនកសិ-ឧស្សាហកម្ម គឺ​ជាកន្លែងប្រមូល​ផ្តុំ​ដោយ​រោងចក្រសហគ្រាស​ផ្នែកកែច្នៃ​កសិផល(ស្វាយចន្ទី) ហើយ​ទីនោះ​ក៏​​មានប្រភពធនធានរួម និងអាច​មាន​ការ​​លើកទឹកចិត្ត​ផ្សេងៗ​សម្រាប់​ការ​វិនិយោគផ្ទាល់​​នៅ​ទីនោះ​។

លោកបញ្ជាក់​​ថា៖​«សួនកសិ-ឧស្សាហកម្ម ដែល​គ្រោង​បង្កើតនេះ​គឺមានសណ្ឋានដូចតំបន់សេដ្ឋកិច្ច​ពិសេស ដោយ​វា​ចាំបាច់សម្រាប់តែរោងចក្រសហគ្រាសកែច្នៃកសិផល(ស្វាយចន្ទី​)ប៉ុណ្ណោះ។ គោល​បំណងនៃ​ការ​បង្កើត​សួនកសិ-ឧស្សាហកម្ម គឺ​ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងធ្វើ​ឱ្យផលិតផលកម្ពុជាអាចប្រជែងលើទីផ្សារអន្តរ​ជាតិ​»។

លោក ស៊ីឡុត ​រំពឹង​ថា​ការ​វិនិយោគ​នៅ​ក្នុង​សួនកសិ-ឧស្សាហកម្ម អាច​ទទួលបានការលើកទឹកចិត្តមួយ​ចំនួន​ដូច​ទៅ​នឹងតំបន់​សេដ្ឋកិច្ចពិសេស​ដែរ ដូចជា ការ​លើកលែង​ពន្ធ ការឧបត្ថម្ភទុន និងការសម្រួលនីតិវិធី​បែបបទ​នាំចេញ នាំ​ចូល​ទំនិញ ជា​ដើម​។ បច្ចុប្បន្នដោយ​សារ​មិន​ទាន់​មាន​ការ​ប្រមូល​ផ្តុំ បាន​ធ្វើ​ឱ្យ​តម្លៃស្វាយចន្ទីកែច្នៃ​របស់កម្ពុជាខ្ពស់​ជាង​គេ ដែល​នាំ​ឱ្យ​ពិបាក​ប្រកួតប្រជែងលើ​ទីផ្សារ​អន្តរជាតិ។

លោក​បាន​លើក​ឧទាហរណ៍​​​​ថា ​ប្រសិនបើមាន​រោងចក្រ​កែច្នៃ​ចន្ទី នៅក្បែរ​នោះក៏​គួរតែមាន​រោងចក្រ​កៀបប្រេង​ពី​សម្បក​ស្វាយ​ចន្ទី ដែលគេ​បោះ​ចោលពីរោងចក្រទី១ និងមាន​រោងចក្រ​កែច្នៃ​កម្ទេច​សម្បក​ស្វាយ​ចន្ទី​ក្រោយ​ពី​កៀប​ប្រេង ពីរោងចក្រ​ទី២ ដើម្បី​ផលិត​ជាជី ឬធ្យូងឧស្សាហកម្ម។ 

លោក​បន្ត​​ថា ដូចនេះ​រោងចក្រ​ទាំងនេះនឹង​បំពេញ​តម្រូវការឱ្យគ្នាទៅវិញទៅមក ដោយ​មិនបាច់​ចំណាយ​ដឹក​ជញ្ជូន​ច្រើន និង​ធ្វើ​ឱ្យ​ថ្លៃដើម​ផលិត​ថយចុះ​មួយ​កម្រិត។

ទាក់​ទង​នឹង​ទីតាំង និង​ទំហំដី​ដែល​រដ្ឋបាល​ខេត្ត​កំពង់ធំ ត្រៀមសម្រាប់​រៀបចំ​តំបន់​សួនកសិ-ឧស្សាហកម្មដំណាំស្វាយចន្ទី លោក ស៊ីឡុត ​ប្រាប់​ថា បើ​តាម​ព័ត៌មាន គឺ​អាជ្ញាធរខេត្ត​​បាន​ត្រៀម​ដី​ទំហំ​ប្រហែល ២០០ ហិកតា​ ប៉ុន្តែ​​សម្រាប់​ទីតាំង​គឺ​លោក​មិន​ដឹង​ឡើយ​។​​

លោក​បាន​អះអាង​ថា៖​«​ទោះអាជ្ញាធរ​​មិន​ទាន់​បាន​​បង្កើត​សួន​កសិ-ឧស្សាហកម្ម​ ប៉ុន្តែ​សម្រាប់​សមាគម​ស្វាយចន្ទី​កម្ពុជា គឺ​មានដី​ទំហំ ៦០ ហិកតា​ដែល​បាន​និង​កំពុង​​​រៀបចំសាកល្បង​រួចហើយ ដើម្បី​ជា​ការ​បង្ហាញ​ដល់​សាធារណជន​អំពី​ផល​ប្រយោជន៍​នៃ​សួន​កសិ-ឧស្សាហកម្ម​។

យោង​តាម​ទិន្នន័យ​សមាគម​ស្វាយចន្ទី​កម្ពុជា​គឺ​ក្នុង​រយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ ២០២៤ កម្ពុជា​ប្រមូល​ផល​គ្រាប់​ស្វាយចន្ទី​ស្រស់​បាន​ចំនួន ៨៤ ម៉ឺន​តោន កើន ២៦ ភាគរយ​ ក្នុង​នោះ​នាំ​ចេញ​ទៅ​វៀតណាម​បាន​ជាង ៧៩ ម៉ឺនតោន កើន​ឡើង ៣១​ ភាគរយ និង​ទទួល​បាន​ប្រាក់​ ១,១១ពាន់​លាន​ដុល្លារ កើន ៩​ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣។

បើ​តាម​លោក ស៊ីឡុត ការ​កែច្នៃ​ផលិតផល​ស្វាយចន្ទី​ក្នុង​ឆ្នាំ​ ២០២៤ នេះ​បាន​ធ្លាក់​ចុះ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ដោយ​សារកត្តា​ចម្បង​ចំនួន ២ គឺ​ការ​កើន​ឡើង​នៃ​តម្លៃ​គ្រាប់​ស្វាយចន្ទីស្រស់​នៅ​​ទីផ្សារ​អន្តរជាតិ និងបញ្ហា​កង្វះ​ទុន​បង្វិល​របស់​សហគ្រាសកែច្នៃ​ក្នុង​ស្រុក។

ទោះ​យ៉ាង​ណា នៅ​ឆ្នាំ​២០២៥ ខាង​មុខ ការ​នាំ​ចេញ​ផលិតផល​គ្រាប់​ស្វាយចន្ទី​កែច្នៃ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ចំនួន​កើន​លើស​ឆ្នាំ​២០២៤។

លោក​អះអាង​ថា៖​«យើង​មាន​សុទិដ្ឋិនិយម​ថា​ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​កែច្នៃ​ នៅ​ឆ្នាំ​២០២៥ ខាង​មុខ​នឹង​មាន​ច្រើន​ជាង​ឆ្នាំ​នេះ ដោយ​ក្រុមហ៊ុន​កែច្នៃ​គ្រាប់​ស្វាយចន្ទី​កម្រិត​ស្តង់ដារ​អន្តរ​ជាតិ​ជា​ច្រើន​នឹង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​។

បើ​តាម​ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​ប្រមាណ ៧០​ ម៉ឺនហិកតា ក្នុង​នោះ​ផ្ទៃដី​ប្រហែល ៥៨ ម៉ឺនហិកតា​កំពុង​ប្រមូល​ផល និង​ប្រហែល​ ១២ ម៉ឺនហិកតា​ទៀត​ជា​ដី​ទើប​ដាំដុះថ្មី។​ ចំណែក​ទិន្នផល​ប្រមូល​បាន គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី ៨០-​១០០​ម៉ឺន​តោន​ក្នុង ១ ឆ្នាំ៕