កិច្ច​ការពារ​អតិថិជន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​​កំពុង​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​​«​ក្រម​ប្រតិបត្តិ​សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ឧបករណ៍​វាយ​តម្លៃ​នៃ​កិច្ច​ការពារ​អតិថិជន» ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ។

«ក្រម​ប្រតិបត្តិសម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ឧបករណ៍​វាយ​តម្លៃ​នៃ​កិច្ច​ការពារ​អតិថិជន»​ត្រូវ​បាន​លើក​យក​មក​ផ្សព្វផ្សាយ​​​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា​(ABC) សហការ​ជាមួយ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​(CMA) ក្រោម​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ Cerise+SPTF កាល​ពី​ចុង​សប្តាហ៍​មុន។


សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់ ABC និង CMA បាន​ឱ្យ​ដឹង​ថា ឧបករណ៍​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នេះ នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​វាយ​តម្លៃ​ឯករាជ្យ ដែល​ជា​ភាគី​ទីបី ក្នុង​ការ​អនុវត្ត​កិច្ចការពារ​អតិថិជន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​កំណត់​ពី​ភាព​រឹងមាំ និង​ការកែលម្អ​ប្រតិបត្តិការ និង​ពង្រឹង​ទំនាក់ទំនង​អតិថិជន។ ការ​វាយ​តម្លៃ​ជុំទី ១ នឹង​ចាប់​ផ្តើម​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុធំៗ​ចំនួន ៣០ នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សិក្ខាសាលា​ខាង​លើ ក៏​មាន​លើក​យក​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​កំពុង​ប្រឈម​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា រួម​ទាំង​ការ​គ្រប់​គ្រង​អត្រា​ឥណទាន​មិន​ដំណើរការ (NPLs) ការ​ជំពាក់​បំណុល​ច្រើន​លើសលប់ និង​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី។ ភាគី​ពាក់ព័ន្ធ​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​អនុវត្ត​មួយ​ចំនួន ដូចជា​វិធីសាស្រ្ត​លក់ និងហានិភ័យ​ដែល​ទាក់ទង​នឹង​បំណុល​របស់​អតិថិជន ដោយ​គូស​បញ្ជាក់​ពី​តម្រូវការ​ពង្រឹង​នៃ​វិធានការ​ការពារ​អតិថិជន។


ប្រធាន​សមាគម​ធនាគារ​នៅកម្ពុជា លោក រ័ត្ន សោភ័ណ បាន​ពន្យល់​ថា ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​ឧបករណ៍​សម្រាប់​វាស់វែង និង​វាយ​តម្លៃ គឺ​មាន​ន័យ​ថា ជា​ការ​រួម​បញ្ជូល​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​អនុលោម​ភាព​នៃ​ក្រម​ប្រតិបត្តិ និង​គោលការណ៍​សកល​ស្តីពី​កិច្ចការពារ​អតិថិជន។

លោក​បាន​ថ្លែងង​ថា៖​«ដំណើរ​របស់​យើង​ចំពោះ​ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​អនុលោមភាព​នៃ​ក្រម​ប្រតិបត្តិ និង​កិច្ច​ការពារ​អតិថិជន​សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ គឺ​មិនមែន​គ្រាន់​តែ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​អនុលោម​តាម​ច្បាប់ និង​ស្វ័យ​បញ្ញត្តិ​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ស្តែង​ចេញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សមាគម និង​សមាជិក​របស់​ខ្លួន​ក្នុង​ការ​ការពារ​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ ការ​ធ្វើ​ធុរកិច្ច​ធនាគារ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ តម្លាភាព និង​ការ​ធានា​ថា​កិច្ច​ការពារ​អតិថិជន គឺ​ជា​អាទិភាព​ចម្បង​នូវ​រាល់​សកម្មភាព​ប្រកប​ការងារ​ធុរកិច្ច​ធនាគារ។ លើស​ពី​នេះ​កិច្ចការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​នេះ នឹង​ជួយ​កាត់​បន្ថយហានិភ័យ កាត់​បន្ថយការ​យល់​ច្រលំ និង​បង្កើត​ទំនុក​ចិត្ត​ដែល​ផ្តល់​អត្ថប្រយោជន៍​ទាំង​អតិថិជន និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ»។

ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា លោកស្រី ឌិត នីតា បាន​លើក​ឡើង​ថា៖ ​«វាជា​ការ​បើក​ទំព័​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ទៀត​នៃ​ការ​ប្តេជ្ញាចិត្ត​របស់​សមាគម​ក្នុង​កិច្ចការ​នេះ។ ឧបករណ៍​វាយ​តម្លៃ​ការ​អនុវត្ត​នូវ​កិច្ច​ការពារ​អតិថិជន​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ Cerise+SPTF ហើយ​វា​ក្លាយ​ជា​ឧបករណ៍​មួយ​ដែល​យើង​នឹង​ប្រើ​វាជា​ក្របខណ្ឌ​ក្នុង​ការ​តម្រង់​ទិសដៅ​នៃ​កិច្ច​ការពារ​អតិថិជន​របស់​យើង។ ឧបករណ៍​នេះ​មិន​ត្រឹម​តែ​រួម​បញ្ចូល​ក្រម​ប្រតិបត្តិ​សម្រាប់​វិស័យ​ធនាគារ​និងហិរញ្ញវត្ថុ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ផ្តល់​ជូន​យើង​នូវ​សូចនាករ​ដែល​អាច​ឱ្យ​យើង​វាស់វែង​បាន ដើម្បី​ធ្វើការ​វាយ​តម្លៃ​អនុលោមភាព​របស់​យើង​ផងដែរ»៕