វិនិយោគិន​ម៉ាឡេស៊ី​បាន​បង្ហាញ​ការ​ចាប់​អាម្មណ៍​ក្នុង​ការ​បណ្តាក់​ទុន​លើ​វិស័យ​ចំនួន ៤ នៅ​កម្ពុជា​ដែល​ជា​ប្រទេស​មាន​សក្តានុពល​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ជាច្រើន ខណៈ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ម៉ាឡេស៊ី ​រយៈ​ពេល ១០ ខែ​ដើម​ឆ្នាំ​ ២០២៤ មាន​ទឹក​ប្រាក់​ជាង ៧១៥ លាន​ដុល្លារ។

នៅ​ក្នុង​ជំនួប​ជាមួយ​ លោក ជា វុទ្ធី អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) នា​ថ្ងៃទី​ ២៩ ខែ​វិច្ឆិកា នេះ លោក Tan Khee Meng ប្រធាន​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​នៅ​កម្ពុជា និង​ជា​តំណាង​ក្រុមហ៊ុន​ម៉ាឡេស៊ី Hong Leong Manufacturing Group បាន​លើក​ឡើង​ថា ក្រុមហ៊ុន​របស់​លោក​កំពុង​គិតគូរ​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​ចំនួន ៤ នៅ​កម្ពុជា​ដែល​រួមមាន គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​ម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និង​វិស័យ​អចលនទ្រព្យ។


ជា​ការ​ឆ្លើយតប​ចំពោះ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ម៉ូតូ លោក ជា វុទ្ធី បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​បន្ថែម​ពី​ទំហំ​ទីផ្សារ ក៏​ដូចជា​តម្រូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ប្រកាស​ស្វាគមន៍​គម្រោង​ផលិតកម្ម Ceramic និង​ផលិត Semi-conductor ដែល​ក្រុមហ៊ុន​អាច​រក​ទីតាំង​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ណាមួយ ឬ​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដោយ​ខ្លួនឯង។

បន្ថែម​ពីលើ​នេះ លោក​អគ្គលេខាធិការ ក៏​បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ដោយ​បច្ចុប្បន្ន​មាន​គម្រោង​វិនិយោគ​ដែល​ប្រើ​បច្ចេក​វិទ្យាទំនើប​ជា​ច្រើន​កំពុង​ប្រមូល​ផ្តុំ​នៅ​ទីនោះ ពិសេស​​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត, សម្ភារ​បរិក្ខារ​អេឡិចត្រូនិក, គ្រឿង​បន្លាស់​រថយន្ត, គ្រឿង​សង្ហារឹម និង​ការ​ផ្គុំ​ដំឡើង​ទោចក្រយាន ជា​ដើម​។​ ក្រៅ​ពី​នៅ​ទីនោះ​ក៏​មាន​កន្សោម​ឧស្សាហកម្ម (industrial cluster) ដែល​បាន​លេច​ឡើង​ជា​បន្ត​បន្ទាប់ មាន​ដូចជា ការ​ផលិត​អំពូល​លម្អ​អគ្គិសនី ខ្សែ​ភ្លើង សម្ភារ​តុបតែង​លម្អ​ដើម​គ្រីស្មាស់ គ្រឿង​សង្ហារឹម ក្តារ​ប្លាកេ ក្តារបន្ទះ និង​កា​រផ្គុំ​ដំឡើង​ទោចក្រយាន។ល។


យោង​តាម​​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ចន្លោះ​ពី​ខែ​មករា ដល់​ខែតុលា​ ឆ្នាំ ​២០២៤ ការ​នាំចេញ នាំ​ចូល​ទំនិញ​រវាង​កម្ពុជា ម៉ាឡេស៊ី មានទឹក​ប្រាក់​សរុប ៧១៥,១៥ លាន​ដុល្លារ កើន​ឡើង ៣៥,៣ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​ម៉ាឡេស៊ី មាន​ចំនួន ១០៩,៩៥​ លាន​ដុល្លារ កើន​ឡើង ៣៥,៧ ភាគរយ ចំណែក​ទំនិញ​ម៉ាឡេស៊ី​​នាំ​មក​កម្ពុជា ៦០៥,២១ លាន​ដុល្លារ​ កើនឡើង ៣៥,៣ ភាគរយ។​

ប្រទេស​ម៉ាឡេស៊ី គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី ១២ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ ​ជប៉ុន កាណាដា ឥណ្ឌូនេស៊ី អេស្ប៉ាញ អាល្លឺម៉ង់ ចក្រភពអង់គ្លេស និង​សិង្ហបុរី។​

ភាគីកម្ពុជា និង​ម៉ាឡេស៊ី ក្នុងជំនួបពិភាក្សានៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) នា​ថ្ងៃទី​ ២៩ ខែ​វិច្ឆិកា នេះ។ CDC

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ​ស្ថិរភាព​នយោបាយ ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ការ​កែលម្អ​ប្រព័ន្ធ​ច្បាប់​វិនិយោគ​ បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់​ទាញ​បាន​​​គម្រោង​វិនិយោគថ្មីៗ និង​ពង្រីក​ផលិត​កម្ម​កាន់​តែ​ច្រើន​។ 

បច្ចុប្បន្ន​មាន​វិនិយោគិន​ម៉ាឡេស៊ី​ជា​ច្រើន​កំពុង​បណ្តាក់​ទុន​នៅ​កម្ពុជា ខណៈ​កម្ពុជា និង​ម៉ាឡេស៊ី គឺ​សុទ្ធ​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា។

លោក​បន្ត​ថា ក្នុង​នាម​ជា​ប្រទេស​ក្នុង​តំបន់​តែ​មួយ និង​ជា​ប្រទេស​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង RCEP ដូចគ្នា គឺ​ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ ប្រាកដ​ជាមាន​ភាព​អនុគ្រោះ​ពន្ធ​ទៅ​វិញ​ទៅ​មក។

លោក​លើក​ឡើង​ទៀត​ថា កំណើន​ទំហំ​ពាណិជ្ជកម្ម គឺ​បញ្ជាក់​ពី​កំណើន​នៃ​តម្រូវការ និង​សមត្ថភាព​ផលិតកម្ម​ប្រទេស​នីមួយៗ​ដែល​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​ថ្លែង​ថា៖​«​ទឹកប្រាក់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​គម្លាត​ទឹក​ប្រាក់​នាំចេញរបស់​កម្ពុជា​ធៀប​នឹង​ការ​នាំ​ចូលពី​ម៉ាឡេស៊ីនឹង​ត្រូវ​កាត់បន្ថយ​នា​ពេល​អនាគត»។​

លោក​បាន​ប្រាប់​ទៀត​​​ថា ទោះបី​ជញ្ជីង​ពាណិជ្ជកម្ម​ទំនិញ​កម្ពុជា​ មាន​ឱនភាព​ច្រើន​ជាមួយ​​ម៉ាឡេស៊ី​ ប៉ុន្តែ​កម្ពុជា​ក៏​ទទួល​បាន​ប្រាក់​ចំណូល​ជា​ច្រើន​លាន​ដុល្លារ​ផងដែរ​ពី​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ប្រាក់​ចំណូល​របស់​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការ​នៅ​ម៉ាឡេស៊ី​។​

ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ឱ្យ​រឹតតែ​ខ្លាំង កាល​ពី​ថ្ងៃទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី និង ទេសាភិបាល​ធនាគារ​កណ្តាល​ម៉ាឡេស៊ី លោក Abdul RasheedGhaffour បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យល់យោគ​គ្នា​(MoU) ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​សងប្រាក់​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ឱ្យ​កាន់​តែ​ជិតស្និទ្ធ ព្រម​ទាំង​លើក​កម្ពស់​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ការ​ទូទាត់​ឆ្លងដែន ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ថែម​ទៀត ព្រម​ទាំង​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាជន​និង​ធុរជន​នៃ​ប្រទេស​ទាំងពីរ។ MoU នេះ​គឺ​ជា​ការ​បើក​ផ្លូវ​ឱ្យ កម្ពុជា-ម៉ាឡេស៊ី ធ្វើ​ការ​ទូទាត់​ប្រាក់​តាម​រយៈ QR Code។

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា៖ «ការណ៍​នេះ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជា ពលរដ្ឋម៉ាឡេស៊ី អាច​ធ្វើការ​ទូទាត់​ដោយ​ស្កេន QR Code នៅ​ប្រទេស​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា​ក៏​អាច​ធ្វើការ​ទូទាត់​ដោយ​ស្កេន QR Code នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទៅវិញ ទៅមក​ផងដែរ ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ក្នុង​ស្រុក​សម្រាប់​ការ​ទូទាត់ ព្រម​ទាំង​បាន​ជួយ​គាំទ្រ ដល់​យន្តការ​កិច្ច​សហការ​ត្រួត​ពិនិត្យ​ការ​ទូទាត់​ឆ្លងដែន ដើម្បី​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង សុវត្ថិភាព។ MoU នេះ​ក៏​នឹង​ជួយ​សម្រួល​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍ នៃ​ប្រទេស​ទាំង ២ ផងដែរ»៕